Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៣០០នាក់ ស្នើអាជ្ញាធរចរចាបើកច្រកព្រំដែនព្រៃវល្លិ

ពលរដ្ឋ៣០០នាក់ ស្នើអាជ្ញាធរចរចាបើកច្រកព្រំដែនព្រៃវល្លិ

ខេតស្វាយរៀង ៖ ប្រជាពលរដ្ឋ និងអាជីវករប្រមាណ៣០០នាក់ នៅចំណតកាណូតប្រឡាយទាហានស្លាប ច្រក ទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ ស្ថិតនៅភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានបន្តទទូចស្នើសុំអា ជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល ចរចាបើកច្រកទ្វារព្រំដែនផ្លូវទឹកប្រឡាយទាហាន (ខេត្តស្វាយរៀង)-បេនហ៊ីប (ខេត្តឡុងអាន) បន្ទាប់ពីមានការបិទអស់រយៈពេលជិត ១០ខែកន្លងមក។

តាមប្រភពពីតំណាងប្រជាពលរដ្ឋ បាននិយាយកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា ពួកគាត់បានបន្តស្នើសុំយ៉ាងទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយពិនិត្យចរចាបើកច្រកព្រំដែនផ្លូវទឹក នៃច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិឡើងវិញ ខណៈច្រកទ្វារព្រំដែនផ្លូវទឹកមានតែមួយគត់ ក្នុងខេត្តស្វាយរៀង ដែលអាជីវករខ្មែរបានបង្កើតចំណតទូកកាណូត នាំទំនិញចេញទៅប្រទេសវៀតណាម ជាពិសេសផលិតផលស្រូវ ដែលអាជីវករបានដើរប្រមូលទិញពីបណ្តាខេត្តនានាទូទាំងប្រទេស នាំចេញទៅប្រទេសវៀតណាម។

ប្រភពខាងលើ បន្តថា បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវទឹកនេះ អស់រយៈពេលជាង៧ខែមកហើយ និងបង្ក ផលប៉ះពាល់ដល់អាជីវករ និងកម្មករប្រមាណជាង៨០០នាក់។ បើតាមតំណាងប្រជាពលរដ្ឋ កន្លងមកការនាំស្រូវចេញទៅប្រទេសវៀតណាម ក្នុង១ថ្ងៃ ចន្លោះ៥ពាន់តោន ទៅ១ម៉ឺនតោន គឺបានជួយដល់កម្មករខ្មែរ ដែលបម្រើ ការនៅបេនកាណូត ចំនួនជាង៨០០នាក់ ដោយក្នុងម្នាក់ៗអាចរកចំណូលបានចន្លោះពី៧ម៉ឺន ទៅ១៥ម៉ឺនរៀល ក្នុង១ថ្ងៃ។

តំណាងប្រជាពលរដ្ឋ បន្តទៀតថា កន្លងមកពួកគាត់បានយកសំណើទៅដាក់នៅតាមមន្ទីរពាក់ព័ន្ធ រួមទាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងបន្តទៅសាលាខេត្តស្វាយរៀង និងរហូតដល់សម្តេចប្រមុខរាជរដ្ឋាភិបាល ដើម្បីចរចាដោះស្រាយបើកច្រកទ្វារព្រំដែនផ្លូវទឹក ប្រឡាយទាហានឡើងវិញ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីសាលាខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហាទាំងអស់នេះស្ថាប័នជំនាញបានធ្វើការទំនាក់ទំនងទៅស្ថានកុងស៊ុលកម្ពុជា ដែលប្រចាំការនៅទីក្រុងហូជីមិញ ដើម្បីធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះរួចហើយ តែខាង ភាគីវៀតណាម នៅពុំទាន់មានការឆ្លើយតបមកខាងកម្ពុជា ទេ រហូតមកដល់ពេលនេះ។

ចំណែកលោកប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា លោកបានទទួលព័ត៌មាននេះហើយ  ហើយមិនមែនខាងខ្មែរ ជាអ្នក បិទនោះទេ គឺខាងភាគីវៀតណាម ជាអ្នកបិទ។ លោកថា កន្លងមក គឺខាងអភិបាលខេត្តស្វាយរៀង និងមន្ត្រីស្ថាប័នពាក់ព័ន្ធ បានទៅប្រជុំនៅវៀតណាម ហើយពាក់ព័ន្ធករណីនេះ សម្រាប់ព័ត៌មានបន្ថែម អាចសួរទៅខាងសាលាខេត្តស្វាយរៀង៕

RELATED ARTICLES