ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានក្រុមជនឆ្លៀតឱកាស បាននាំគ្នាយករូបព្រះអង្គ ចន្ទមុនី ទៅកាត់ត ដាក់យ័ន្ត ដើ ម្បីដាក់ធ្វើអាជីវកម្ម លក់ដូរ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្ប ជោត្តនារាម ហៅវត្តតាសុត នៅខេត្តកំពង់ឆ្នាំ បានបញ្ចេញ ប្រតិកម្មឲ្យអ្នកទាំងនោះ បញ្ឈប់សកម្មភាពបែបនេះ និងស្នើអ្នកទិញ បើជឿ ត្រូវជឿដោយបញ្ញា ព្រោះយ័ន្តដែលពូកែ ត្រូវមានក្បួនមានខ្នាត តែបើចាប់ដាក់ៗ មិន ដឹងយ័ន្តអ្វីផង ប្រយ័ត្នប៉ះយ័ន្តមហន្តរាយ យកទៅដាក់ផ្ទះ ឬដាក់តាមខ្លួន នាំផលអាក្រក់ដល់ខ្លួននិងគ្រួសារបាន។ ព្រះអង្គបានស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យមើល និងមានវិធានការចំពោះករណីនេះផង ដោយព្រះអង្គថា បើប្រមូលរូបកាត់តដាក់យ័ន្តបែបអនាធិបតេយ្យទាំងនោះ យកទៅដុតចោល ជាការល្អ។
ព្រះធម្មវនវាសី ចន្ទមុនី មានថេរដីកានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា “ការជឿ សូមឱ្យមានវិចារណញ្ញាណផង ដូចរូបថតខ្ញុំករុណាអី យកទៅលក់ក៏លក់ទៅចុះ ប៉ុន្តែមិនបាច់ដាក់យ័ន្តដាក់ស្អីឯណា មើលទៅគួរឱ្យ បើសិនជាខ្ញុំករុណា ធ្វើបាន ប្រមូលយកទៅដុតហ្នឹងណា។ បើចង់បានរូប យករូបត្រង់ៗទៅ បើថាថតនឹងស្រែ ដាក់ឱ្យវានៅនឹងស្រែហ្នឹងទៅ បើថតនៅនឹងភ្នំ ឱ្យនៅនឹងភ្នំ ថតត្រង់ណា ឱ្យនៅត្រង់ហ្នឹងទៅ មិនបាច់ទៅកែដាក់យ័ន្តដាក់អី យ័ន្តហ្នឹងមិនដឹងខាងណាចេញឱ្យ? ដូចកាលគេខឹងខ្ញុំករុណាម្តងអ៊ីចឹងណា ខឹងរឿងស្អីទេ គេដុតរូបថតចោល ខ្ញុំករុណាអរ ថាដុតឱ្យអស់ទៅ ច្រើនពេក សុទ្ធតែរូបយ័ន្តរូបស្អី ឯងទៅមើលយ័ន្តហ្នឹង មើលមិនយល់ដែរ ខ្ញុំករុណា រៀនយ័ន្តដែរតើ មិនមែនមិនធ្លាប់រៀនអី រៀនដែរ តែដល់ទៅមើលអាយ័ន្តគេយកមកដាក់ហ្នឹង មិនដឹងអក្សរស្អីៗទេ គ្មានបានការទេ របស់ដែលមិនត្រូវហ្នឹងនោះ។ យ័ន្តពូកែ មិនមែនអត់ពូកែទេណា យ័ន្តពូកែ ប៉ុន្តែយ័ន្ត មានក្បួនមានខ្នាត ដល់តែចេះទៅចាប់រូបនេះ រូបនោះ មិនដឹងយ័ន្តហ្នឹងប្រើអី ប្រយ័ត្នតែយ័ន្តហ្នឹង ប៉ះយ័ន្តបំបែកបំបាក់ យកទៅដាក់ទៅផ្ទះហ្នឹង ឈ្លោះគ្នាលើសដើម ប្រយ័ត្នណា! អ៊ីចឹងបើឃើញរូបណាមានយ័ន្តមានអីហ្នឹង មិនបាច់ទិញទេ បើចង់បានរូប យកអារូបត្រង់ៗទៅ ជឿទៅ ជឿអាត្មាទៅ ហើយយើងមិនចូលចិត្តជឿម្ចាស់ទេ ចូលចិត្តតែជឿអ្នកលក់ហ្នឹងណា អាត្មាប្រាប់តាំងពីដើមតើ ថាកុំ តែយើងចេះខំៗ មិនមែនថាតែរូបខ្ញុំករុណាទេ រូបលោកឪសួង ក៏ដោយ រូបលោកតាសាន ក៏ដោយ រូបលោកឪសេន ក៏ដោយ រូបលោកឪណាក៏ដោយ។ លោកតាសាន កាលនៅមានព្រះជន្ម ពីណាធ្វើរូបលោកលក់ ដាក់បណ្តាសាអាក្រក់ ទើបសុគតទេ អ្នកអត់ស្គាល់លោកទេ នាំគ្នាធ្វើគ្រាន់បើ លោកថាយករូបអញទៅរកស៊ី លោកតាសាន ទេណា។ អ៊ីចឹងបើចង់បាន ផ្តិតត្រង់ៗទៅ បើយ័ន្តណាលោកសរសេរទុក ឱ្យយកទៅប្រើទៅ តែយ័ន្តខ្លះ មិនដឹងអីទេ ចេះតែនឹកឃើញធ្វើទៅ អត់ត្រូវទេ។ អ៊ីចឹងបើចង់ទិញរូប ក៏ទិញទៅចុះ អាត្មាមិនឃាត់ទេ គេរករបរអី មិនបញ្ហាអីទេអាត្មានោះ ប៉ុន្តែមើលឯណាត្រង់ៗទៅ មើលដូចរូបព្រះ គេគូរក្នុងវិហារ មានដែលដាក់យ័ន្តអី កុំណា ស្តាប់បានទេ? ហើយបើរូបណាមានយ័ន្តមានអីទេ ប្រមូលដុតចោលឱ្យអស់ទៅ អាត្មាមិនខឹងទេ យកដុតទៅ ដុតចោលឱ្យអស់ទៅ មិនបាច់ទៅដាក់រូបយ័ន្តរូបអីហ្នឹងទេ…”។
ព្រះធម្មវនវាសី ចន្ទមុនី បន្តថា “ហើយអ្នកខ្លះ ទៅកាន់ដាក់រូបអីទេ ដូចព្រះអ៊ីចឹងណា កាត់ព្រះភក្ត្រព្រះចេញ រួចយកមុខអាត្មាទៅដាក់នៅហ្នុង សន្សំបាបហើយហ្នុង សន្សំហើយ សន្សំរឿងហើយ អាហ្នឹងសន្សំរឿងហើយ មិនមែនរឿងត្រូវទេណា រឿងខុសទេណា លោកណាហ្នុងអ្នកហ្នឹងអ្នកបង្កកំហុស ហើយស្នើអាជ្ញាធរពាក់ព័ន្ធ ជួយមើលផងរឿងហ្នឹង ធ្វើអ៊ីចឹងទៅ វាខូចតម្លៃ ហើយមែនទែនទៅ គេច្រឡំថាខ្ញុំករុណាហ្នឹង គ្រូអូមអាមហើយ តែអត់ទេ មិនមែនទេ។ អ៊ីចឹងបានគេចេះតែថា ខ្ញុំកុរណា អប្បិយជំនឿអ៊ីចេះមួយ អ៊ីចេះពីរ មិនស្រួលអ្នកដែលថាខ្ញុំករុណាអប្បិយជំនឿហ្នឹង ជឿផ្តេសផ្តាសជាងខ្ញុំករុណាទៀតក៏មានដែរ។ ខ្ញុំករុណា អត់ទេ ច្បាស់បានប្រាប់ថា អ៊ីចេះមួយ អ៊ីចុះពីរហ្នឹង គឺថាដឹងរឿងហ្នឹងប្រាកដប្រជាណាស់ ហើយហ៊ានប្រកែកហ៊ាននិយាយជាមួយ ប៉ុន្តែណាស់តែយើងទេ វាអត់ដឹង។ អ៊ីចឹងស្នើៗដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មើលទៅ អ្នកណាគេយករូបទៅធ្វើអីខុសទំនងពេក ដល់ធ្វើខ្លាំងពេកទៅ ដូចជាមើលងាយសាសនាវិញទេ ព្រះគឺព្រះហើយ យើងគឺយើងហើយ បើយើងធ្វើត្រង់ធម្មតាអ៊ីចឹង ទៅ រូបខ្ញុំករុណាធម្មតាម៉េច អ៊ីចឹងទៅ កុំឱ្យតែមានដាក់ព្រះផង ដាក់យ័ន្តផង ដាក់អីផង ទេមើលទៅមិនដឹងខាងណាខាងណីខ្លះទេ ឈប់ទៅ ឈប់តែម្តងទៅ! ទេបើរូបត្រង់ៗតែម្តង មិនអីទេ យើងមានសិទ្ធិតើ រូបត្រង់នោះ យើងតាំងរូបតារាថៃ នៅផ្ទះបានដូចគ្នាហ្នឹង អ្នកខ្លះទិញរូបតារាពីថៃ ពីអី យកមកបិទពេញផ្ទះពេញអី