Friday, November 22, 2024
Homeព័ត៌មានជាតិចូលធ្វើនយោបាយខុសបក្ស មេបក្សជំនាន់ថ្មី ចោទក្រសួងអប់រំ លុបឈ្មោះគ្រូបង្រៀន

ចូលធ្វើនយោបាយខុសបក្ស មេបក្សជំនាន់ថ្មី ចោទក្រសួងអប់រំ លុបឈ្មោះគ្រូបង្រៀន

ភ្នំពេញ ៖ បន្ទាប់ពីគ្រូបង្រៀនម្នាក់ ឈ្មោះយិន ឈឿន ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ មេបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានចោទក្រសួងអប់រំ យុវជននិងកីឡា ថារើសអើងគ្រូបង្រៀនរូបនេះ ដោយសារតែចូលធ្វើនយោបាយខុសបក្ស ដោយគ្រូបង្រៀនរូបនេះ មិនព្រមចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) បែរជាចូលគណបក្សជំនាន់ថ្មី របស់លោក។

លោកមាជ សុវណ្ណា ប្រធានគណបក្សជំនាន់ថ្មី បានអះអាងថា មន្ត្រីក្រសួងអប់រំ យុវជននិងកីឡាខ្លះ ដែលជាសមាជិកបក្សកាន់អំណាច បានលួងលោមលោកយិន ឈឿន ឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចៀសការលុបឈ្មោះ ប៉ុន្តែលោកយិន ឈឿន បានបដិសេធ ហើយនៅទីបំផុត ឈ្មោះលោកត្រូវបានក្រសួង លុបចោលតែម្តង។ ប្រធានគណបក្សជំនាន់ថ្មី បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណានិងពិនិត្យលើករណីនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ជូនលោកយិន ឈឿន ព្រោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏សុទ្ធសឹងតែជាមន្ត្រីរាជការដែរ ខណៈសិទ្ធិសេរីភាពក្នុងការជ្រើសរើសនិន្នាការនយោបាយ ក៏ត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ថា “ខ្ញុំមើលឃើញហេតុផលនយោបាយច្រើនជាង ការដែលពិន័យច្បាប់ទម្លាប់ ច្បាប់ទម្លាប់ខុសទម្រង់ណា ព្រោះគាត់ទៅបង្រៀននៅវិទ្យាល័យកំពត មិនដែលអាក់ខានទេ ហើយការដោះដូរគាត់ គឺដោះដូរឲ្យទៅធ្វើនៅមន្ទីរអប់រំ ដោយមិនបានប្រាប់ដំណឹងប្រាប់អី នៅពេលឃើញគាត់ក្លាយជាប្រធានក្រុមការងារថ្នាក់ជាតិ របស់គណបក្សជំនាន់ថ្មី ប្រចាំខេត្តកំពត ហើយគាត់ក៏មានតួនាទីជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិទូទាំងប្រទេស នៃគណបក្សជំនាន់ថ្មីទៅទៀត ។ អ៊ីចឹងខ្ញុំថា ការអនុវត្តច្បាប់នេះ ហាក់បីដូចជាមានការលម្អៀង រើសអើងនិន្នាការបក្ស ។ យើងឃើញបុគ្គលិកមន្រ្តីជាន់ខ្ពស់ ពីថ្នាក់ក្រោម ដល់ថ្នាក់កំពូល គឺថាបើគាត់គាំទ្រគណបក្សប្រជាជនកម្ពុជា គឺថាមិនត្រូវបានដកចេញពីក្របខ័ណ្ឌទេ ប៉ុន្តែបើចេញទៅចូលរួមសកម្មភាព ឬក៏ធ្វើជាអ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល ខ្ញុំតែងតែឃើញមានហេតុផលបែបរើសអើងនយោបាយ ទៅជាយកលេសក្នុងការដកក្របខ័ណ្ឌ ហើយយើងក្នុងនាមជានិស្សិតបញ្ញវន្តដែលខំរៀនដល់ថ្នាក់អនុបណ្ឌិត បានទៅបណ្ឌិត ហើយក្លាយទៅជាសាស្រ្តាចារ្យបង្រៀន យើងស្ដាយធនធានមនុស្ស ខណៈដែលយើងយកការរើសអើងនិន្នាការនយោបាយមកច្រឡូកច្រំឡំជាមួយនឹងអ្នកចេះជាបញ្ញវន្ត សម្រាប់ជួយពង្រីក ជួយបង្រៀនដល់និស្សិត ដល់សិស្សជំនាន់ក្រោយៗនោះ អានោះហើយជាចំណុចដែលធ្វើឲ្យបក្សជំនាន់ថ្មី មើលឃើញថា ហាក់បីដូចជាប្រើនូវឥទ្ធិពលនយោបាយ ជាងលក្ខណៈបច្ចេកទេស ឬក៏ខុសវិន័យ ខុសច្បាប់“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ហើយក្រសួងអប់រំនោះ ជាពិសេសរដ្ឋមន្រ្តីនោះ តើមានការស៊ើបអង្កេតស្រាវជ្រាវបែបណា តាមគណៈកម្មការវាយតម្លៃហ្នឹង ទៅនឹងអ្វីដែលសាស្រ្តាចារ្យ យិន ឈឿន ហ្នឹង ដែលបានដកក្របខ័ណ្ឌគាត់នោះ ។ ឥឡូវហ្នឹងឃើញថា ថ្ងៃ២៧ ខែតុលា គឺថាលោកគ្រួ យិន ឈឿន ហ្នឹង គាត់នឹងតវ៉ាក្ដីនៅប្រព័ន្ធតុលាការ ប៉ុន្តែខ្ញុំមើលទៅ យើងមិនទាន់ដឹងថា តើអាចធានានិងយុត្តិធម៌សម្រាប់គាត់យ៉ាងណា ប៉ុន្តែយ៉ាងហោចណាស់ក៏វាអាចបង្ហាញដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ឲ្យដឹងថា តើក្របខ័ណ្ឌគ្រូនេះ ម៉េចក៏វាផុយស្រួយម្ល៉េះ សម្រាប់អ្នកប្រជាធិបតេយ្យ គណបក្សក្រៅរដ្ឋាភិបាល ហើយក៏វាល្អប្រសើរម៉្លេះ បើចូលគណបក្សប្រជាជន គឺថាក្របខ័ណ្ឌមិនត្រូវបានដកលុបចោល? អានេះជាបញ្ហាដែលខ្ញុំសួរទៅវិញ“ ។

