ខេត្តបាត់ដំបង ៖ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតប្រហុក-ផ្អកមួយកន្លែង នៅផ្សារប្រហុក ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការចុះត្រួតពិនិត្យទីតាំងផលិតប្រហុក-ផ្អកនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្សារប្រហុក មានទីតាំងស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
ក្នុងការចុះត្រួតពិនិត្យទីតាំងនេះ មន្ត្រីជំនាញ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីធ្វើការវិភាគបឋមនៅនឹងកន្លែងផងដែរ ដោយពិនិត្យផ្តោតសំខាន់លើការប្រើប្រាស់សារធាតុគីមីហាមឃាត់ អនាម័យទូទៅ នៃកន្លែងផលិត កន្លែងស្តុក ច្រវាក់ផលិតកម្ម វត្ថុធាតុដើម និងផលិតផលសម្រេចផងដែរ។
ក្រោយការត្រួតពិនិត្យទីតាំងផលិតប្រហុក ផ្អកមួយកន្លែងរួចមក មន្ត្រីអធិការកិច្ចបានរកឃើញថា ៖
-ការផលិត ពុំទាន់មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្មនៅឡើយ
-ការផលិត កែច្នៃ វេចខ្ចប់ មិនទាន់បានសមស្របតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យ
-ទីតាំងផលិត មិនទាន់សមស្រប និងគ្មានអនាម័យ
-ផលិតផល ពុំទាន់អនុវត្តបានលក្ខខណ្ឌ នៃការវេចខ្ចប់។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មមកឱ្យកែតម្រូវ នូវចំណុចខ្វះខាត ដែលមន្ត្រីជំនាញបានរកឃើញ និងបានណែនាំអំពីលក្ខខណ្ឌតម្រូវមួយចំនួន ពាក់ព័ន្ធនឹងការផលិតម្ហូបអាហារ ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ។
ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានដកយកគំរូផលិតផលមួយចំនួន បញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយក ដ្ឋាន ក.ប.ប ដើម្បីធ្វើការវិភាគឡើងវិញ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សូមអំពាវនាវដល់អ្នកផលិត អ្នកកែច្នៃ ផលិតផលម្ហូបអាហារទាំងអស់ សូមផលិត និងកែច្នៃម្ហូបអាហារ អនុលោមតាម គោល ការណ៍ច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវ នានា ដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់៕