ខេត្តបាត់ដំបង ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារ ព្រែកទាល់ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង តាមដានសកម្មភាពសត្វស្លាបទឹក ដែលកំពុងកើនឡើង។

ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារ ព្រែកទាល់ បានចុះអង្កេតតាមដានសកម្មភាពសត្វស្លាបទឹក រួមមាន ប្រភេទសត្វទុងប្រផេះ ចង្កៀលខ្យង និងសត្វត្រដក់។ ជាលទ្ធផលក្រុមការងារសង្កេតថា មានប្រភេទសត្វទុងប្រផេះ និងចង្កៀលខ្យង បន្តចុះមកបន្តពូជពងកូនជាបន្តបន្ទាប់ នៅក្នុងតំបន់រ៉ាមសារ ព្រែកទាល់។

ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី២៦ ខែតុលាថ្មីៗនេះ បានលែងសត្វស្លាប ជាង២០ក្បាល ឱ្យចូលព្រៃធម្មជាតិវិញ ក្នុងឧទ្យានជាតិប ទុមសាគរ ភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ចំពោះសត្វស្លាបដែលលែងឱ្យចូលព្រៃធម្មជាតិវិញ រួមមាន ៖ ១-សត្វមាន់ទឹក ចំនួន ១១ក្បាល និង២-សត្វក្លុំ ចំនួន ៩ក្បាល។ ដោយឡែកសត្វក្លុំងាប់ ចំនួន២ក្បាល ក្រុមការងារបានធ្វើការកប់ចោល នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ៕



