Monday, July 7, 2025
Homeព័ត៌មានជាតិអត់​លុយ​ដណ្តឹង​ប្រពន្ធ បញ្ចាំ​ម៉ូតូ រួច​គំរាម​ទារ​ម៉ែ​ថែម​២​ពាន់​ដុល្លារ

អត់​លុយ​ដណ្តឹង​ប្រពន្ធ បញ្ចាំ​ម៉ូតូ រួច​គំរាម​ទារ​ម៉ែ​ថែម​២​ពាន់​ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ចាប់ចិត្តស្រលាញ់កូនក្រមុំគេ តែគ្មានប្រាក់ចូលស្តីដណ្តឹង ក៏បែក គំនិតយកម៉ូតូប្អូនស្រីបង្កើតរបស់ខ្លួនទៅដាក់ បញ្ចាំ រួចទូរស័ព្ទគំរាមទារប្រាក់ពីម្តាយចំនួន២ ពាន់ដុល្លារថែមទៀត តែត្រូវក្រុមគ្រួសារល្បួង ណាត់ជួប ចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលា ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

ជនបង្កហេតុនោះ មានឈ្មោះសន សីហា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមាន ស្រុកកំណើតនៅភូមិថ្មី ខេត្តកំពត។

តាមសម្តីបុរសឈ្មោះសន មករា អាយុ ៣១ឆ្នាំ មុខរបរជាងភ្លើង និងត្រូវជាបងប្រុស របស់ជនបង្កហេតុខាងលើ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៧ ជនបង្កបានយកម៉ូតូពីប្អូនស្រី របស់គាត់ម្នាក់ទៀត ម៉ាក PCX ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1FC-6444 ជិះចេញពីផ្ទះ រួចក៏យកទៅបាត់ រហូតមិនឃើញត្រឡប់មក វិញសោះ។ បន្ទាប់មក ជនបង្កហេតុបានទូរស័ព្ទ មកប្រាប់ថា គេបានយកម៉ូតូនោះទៅបញ្ចាំបាត់ ហើយនិងថែមទាំងគំរាមទារប្រាក់ពីម្តាយចំនួន ២ពាន់ដុល្លារទៀតផង ទើបម្តាយរបស់គាត់ បានឱ្យគាត់ឡើងមកភ្នំពេញ ដើម្បីតាមរកប្អូន ប្រុស (ជនបង្កហេតុ)។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ គាត់ក៏ឡើងមក ភ្នំពេញ និងបានទូរស័ព្ទប្រើល្បិចល្បួងប្អូនប្រុសមកយក លុយដែលម្តាយប្រគល់ឱ្យ២ពាន់ដុល្លារ។ បន្ទាប់ មកប្អូនប្រុសក៏ណាត់គាត់ឱ្យទៅជួបនៅចំណុច កើតហេតុខាងលើ គាត់ក៏បានចាប់ប្អូនប្រុស ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបាន សារភាពថា រូបគេចង់ដណ្តឹងប្រពន្ធ តែគ្មាន លុយ ទើបរូបគេបានយកម៉ូតូប្អូនស្រីជិះចេញពី ផ្ទះក្នុងបំណងគំរាមម្តាយឱ្យរកលុយមកឱ្យគេ ចំនួន២ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅអំឡុងពេល ចេញពីផ្ទះមកស្នាក់នៅភ្នំពេញនេះ រូបគេដាច់ លុយចាយទើបសម្រេចយកម៉ូតូនោះ ទៅបញ្ចាំ នៅឃ្លាំងរំសេវ បានប្រាក់ចំនួន៦០០ដុល្លារ។ បន្ទាប់មក បងប្រុសក៏ទូរស័ព្ទមកណាត់ជួប ប្រាប់ថា ម្តាយផ្ញើលុយ ឱ្យ២ពាន់ដុល្លារ ដឹងអី បងប្រុសចាប់រូបគេមកប្រគល់ឱ្យប៉ូលិសសោះ។

ជុំវិញករណីខាងលើនេះ ស្ត្រីជាម្តាយឈ្មោះ សៅ ពៅ អាយុ៥៦ឆ្នាំ បានស្នើសុំសមត្ថកិច្ចថា គាត់មិនប្តឹងផ្តល់អ្វីទេ ព្រោះជាកូនរបស់គាត់ បង្កើត គ្រាន់តែសុំយកកូនត្រឡប់ទៅផ្ទះវិញ និងឱ្យគេនាំទៅលោះម៉ូតូដែលដាក់បញ្ចាំនោះ យកមកប្រើប្រាស់វិញប៉ុណ្ណោះ។ ចំណែករឿង កូនប្រុសស្រលាញ់កូនក្រមុំគេ ចង់ស្តីដណ្តឹង រៀបការអីនោះគាត់នឹងទៅជួបអាណាព្យាបាល ខាងស្រើ ដើម្បីនិយាយគ្នានៅពេលក្រោយ៕

RELATED ARTICLES