Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអុ.../ជធូបសែនថ្ងៃសីល ឆេះ.../ផ្ទះ

អុ…/ជធូបសែនថ្ងៃសីល ឆេះ…/ផ្ទះ

ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះពិតានជាន់ឡៅតឿ ខូចខាតសម្ភារៈអស់មួយបន្ទប់ទាំងស្រុង ខណៈម្ចាស់ផ្ទះបានអុជធូបសែនថ្ងៃសីល រួចចេញពីផ្ទះបាត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងលេខ 01L ស្ថិតនៅភូមិព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈ្មោះស្រី ពៅ អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវអនឡាញ ស្នាក់នៅផ្ទះកើត ហេតុ។

តាមប្រភពម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដុតធូបសែនព្រេននៅលើអាសនៈ ក្នុងបន្ទប់ជាន់ឡៅតឿ រួចបានចេញទៅធ្វើការបាត់ និងហើយក៏មានអ្នកនៅផ្ទះធ្វើការជាន់ខាងក្រោមដែរ។ លុះមួយសន្ទុះក្រោយមក អ្នកនៅផ្ទះបានទូរស័ព្ទប្រាប់គាត់ថា ភ្លើងឆេះផ្ទះ ភ្លាមៗគាត់ប្រញាប់ចេញពីកន្លែងធ្វើការ ត្រ ឡប់មកផ្ទះវិញតែម្តង ពេលមកដល់អគ្គិភ័យកំពុងឆាបឆេះសម្ភារៈបន្ទប់ជាន់ឡៅតឿ អស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅ ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ឆេះខូចខាតបន្ទប់ឡៅតឿ ចំនួន១បន្ទប់ និងខូចខាតសម្ភារៈ រួមមាន ម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង កុំព្យូរទ័រចំនួន២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឱ្យរលត់ទាំងស្រុង នៅវេលាម៉ោង១០ព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីការអុជធូបទៀនទុកចោល បង្កជាអគ្គិភ័យ។ យ៉ាងណា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES