ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗ បានជិះម៉ូតូ ១គ្រឿង ចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង និងមិនឃើញវិលត្រឡប់មកវិញ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកអស់ ១សប្តាហ៍ទៅហើយ នៅតែគ្មានដំណឹង ទើបសម្រេចកាន់រូបថតមកដាក់ពាក្យបណ្តឹងសុំ អន្តរាគមន៍ពីសមត្ថកិច្ច។
យុវតីដែលបាត់ខ្លួន មានឈ្មោះឯក អមរ៉ា អាយុ១៧ឆ្នាំ មានលំនៅ ផ្ទះលេខ១៤ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះអា ណាព្យាបាល នៅមិនទាន់ទទួលដំណឹងនៅឡើយ។
តាមប្រភពពីក្រុមគ្រួសាររបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កូនស្រីរបស់គាត់ ឈ្មោះឯក អមរ៉ា ដែលទើបនឹងមានអាយុ១៧ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះ ជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ហើយរហូតមក ដល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកវិញនៅឡើយ និងគ្មានដំណឹងទាល់តែសោះ។
ដោយសារតែបាត់ដំណឹងកូនស្រីជាច្រើនថ្ងៃ នៅតែតាមរកមិនឃើញ ទើបក្រុមគ្រួសារបាន កាន់រូបថតកូនស្រី ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រី ត្រឡប់មកផ្ទះវិញ។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញ និងស្គាល់ក្នេងស្រីដែលមានភិនភាគដូចរូបថតនេះ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកគ្រួសារដោយអនុគ្រោះ តាមរយៈលេខទូរស័ព្ទ ០៨៨ ៨១៧៨ ១៩២ និងលេខ ០៩៧ ៦៨៦៤ ១៣២៕