ខេត្តកំពង់ស្ពឺ ៖ ក្រុមកម្មករលាងម៉ូតូ ១ក្រុម បានបែកគំនិតនាំគ្នាដឹកជញ្ជូននិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ចុះឃាត់ខ្លួន សរុបចំនួន៥នាក់ ដកហូតវត្ថុតាង គ្រឿង ញៀន ចំនួន១៤កញ្ចប់ ខណៈដែលក្រុមជនសង្ស័យខាងលើ កំពុងតែប្រមូលផ្តុំគ្នាចរាចរណ៍គ្រឿងញៀន។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគង់ ចាន់រតនៈវង្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។ ទី២-ឈ្មោះហួរ គីមម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន។ ទី៣-ឈ្មោះនុយ ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន។ ទី៤-ឈ្មោះឆុម គុណវឌ្ឍន៍ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន និងទី៥-ឈ្មោះកែវ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី។
តាមប្រភពមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៥នាក់ ដែលពាក់ព័ន្ធករណីដឹកជញ្ជូន ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន។
ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនបាន កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានដកហូតវត្ថុតាងរួមមាន ម៉ូតូ ចំនួន៣គ្រឿង និងក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១៤កញ្ចប់ (តូច១១កញ្ចប់ និងធំ៣កញ្ចប់)។
ក្រុមជនសង្ស័យទាំង៥នាក់ខាងលើ រួមជាមួយវត្ថុតាង គ្រឿងញៀន ចំនួន១៤កញ្ចប់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