Friday, November 22, 2024
Homeព័ត៌មានជាតិនីតិរដ្ឋបាតតារាង សហការីលោកកឹម សុខា ចំអកឲ្យបក្សកាន់អំណាច

នីតិរដ្ឋបាតតារាង សហការីលោកកឹម សុខា ចំអកឲ្យបក្សកាន់អំណាច

ភ្នំពេញ ៖ បន្ទាប់ពីអង្គការគម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញពីរបាយការណ៍ស្រាវជ្រាវពីនីតិរដ្ឋ ឆ្នាំ២០២៤ ដោយផ្តល់ចំណាត់ថ្នាក់នីតិរដ្ឋកម្ពុជា ស្ថិតនៅបាតតារាង គឺលេខ១៤១ ក្នុងចំណោម១៤២ប្រទេសនោះមក អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ខាងក្រុមលោកកឹម សុខា អតីតមេបក្សប្រឆាំង បានចំអកឲ្យបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាដឹកនាំប្រទេសបានល្អ ក្លាយជាប្រទេសមាននីតិរដ្ឋបាតតារាង និងជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋខ្សោយបំផុត ក្នុងចំណោមប្រទេសអាស៊ាន ទាំង១១ ។

លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា “អបអរសាទរកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១៤១ ដែលមាន “នីតិរដ្ឋបាតតារាង” ក្នុងចំណោមប្រទេសចំនួន ១៤២ សម្រាប់ឆ្នាំ២០២៤ ហើយរឹតតែអបអរសាទរទៀតនោះ គឺកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៤១ ពីរឆ្នាំជាប់គ្នា ២០២៣-២០២៤ ។ គម្រោងយុត្តិធម៌ពិភពលោក ឬ World Justice Project បានធ្វើការវាយតម្លៃអំពីសន្ទស្សន៍នីតិរដ្ឋ សម្រាប់ឆ្នាំ២០២៤ នៅក្នុងប្រទេសចំនួន ១៤២ នៅជុំវិញពិភពលោក ហើយជាលទ្ធផលបានរកឃើញថា ក្នុងរយៈពេល ០៧ឆ្នាំជាប់គ្នា នីតិរដ្ឋ បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសភាគច្រើនបំផុត“ ។

ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា បក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កុំមានការខឹងសម្បាទៅនឹងចំណាត់ថ្នាក់នេះ គឺត្រូវហ៊ានទទួលស្គាល់ការពិត ហើយខំកែលម្អ ដើម្បីកុំឲ្យធ្លាក់ចំណាត់ថ្នាក់ជាប្រទេសមាននីតិរដ្ឋអន់បំផុតបែបនវ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ខ្ញុំបានឃើញព័ត៌មានគេចុះផ្សាយដែរ ដែលកម្ពុជាយើង បានជាប់ចំណាត់ថ្នាក់១៤១ ក្នុងចំណោម១៤២ ទាក់ទងទៅនឹងនីតិរដ្ឋ ។ បាទ! ជាការពិតណាស់ បើទោះជាខ្ញុំជាអ្នកនយោបាយក្នុងបក្សប្រឆាំង ក៏ពិតមែន ប៉ុន្តែក្នុងនាមយើងជាខ្មែរ ដោយស្មោះត្រង់ យើងពុំមានអីត្រូវអបអរសាទរ ឬក៏សើចចំអកបន្ថែមទៅលើចំណាត់ថ្នាក់ហ្នឹងទេ ។ មានន័យថា បើទោះបីជាយើងបក្សប្រឆាំង ក៏ពិតមែន ហើយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបក្សកាន់អំណាច ក៏ពិតមែន ប៉ុន្តែអ្វីដែលគេដាក់ចំណាត់ថ្នាក់ហ្នឹង វាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ហើយបើប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ គឺប៉ះពាល់ដល់ខ្មែរទាំងអស់គ្នា ។ អ៊ីចឹងក្នុងនាមយើងជាខ្មែរ យើងអត់មានអីត្រូវការទៅសើចចំអក ឬអបអរសាទរ គាំទ្រនូវការដាក់ចំណាត់ថ្នាក់នេះទេ វាផ្ទុយទៅវិញ ហាក់បីដូចជាយើងទាត់ចោលនូវខ្មែរគ្នាឯង ដែលជារដ្ឋាភិបាល ទោះបីជាបក្សកាន់អំណាច ក៏ពិតមែន ប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នា មានន័យថា ចំណាត់ថ្នាក់នេះ គឺវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ហើយប៉ះពាល់ដល់ខ្មែរទាំងអស់គ្នា មិនថាយើងជាបក្សប្រឆាំង ឬក៏បក្សកាន់អំណាចទេ“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ហើយទោះបីយើងបក្សប្រឆាំង ក៏ពិតមែន យើងមិនគាំទ្ររដ្ឋាភិបាល ក៏ពិតមែន ក៏ប៉ុន្តែបើយើងសើចចំអកបន្ថែម ទី១ មានតែធ្វើឲ្យខ្មែរគ្នាឯងហ្នឹងឈឺចាប់ ហើយយើងបោះបង់ចោលគ្នាឯង បែរទៅគាំទ្រនូវការដាក់ចំណាត់ថ្នាក់នេះ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិរបស់យើងទាំងអស់គ្នា គាំទ្របរទេស ហើយយើងមកទាត់ចោលខ្មែរគ្នាឯង ។ អ៊ីចឹងវាហាក់បីដូចជាយើងហ្នឹងខ្វះភាពសាមគ្គីគ្នា នៅពេលដែលប្រទេសជាតិរបស់យើងត្រូវបានគេដាក់ចំណាត់ថ្នាក់អន់បែបនេះអ៊ីចឹង ។ អាហ្នឹងគឺខ្ញុំមិនមានអីត្រូវសើចចំអក ឬក៏អបអរសាទរទេ បើទោះបីជាខ្ញុំនៅបក្សប្រឆាំង ក៏ពិតមែន ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ពង្រឹងស្មារតីទៅវិញថា សូមបក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាល យើងកុំមានការខឹងសម្បាទៅនឹងអ្វីដែលគេដាក់ចំណាត់ថ្នាក់យើង ។ យើងត្រូវហ៊ានទទួលស្គាល់ថា វាមានកត្តាអីដែលធ្វើឲ្យគេដាក់ចំណាត់ថ្នាក់ប្រទេសយើង បាតតារាងបែបនេះ? អំពីការអនុវត្តនូវនីតិរដ្ឋនេះឯង ។ អ៊ីចឹងយើងកុំខឹងសម្បាគេ យើងងាកមកឆ្លុះកញ្ចក់មើលថា តើយើងមានចំណុចខ្វះខាតត្រង់ណា ដែលនីតិរដ្ឋរបស់យើងវាដើរដល់កម្រិតណា? វាអន់របៀបម៉េច បានគេដាក់ចំណាត់ថ្នាក់យើងរបៀបហ្នឹង?“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តទៀតថា “ហើយបានន័យថា យើងកែប្រែការឈឺចាប់ហ្នឹង ឲ្យទៅជាឆន្ទៈមួយ ឬក៏កម្លាំងចិត្តមួយជំរុញឲ្យយើងហ្នឹងប្រឹងធ្វើឲ្យបានល្អ កុំឲ្យទទួលរងនូវការប្រមាថ ការដាក់ចំណាត់ថ្នាក់បែបនេះទៀត ។ ដូច្នេះយើងត្រូវសិក្សាមើលថា តើអ្វីដែលជាបញ្ហានីតិរដ្ឋនៅកម្ពុជា? យើងប្រឹងប្រែងធ្វើយ៉ាងម៉េចលើកកម្ពស់នូវវិស័យយុត្តិធម៌ ។ បានន័យថា សេវាផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរហ្នឹង ឲ្យស្មើភាព មានន័យថា ខ្មែរយើងមិនទាន់មានអាការអនុវត្តច្បាប់ហ្នឹងដោយស្មើភាពទេ គឺមានវប្បធម៌និទ្ទណ្ឌភាពច្រើន អ្នកមាន អ្នកមានអំណាច តែងតែឈ្នះ អ្នកតូចតាចហ្នឹង គឺតែងតែចាញ់ ឬប្រជាពលរដ្ឋសាមញ្ញ តែងតែចាញ់ ហើយអយុត្តិធម៌ក្នុងសង្គមនេះឯង ដោយសារតែប្រព័ន្ធយុត្តិធម៌យើងវាទន់ខ្សោយ ការអនុវត្តច្បាប់ហ្នឹងអត់ស្មើភាព បង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាពហ្នឹងច្រើន ហើយនិងមានអំពើពុករលួយផងដែរ នៅក្នុងការអនុវត្តច្បាប់ ។ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាល ត្រូវសិក្សាមើលពីចំណុចទាំងអស់ហ្នឹងឡើងវិញ យើងលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពទៅ ពង្រឹងការអនុវត្តច្បាប់ហ្នឹងឲ្យស្មើភាព មិនថាអ្នកមាន អ្នកក្រទេ គឺតែងទទួលបាននូវសេវាយុត្តិធម៌ហ្នឹងស្មើភាពគ្នា ហើយកុំឲ្យមានបក្ខពួកនិយម ឬក៏អំពើពុករលួយនៅក្នុងការអនុវត្តច្បាប់ ។ បានន័យថា ឲ្យតែមានខ្សែ មានខ្នង គឺតែងតែឈ្នះ អ្នកទន់ខ្សោយ គឺតែងតែចាញ់ ។ អ៊ីចឹងយើងត្រូវសិក្សាពីចំណុចទាំងអស់ហ្នឹង បានន័យថា ន័យខ្ញុំចង់ឲ្យកែប្រែការឈឺចាប់ ដែលគេដាក់ចំណាត់ថ្នាក់ហ្នឹង យើងត្រូវប្រឹងធ្វើវាឲ្យល្អ លុបស្អីដែលជាកត្តា ស្អីដែលវាជាបច្ច័យដែលជំរុញឲ្យវាកើតនូវហេតុមួយដែលគេដាក់ចំណាត់ថ្នាក់យើងថាជាប្រទេសដែលមាននីតិរដ្ឋអន់បំផុតហ្នឹង“ ។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដាក់ពិន្ទុនីតិរដ្ឋអាក្រក់ មកឲ្យកម្ពុជា វាមិនមែនទើបតែឆ្នាំ២០២៤ នេះទេ គឺវាមានតាំងពីយូរ រាប់សិបឆ្នាំមកហើយ តែបញ្ហាសំខាន់ វាស្ថិតនៅលើកត្តាផ្ទៃក្នុងរបស់យើងជាកត្តាកំណត់នៃការរស់រានមានជីវិត និងការរីកចម្រើនរបស់យើង មិនមែនស្ថិតនៅលើពិន្ទុទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងត្រូវយល់ថា ពិន្ទុយើងដែលចុះហ្នឹង សួរថា អ្នកណាអ្នកដាក់ពិន្ទុ? អ្នកដាក់ពិន្ទុហ្នឹង គឺជាអ្នកប្រកួតប្រជែងមនោគមន៍វិជ្ជាពិភពលោកហ្នឹងឯង ។ អ៊ីចឹងបើគេដាក់ពិន្ទុអ៊ីចឹង យើងសង្ឃឹមថា បានពិន្ទុល្អហ្នឹង វាអត់បានទេ ហើយការដាក់ពិន្ទុអាក្រក់មកឲ្យកម្ពុជា ហ្នឹងវាមិនមែនទើបតែឆ្នាំ២០២៤ នេះទេ គឺវាមានតាំងពីយូររាប់សិបឆ្នាំមកហើយ តែបញ្ហាសំខាន់ វាស្ថិតនៅលើកត្តាផ្ទៃក្នុងរបស់យើងជាកត្តាកំណត់នៃការរស់រានមានជីវិត និងការរីកចម្រើនរបស់យើង មិនមែនស្ថិតនៅលើពិន្ទុទេ យើងអត់ស៊ីពិន្ទុទេ យើងស៊ីការពិតជាក់ស្ដែង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អ្នកឯងនិយាយផ្ទុយអាក្រក់ ប៉ុន្តែតាមពិតវាអត់អាក្រក់ ហើយបញ្ហាសំខាន់វាស្ថិតនៅលើការជឿជាក់ពីប្រជាជននៅក្នុងប្រទេស មិនមែនជឿជាក់ពីប្រជាជនក្រៅប្រទេសទេ ។ បើប្រជាជនផ្ទៃក្នុង ក្នុងប្រទេស គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនហើយ គឺថាអាណត្តិក្រោយ គណបក្សប្រជាជន ឈ្នះឆ្នោតទៀត កាន់អំណាចតទៅទៀត អាហ្នឹងវាអ៊ីចឹង“ ។