មេបក្សជំនាន់ថ្មី បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំមិនមានអ្វីតតាំងទេ អាហ្នឹងនៅលើសាមីខ្លួន ប៉ុន្តែក្នុងនាមយើងជាថ្នាក់ដឹកនាំកំពូល នៃគណបក្សជំនាន់ថ្មី យើងសម្ដែងការសោកស្ដាយ យើងសម្ដែងការឈឺចាប់តាមបែបអហិង្សា ហើយយើងនឹងដោះស្រាយតាមសន្តិវិធី ។ ការដកក្របខ័ណ្ឌរដ្ឋមួយៗនេះ វាដូចជាផុយស្រួយពេក ហើយយើងផ្ដេកផ្ដួលទៅនឹងនិន្នាការគណបក្សនយោបាយ ខ្ញុំថាត្រូវតែមានការតតាំងគ្នាស្មើមុខស្មើមាត់ នៅចំពោះមុខច្បាប់ អត់អាចប្រើអំណាចណាដែលយើងទៅយកហេតុផលមិនអាចទទួលយកបាន ព្រោះវត្តមានរបស់លោកយិន ឈឿន ហ្នឹង គឺថាគាត់មិនដែលអវត្តមានក្នុងការទៅបង្រៀន ហើយយកផ្លាស់ប្ដូរគាត់ទៅមន្ទីរអប់រំ គាត់ថាត្រូវការតវ៉ាអីសិន គឺដកមិនមានការប្រាប់ មិនមានការអីអ៊ីចឹង តាមចិត្តនឹកឃើញ ដែលគាត់បង្រៀនបួនដប់ឆ្នាំមកហើយ អាហ្នឹងហើយជាបញ្ហា“ ។

