ភ្នំពេញ ៖ បុរសម្នាក់ បានឡើងមកពីស្រុកកំណើត ធ្វើការនៅភ្នំពេញ ត្រូវថៅកែជំពាក់ប្រាក់ខែ មិនទាន់បើកឱ្យ លុះខឹងរឿងថៅកែសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញ ក៏បែកគំនិតលួចចាប់កូនឆ្កែរបស់ថៅកែ យកទៅស្រុក ដើម្បីជាថ្នូរនឹងការទាមទារឱ្យថៅកែបើកលុយឱ្យខ្លួន ទីបំផុតត្រូវថៅកែស្រីប្តឹងសមត្ថកិច្ចចាប់ ឃាត់ខ្លួន ជាហេតុធ្វើឱ្យក្រុមគ្រួសារភាគីកម្មករ កើតទុក្ខមិនសុខចិត្ត ទទូចទាមទាររកយុត្តិធម៌។
ករណីកម្មករលួចកូនឆ្កែថៅកែ ខាងលើនេះ បានកើតឡីង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនយុវជនជាកម្មករ ដល់ស្រុកកំណើតឯខេត្ត ក្រចេះ រួចបញ្ជូនមករាជធានីភ្នំពេញ។
ភាគីដើមបណ្តឹងដែលជាថៅកែ មានឈ្មោះចន្ធូ ហៅចែម៉ី មុខរបរម្ចាស់ក្រុមហ៊ុនផ្គង់ផ្គង់ផលិតផលជម្រាបទឹក ស្នាក់នៅតាមផ្លូវហាណូយ ជិតវត្តឃ្មួញ ខណ្ឌសែនសុខ។ ចំណែកភាគីចុងចោទ ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន មានឈ្មោះ ណន សុខហេង ហៅតឿ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តក្រចេះ។
តាមប្រភពសាច់ញាតិកម្មករឈ្មោះ ណន សុខហេង ហៅតឿ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណន សុខហេង បានឡើងពីស្រុកកំណើត ឯខេត្តក្រចេះ ទៅធ្វើការនៅភ្នំពេញ ជា មួយថៅកែស្រីឈ្មោះចន្ធូ ហៅចែម៉ី ។លុះក្រោយមក ស្រាប់តែថៅកែ បានជំពាក់ប្រាក់ខែ ចំនួន២ខែ សរុបជាទឹកប្រាក់ប្រមាណ ៦០ម៉ឺនរៀល លុះពេលជនរងគ្រោះព្យាយាមសួរនាំនិងសុំបើកប្រាក់ខែ ថៅកែចេះតែឆ្លើយសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញ។ ក្រោយមក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ថៅកែបានទូរ ស័ព្ទ ហៅជនរងគ្រោះ ឱ្យឡើងទៅបើកលុយនៅឯក្រុងព្រះសីហនុ តែពេលទៅដល់ខេត្តព្រះសីហនុ ថៅកែ បែរជាទូរស័ព្ទឱ្យមកភ្នំពេញ ដើម្បីបើកលុយវិញ ហើយជនរងគ្រោះក៏ត្រឡប់មកពីខេត្តព្រះសីហនុ លុះមកដល់ភ្នំពេញ ជួបថៅកែប្រុសដែលជាជនជាតិចិន បែរជាថៅកែប្រុស មិននិយាយរក ធ្វើព្រងើយកន្តើយ មិនបើកលុយឱ្យ ជាហេតុធ្វើឱ្យជនរងគ្រោះខឹង ក៏បែកគំនិតលួចកូនឆ្កែរបស់ថៅកែ ដោយគ្រាន់តែមានបំណងយកកូនឆ្កែនោះមកទុក ដើម្បីជាថ្នូរនឹងសុំឱ្យថៅកែបើកលុយប្រាក់ខែឱ្យប៉ុណ្ណោះ។
ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ បានចាប់យកកូនឆ្កែរបស់ថៅកែនោះ ឡើងមកស្រុកកំណើត ឯខេត្តក្រចេះ រួចហើយជនរងគ្រោះ បានទាក់ទងផ្តល់ដំណឹងឱ្យថៅកែស្រី តាមរយៈតេ ឡេក្រាម ថាខ្លួនបានយកកូនឆ្កែនោះមកហើយ និងសុំឱ្យថៅកែបើកលុយឱ្យខ្លួនមក នោះខ្លួននឹងយកកូនឆ្កែនោះប្រគល់ឱ្យវិញ ជាហេតុធ្វើឱ្យកើតមានការទាក់ពាក្យសម្តីគ្នាតាមឆាត រហូតថៅកែស្រី ព្រមានដល់ជនរង គ្រោះទៀតផងថា ប្រសិនបើមិនយកកូនឆ្កែឱ្យគាត់វិញទេ នោះនឹងមានបញ្ហាមួយគ្រួសារតែម្តង តែជនរងគ្រោះនៅតែទទូចសុំឱ្យថៅកែបើកលុយឱ្យខ្លួន នោះខ្លួននឹងប្រគល់កូនឆ្កែឲ្យវិញហើយ។
ប្រភពខាងលើ បបន្តថា លុះមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថៅកែស្រី បានដាក់ពាក្យបណ្តឹងចូលទៅសម ត្ថកិច្ចខណ្ឌសែនសុខ ហើយឈានដល់ការចុះឃាត់ខ្លួនជនរងគ្រោះដល់ផ្ទះឯខេត្តក្រចេះ រួចនាំត្រឡប់មកភ្នំ ពេញ ដោយគិតរហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រុមគ្រួសារមិនទាន់ទទួលបានដំណឹងនៅឡើយថា ជនរងគ្រោះកំពុងត្រូវបានឃុំខ្លួននៅទីកន្លែងណាឱ្យពិតប្រាកដ សុខទុក្ខយ៉ាងណាក៏មិនដឹង។ ហេតុនេះក្រុមគ្រួសារ ស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង។
ជុំវិញករណីខាងលើនេះ ភាគីថៅកែស្រី បានបញ្ជាក់តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា “មានគិតអត់ថា ហេតុអីបានជាលុយយើងប៉ុណ្ណឹង គេមិនបើកឱ្យ? (មិនមែនមិនបើកឱ្យ តែឱ្យរង់ចាំ) យើងធ្វើឱ្យក្រុមហ៊ុនគេខាតបង់ដោយសារយើង គឺយើងមានទោសមួយបាត់ទៅហើយ ថែមទាំងគេមិនយក ទោសពៃរ៍យើងផង តែយើងមកសាង ទោសបន្ថែមមួយទៀត ហើយដើរនិយាយបំផ្លើសពីការពិតថា គេមិនបើកលុយឱ្យ ទាំងដែលគេបើកឱ្យហើយពាក់កណ្តាល លុយដែលនៅសេសសល់ គេឱ្យយើងរង់ចាំ តែយើងមិនព្រមរង់ចាំ ហើយថែមទាំងលួចរបស់គេទៀត ធ្វើឱ្យគេមិនអាចលើកលែងឱ្យបាន អ្វីៗសុទ្ធតែយើងសាងឡើងដោយខ្លួនឯងទេ។ ការដែលយើងលួចរបស់គេ គឺសុទ្ធតែមានទោស គេមិនចង់យកទោសយើងទេ តែយើងនៅតែរឹងរូស អញ្ចឹងឱ្យច្បាប់ជាអ្នកដោះស្រាយទៅ។ សត្វខ្ញុំចិញ្ចឹម ខ្ញុំស្រលាញ់ដូចកូន ដូចចៅ សូមកុំប៉ះពាល់!…”។
បន្ទាប់មកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថៅកែស្រីខាងលើ បានសរសេរបន្ថែមថា “ខ្ញុំសុំសួរបន្តិច បងប្អូន ពូមីង ជាកម្មករ បងបើកឡាន អ៊ីធ្វើបាយ ដែលធ្វើការនៅកន្លែងខ្ញុំទាំងអស់គ្នា តើចាប់តាំងពីបងប្អូនមកធ្វើការកន្លែងខ្ញុំ អ្នកខ្លះធ្វើច្រើនឆ្នាំហើយ តើដែលពិបាកបើកលុយប្រាក់ខែទេ? ខ្ញុំមានដែលឱ្យលុយខ្ចីរាល់ខែដែរឬទេ? នៅកន្លែងធ្វើការ ពេលខ្ញុំទៅ ខ្ញុំដែលទិញភេសជ្ជៈឱ្យហូបដែរទេ? ធ្វើការមានហ្វ្រីបាយទឹក ៣ពេលដែរទេ? សុំសួរបញ្ជាក់ម្តងទៀត ដែលពិបាកបើកលុយឬអត់? ខ្ញុំដែលអ្នកជំពាក់ប្រាក់ខែអ្នកទាំងអស់គ្នាឬអត់? និងអ្នកដែលស្គាល់កន្លែងខ្ញុំ ធ្លាប់មកធ្វើបាន ២-៣ថ្ងៃ សុំឈប់ ខ្ញុំមានបើកលុយឱ្យទេ? ឈ្មោះ ណន សុខហេង កន្លែងធ្វើការយើង ហៅអាតឿ ខ្ញុំនៅជំពាក់វា ២៨ម៉ឺនរៀល ខ្ញុំឱ្យវាមកបើកនៅថ្ងៃទី២៧ ខែ៩ ឆ្នាំ២០២៤ តែវាមិនមកទេ រហូត ដល់ថ្ងទី៦ ខែ១០ ឆ្នាំ២០២៤ វាឡើងមកដោយខ្លួនឯង ខ្ញុំមិនដឹងវាទារបើកប្រាក់ខែ សម្តីវាពេលនិយាយជាមួយខ្ញុំ អាក្រក់ស្តាប់ណាស់ តែដោយសារខ្ញុំមិននៅឃ្លាំង ខ្ញុំបានឱ្យវាចាំខ្ញុំត្រឡប់មកវិញ រហូតដល់ជិតយប់ ខ្ញុំមិនទាន់មកដល់ផង វាក៏លួចឆ្កែទៅបាត់ ដូចដែលយើងគ្រប់គ្នាបានដឹង។ រហូតដល់ឥឡូវ ប៉ូលិសចាប់វា បងប្អូនសាច់ ញាតិវាកើតទុក្ខមិនសុខចិត្ត ក៏បានទៅរកសារព័ត៌មាន ឱ្យគេផ្សាយ វានិយាយថា ខ្ញុំអត់បើកលុយឱ្យវា រហូតដល់២ខែ វានិយាយបំពានបំផ្លើសពីការពិតទាំងស្រុង ដោយមិនខ្លាចបាប ចុះនរក គឺវានិយាយយកតែល្អខ្លួនវាទាំង ស្រុង។ មនុស្សយើងសាងទោស ជាប់ទ្រុង សាងបាប ចុះនរក…”។
ថៅកែស្រីដដែល បានបន្តថា “វាលួចឆ្កែទៅហើយ ដល់គេមានកាមេរ៉ាចាប់បាន វាយកលេសថា ចាប់ឆ្កែជាថ្នូរដូរប្រាក់ខែ ពេលវាលួច វាអត់ដឹងថា ឃ្លាំងមានកាមេរ៉ាទេ ពេលប៉ូលិសតេទៅសុំឱ្យយកឆ្កែដូរឱ្យខ្ញុំវិញ វាសម្លុតប៉ូលិសទៀត គេឱ្យយកឆ្កែមកដូរលុយ នៅខ្វះគេតម្កល់ទុក នៅប៉ុស្តិ៍ប្រគល់ឱ្យវាវិញ តែវានៅតែយកឆ្កែទៅ ហើយថាចាប់ជាថ្នូរ ល្បិចវា ១០០ជំពូក…”។
ដោយឡែក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថៅកែស្រីខាងលើ បានសរសេរបន្ថែមទៀតថា “បុងធ្វើការប្រចាំខែ៨ ត្រូវបើកលុយដើមខែ៩ ហើយវាធ្វើការដល់ថ្ងៃទី៦ ខែ៩ ថ្ងៃទី៧ ខែ៩ វាឈប់ពីការងារ ដោយមិនផ្តល់ដំណឹង នៅថ្ងៃទី៧ ខែ៩ដដែល ពេលរសៀល វាមកបើកលុយ បើកឱ្យវា នៅខ្វះវា ២៨ម៉ឺនរៀល និងលុយដើមខែថ្មី ៦ថ្ងៃ មិនទាន់ដល់ថ្ងៃបើក (ត្រូវបើកនៅដើមខែ១០) ក្រោយមក ណាត់ឱ្យវាឡើងមកបើកនៅថ្ងៃ២៧ ខែ៩ តែវាមិនព្រមមកបើក។ ឥឡូវមីក្មេងតូច វានិយាយថា ខ្ញុំមិនបើកលុយឱ្យបងវា តាំងពីខែ៧ ដល់ខែ១០ កុំសាងបទល្មើសឱ្យកាន់តែធ្ងន់ទៅៗអី បងរបស់ក្មេងតូចឯង មានបទល្មើល លើសពីលួច ទើបគេធ្វើតាមច្បាប់ ហើយឥឡូវអ្ហែងមកសាងឡើងឱ្យកាន់តែច្រើនថែមទៀត បើបងប្តឹងទៀត កុំថាបងគ្មានធម៌មេត្តា ABA បាញ់លុយបើកឱ្យវា នៅថ្ងៃទី៧ ខែ៩ បាញ់លុយរួច វាឡើងទៅផ្ទះបាត់ ហើយវានិយាយថា ភ្ជុំ អត់បានទៅផ្ទះ…”។
ជុំវិញរឿងវិវាទដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមភាគីទាំងសងខាងបាននៅទេ កាលពីម្សិលមិញ ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