Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../អគារ សន្តិសុខមិនឲ្យប៉ូលិសចូល

ភ្លើងឆេះ…/អគារ សន្តិសុខមិនឲ្យប៉ូលិសចូល

ភ្នំពេញ ៖ ទីតាំងអគារមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសម ត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺសន្តិសុខយាមទីតាំងខាងលើ បែរជាហាមឃាត់មន្ត្រីជំនាញអគ្គិភ័យ មិនឱ្យចូលពិនិត្យផ្នែកខាងក្នុងអគារ បង្កជាទំនាស់ពាក្យសម្តី។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានអណ្តាតភ្លើងឆាប ឆេះចេញពីជាន់ផ្ទាល់ដី ក្នុងអគារមួយកន្លែង ដែលមិនទាន់មានស្លាកយីហោនៅឡើយ ភ្លាមៗនោះគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចភ្លាមៗ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍។ បន្ទាប់មកសន្តិសុខដែលដេកយាមនៅខាងមុខអគារកើតហេតុខាងលើ បាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់បឋម មុនរថយន្តពន្លត់អគ្គិភ័យចុះទៅដល់។

ក្រោយទទួលដំណឹងខាងលើនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍។ លុះមកដល់ទីតាំងកើតហេតុ ភ្លើងក៏បានរលត់វិញ មុន មន្ត្រីជំនាញបាញ់ពន្លត់ ព្រោះសន្តិសុខបានប្រើបំពង់ ឧស្ម័នបាញ់រលត់អស់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបង្ការ ពន្លត់អគ្គិភ័យ ចង់ចូលទៅត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថារលត់ទាំង ស្រុង ដើម្បីរាយការណ៍ទៅកាន់នាយការិយាល័យវិញ តែត្រូវបានរារាំងដោយសន្តិសុខដែលយាមនៅទីនោះ ទើបមន្ត្រីជំនាញបង្ខំចិត្តប្រើធម៌ក្តៅ សម្រុកចូលទៅក្នុង ដើម្បីត្រួតពិនិត្យឱ្យច្បាស់ ក៏មានការទាស់ពាក្យសម្តីរវាងសន្តិសុខ និងមន្ត្រីជំនាញអគ្គិភ័យផ្អើលទីតាំងកើតហេតុតែម្តង។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានធ្វើការសាកសួររកមូលហេតុ ទើបដឹងថា ជាងជួសជុលផ្នែកខាងក្នុង បានប្រើប្រាស់សាំងក្រអូប លាយជាមួយកាវ ដើម្បីធ្វើការបិទប៉ុង តែមិនទាន់បានបិទផង ស្រាប់តែមានការឆាបឆេះតែម្តង។

ក្រោយពេលកើតហេតុ ប្រធានសន្តិសុខ បានធ្វើការសុំទោសជំនួសសន្តិសុខដែលបានហាមឃាត់មន្ត្រីជំនាញ ដោយលើកយកមូលហេតុថា កូនចៅមិនសូវមានការយល់ដឹង ដែលបានទៅហាមឃាត់ ព្រោះវាជាទង្វើខុស ច្បាប់ ក្នុងការហាមឃាត់មន្ត្រី មិនឱ្យអនុវត្តតាមតួនាទី ទើបមានការសម្របសម្រួលគ្នា ហើយក៏បញ្ចប់ដោយសន្តិវិធី៕

RELATED ARTICLES