គួរបញ្ជាក់ថា លោក យិន ឈឿន បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី បានប្រមាណជា ៤ខែ ក្នុងរយៈពេលនោះ លោកត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ខេត្តកំពត នៃគណបក្សជំនាន់ថ្មី ផងដែរ ក្នុងពេលដែលលោកនៅជាគ្រូបង្រៀនម្នាក់ និងនៅបើកប្រាក់បៀវត្សរ៍ជាធម្មតា ។

ទោះបីជាយ៉ាងណា ចូលមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលុបឈ្មោះលោកយិន ឈឿន គ្រូបង្រៀនឯកទេសប្រវត្តិវិទ្យា នៅវិទ្យាល័យហ៊ុន សែន ត្រសេកកោង ក្នុងខេត្តកំពត ចេញពីក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្ដមសិក្សា ក្រោមហេតុផលថា សាមីខ្លួនបោះបង់ពីការងារ បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ជិតកន្លះឆ្នាំ។

យោងតាមប្រកាស ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លោកយិន ឈឿន ជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេសប្រវត្តិវិទ្យានៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមហេតុផលសាមីខ្លួនបោះបង់ការងារ។

ទាក់ទងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា ខាងលើនេះ លោកយិន ឈឿន ជាសាមីខ្លួន បានបញ្ជាក់ថា លោកមិនបានបោះបង់ការងារទេ ។ លោកបានរំលឹកថា មន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពត កាលពីថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤ បានផ្លាស់ប្ដូរលោកពីគ្រូបង្រៀន ឱ្យទៅជាបុគ្គលិកនៅមន្ទីរ ទាំងលោកមិនបានស្នើសុំ និងមិនមានហេតុផលច្បាស់លាស់ចំពោះការផ្លាស់ប្ដូរនេះ។ ក្រោយពេលផ្លាស់ប្ដូរហើយ លោកមិនទៅបំពេញការងារ ប្រធានមន្ទីរស្ដីទី បានហៅលោកទៅសាកសួរអំពីការអវត្តមាននោះ។ លោកបញ្ជាក់ថា ការដែលមិនទៅបំពេញការងារនៅមន្ទីរអប់រំខេត្ត ដោយសារខុសពីឆន្ទៈរបស់លោកដែលចង់ធ្វើជាគ្រូបង្រៀន មិនមែនចង់ធ្វើជាបុគ្គលិកនៅមន្ទីរអប់រំឡើយ។ ដូច្នេះហើយ ទើបលោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពត ដើម្បីស្នើសុំដីការក្សាការពារឋានៈជាគ្រូបង្រៀនរបស់លោក ឱ្យនៅដដែល ហើយតុលាការ បានចេញដីកាកោះហៅឱ្យចូលទៅតុលាការ នៅថ្ងៃទី២៣ តុលា ២០២៤។ ប៉ុន្តែយ៉ាងណា ក្រសួង បានចេញសេចក្ដីប្រកាសលុបឈ្មោះលោកចេញពីក្របខ័ណ្ឌ នៅមុនពេលលោកចូលតុលាការ មួយថ្ងៃ ។ លោកចាត់ទុកការលុបឈ្មោះលោកចេញពីក្របខ័ណ្ឌបែបនេះ ជាការបំពានសិទ្ធិដ៏ធ្ងន់ធ្ងរទៅលើរូបលោក ។