ដល់បិទរូបខ្ញុំករុណា ក៏មិនខុសអីដែរ ប៉ុន្តែបិទរូបដែលវាសុទ្ធទៅណា អារូបដែលគេកែអ៊ីចេះអ៊ីចុះហ្នឹង មិនបាច់ទេ អ៊ីចឹងប្រមូលដុតឱ្យអស់ទៅតាមផ្ទះនោះ អាត្មាឱ្យពរថែម ជូនពរឱ្យបានតេជះព្រះអគ្គីហ្នឹង មានឬទ្ធិអំណាចយ៉ាងណា អ្នកដែលបានដុតហ្នឹង មានឫទ្ធិ មានតេជះអ៊ីចឹងទៅ បើចង់តាំងៗរូបណាដែលល្អជាទៅ ត្រឹមត្រូវទៅ រូបខ្លះច្រើនសាសន៍ពេក យ័ន្តហ្នឹងមិនដឹងអី អាត្មាបារម្ភវិញទេ ខ្លាចអាយ័ន្តអស់ហ្នឹង វា យ័ន្តខ្លះវាមិនមែនយ័ន្តល្អណា ហើយយ័ន្ត វាដូចពស់ក្បាលពីរអ៊ីចឹង មានអាក្រក់ មានល្អ ដែលស្គាល់មន្តទេ? មន្តវាមានមន្តស មន្តខ្មៅ ក្រែងតែអ្នកចាប់នោះ វាព្រើលដែរ អត់ដឹងអាណាស អាណាខ្មៅ ចេះតែដាក់ទៅចំអាមន្តខ្មៅទៅ វាទៅជារូបនោះជួយម៉េចបាន បើយ័ន្តហ្នឹងវាទៅធ្វើឱ្យយើង… ពិបាកណាស់រឿងអស់ហ្នឹងនិយាយទៅនាំតែវែងឆ្ងាយ…”។
ព្រះធម្មវនវាសី ចន្ទមុនី មានថេរដីកាបន្តទៀតថា “អាត្មាមិនសម្បូរអីទេ បើសម្បូរហ្នឹង ឱ្យគេផ្តិតអារូបត្រង់ៗ ណាល្អ ចែកគ្នាទៅ មិនបាច់ហត់ទិញ ធ្វើវាមិនកើត តែសូមឱ្យយើងហ្នឹង អ្នកលក់អ្នកដូរអីហ្នឹង កុំទៅធ្វើរូបអី ធ្វើត្រង់ៗទៅបានហើយ កុំដាក់យ័ន្តដាក់អីហ្នឹង ហើយស្នើអាជ្ញាធរ ពាក់ព័ន្ធអីហ្នឹង ជួយមើលទៅ បើឃើញណាមិនសមអីទេ ក៏ណែនាំអប់រំទៅ ចេះតែទុកអ៊ីចឹងទៅវាមិនកើតទេ មែនទែនទៅ អាត្មាឃើញរូបខ្លួនឯង ចេះតែចង់សើចដែរ យ័ន្តពីក្រោយច្រើនពេក ហើយបើមើលយ័ន្តហ្នឹង មើលដែរ ចង់ដឹងថាវាអី? មើលមិនយល់ មិនដឹងថាយ័ន្តអី បើមិនដឹងហ្នឹង ស៊ូកុំធ្វើអី បើដឹង ចាំធ្វើ..”។
គួរបញ្ជាក់ថា ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាព្រះសង្ឃធុតង្គ មួយអង្គដែលទទួលបានការចាប់អារម្មណ៍ និងការគោរពជឿពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកមានជំនឿមួយចំនួន ដោយប្រជាពលរដ្ឋរាប់រយពាន់នាក់ បានចូលទៅថ្វាយបង្គំព្រះអង្គ និងចង់ឃើញព្រះភក្ត្រព្រះអង្គផ្ទាល់ ដល់ទីអារាម និងល្បីសុសសាយពេញផ្ទៃប្រទេស មកទល់សព្វថ្ងៃ ដែលនៅពេលព្រះអង្គនិមន្តទៅទីណា តែងមានប្រជាពុទ្ធបរិស័ទទៅចោមរោមថ្វាយបង្គំ សុំការប្រោះព្រំទឹកមន្ត ពរជ័យ យ៉ាងភ្លូកទឹកភ្លូកដី រហូតមានអ្នកឆ្លៀតឱកាស យករូបព្រះអង្គ ទៅកាត់ត ដាក់យ័ន្តផ្សេងៗ ដើម្បីធ្វើអាជីវកម្ម លកដូរ ពេញទឹកពេញដី បែបអនាធិបតេយ្យពេក ទើបប្រះអង្គ មានប្រតិកម្មដូចខាងលើនេះ៕ ដារិទ្ធ