លោកយិន ឈឿន បានបញ្ជាក់បន្ថែមថា គ្រាន់តែលោកចូលរួមជីវភាពនយោបាយជាមួយបក្សជំនាន់ថ្មី បែរជាមន្ទីរអប់រំ យុវជននិងកីឡាខេត្ត សម្រេចផ្ទេរលោកទៅធ្វើការនៅមន្ទីរអប់រំខេត្តភ្លាមៗ ក្នុងពេលដែលលោកមិនបានស្នើសុំផ្លាស់ប្ដូរតួនាទីឡើយ។ មួយវិញទៀត ចាប់តាំងពីលោកចូលបង្រៀននៅវិទ្យាល័យ ក្នុងឆ្នាំ២០២២ រហូតមកដល់ពេលនេះ លោកមិនបាននិយាយពីរឿងនយោបាយ ជាមួយសិស្សានុសិស្សនោះទេ ហើយលោកក៏បានបំពេញការងារជាប់លាប់ និងគោរពតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ដោយមិនដែលបំពានឡើយ។ ម្យ៉ាងទៀត ក្នុងលិខិតដែលក្រសួងថាលោកបោះបង់ការងារ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដែលទើបតែរដ្ឋមន្ត្រី ចុះហត្ថលេខា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គឺធ្វើឡើងក្នុងពេលដែលលោកបានបំពេញការងារជាគ្រូបង្រៀន យ៉ាងត្រឹមត្រូវ ដោយបានឧទ្ទេសនាមជាអ្នកកែវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ថែមទៀតផង កាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅនេះ។ ដូច្នេះត្រង់ចំណុចនេះ ជាភស្ដុតាងថា លោកមិនបានបោះបង់ការងារ តួនាទីគ្រូបង្រៀនរបស់ខ្លួន ដូចហេតុផលរបស់ក្រសួងអប់រំ លើកឡើងនោះទេ។

ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានទេ កាលពីមិញ ។

ដោយឡែក អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងថា នេះមិនមែនជាករណីថ្មីទេ ព្រោះកាលពីជំនាន់រំលាយគណបក្សសង្គ្រោះជាតិ ក៏មានគ្រូបង្រៀន ជាច្រើន ត្រូវបានក្រសួងអប់រំ សម្រេចលុបឈ្មោះពីក្របខ័ណ្ឌដែរ។ អ្នកស្រីយល់ថា នេះជាស្ដង់ដាពីរ ដែលអនុវត្តចំពោះគ្រូបង្រៀនដែលមាននិន្នាការបក្សនយោបាយខុសៗគ្នា។ ពោលគឺអ្នកស្រីសង្កេតឃើញថា ឱ្យតែគ្រូបង្រៀនដែលមាននិន្នាការផ្ទុយនឹងបក្សកាន់អំណាច ក្រសួង តែងតែមានលេសដើម្បីលុបឈ្មោះគ្រូបង្រៀនចេញពីក្របខ័ណ្ឌរដ្ឋ។

ជាមួយគ្នានោះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មើលឃើញថា ករណីលោក យិន ឈឿន ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញនេះ ប្រសិនជាក្នុងលក្ខខណ្ឌដែលលោកយិន ឈឿន ចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ហើយថែមទាំងមិនបង្ហាញហេតុផលសមរម្យថា គ្រូបង្រៀនរូបនេះ បានប្រព្រឹត្តកំហុសអ្វីធ្ងន់ធ្ងររហូតត្រូវបានបាត់បង់ការងារ ដូច្នេះករណីលោក យិន ឈឿន នេះ ជាការរើសអើងពលរដ្ឋក្នុងការចូលរួមជាមួយគណបក្សនយោបាយ។ មូលហេតុដែលលោកអះអាងថា ករណីលោកយិន ឈឿន ជាការរើសអើង ដោយសារយោងតាមច្បាប់រដ្ឋធម្មនុញ្ញ ទាំងជាតិនិងអន្តរជាតិ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ បន្ថែមពីនេះ មិនថាករណីលោក យិន ឈឿន ឬករណីមន្ត្រីរាជការផ្សេងទៀតឡើយ លោកថា ច្បាប់ត្រូវបានការពារពួកគេ ទោះបីមន្ត្រីរាជការទាំងនោះមានទំនោរកាន់គណបក្សណាក៏ដោយ ហើយក៏មិនមានការរើសអើង ឬក៏បញ្ឈប់ពួកគេ ដោយសារការចូលរួមជីវភាពនយោបាយជាមួយគណបក្សផ្សេងដែរ ៕ កុលបុត្រ

RELATED ARTICLES