គួរបញ្ជាក់ថា អង្គការគម្រោងយុត្តិធម៌ពិភពលោក (WorldJusticeProject (WJP)) បានចេញផ្សាយរបាយរាយការណ៍ស្ដីពីនីតិរដ្ឋ នៃប្រទេសទាំង១៤២ នៅលើពិភពលោក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ចំណែកប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៣៨ ខណៈប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខរៀងទី៩៩ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៨១ ។ ក្រៅពីនេះ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខរៀងទី៧៨ ខណៈប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខរៀងទី៦៨ ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខរៀងទី៥៥។ ដោយឡែកប្រទេសសិង្ហបុរី មាននីតិរដ្ឋល្អជាងគេ គឺជាប់ចំណាត់ថ្នាក់លេខរៀងទី១៦ រីឯប្រទេសឡាវ ប្រទេសទីម័រលេស និងប្រទេសប្រ៊ុយណេ ដារ៉ូសាឡឹម មិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីរាយការណ៍នេះទេ សម្រាប់ឆ្នាំ២០២៤ នេះ។

គោលការណ៍កំណត់ចំណាត់ថ្នាក់នីតិរដ្ឋ នៃអង្គការគម្រោងយុត្តិធម៌ពិភពលោកនេះ គឺផ្អែកលើមូលដ្ឋានពីវិសាលភាពនៃការប្រើអំណាចដោយមេដឹកនាំប្រទេសនីមួយៗ ជុំវិញការធានានូវការអនុវត្តរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ផ្សេងៗ រួមទាំងការធានានូវសេរីភាពសារព័ត៌មានផងដែរ។

ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសកម្ពុជា តែងរក្សាតំណែងជាប្រទេសដែលមាននីតិរដ្ឋទន់ខ្សោយ ក្នុងចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក រហូតមក គ្រាន់តែខុសលេខរៀងទៅតាមចំនួនប្រទេសដែលគម្រោងយុត្តិធម៌ពិភពលោក បានកំណត់ក្នុងការស្រាវជ្រាវ ទៅតាមឆ្នាំនីមួយៗប៉ុណ្ណោះ។ ជាក់ស្តែង ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១១២ ចំនួន ៣ឆ្នាំ បន្តបន្ទាប់គ្នា ក្នុងចំណោមប្រទេស១១៣។ ឆ្នាំ២០១៩ ជាប់ចំណាត់ថ្នាក់លេខរៀងទី១២៥ ក្នុងចំណោមប្រទេស១២៦។ ឆ្នាំ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១២៧ ក្នុងចំណោមប្រទេស១២៨។ នៅឆ្នាំ២០២១ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៣៨ ក្នុងចំណោមប្រទេស១៣៩។ ឆ្នាំ២០២២ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៣៩ ក្នុងចំណោមប្រទេស១៤០។ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ចំនួន២ឆ្នាំជាប់ៗគ្នា ក្នុងចំណោមប្រទេស១៤២ ខណៈប្រទេសដែលមានពិន្ទុក្រោមកម្ពុជា រហូតនោះ គឺប្រទេសវេណេហ្ស៊ុយអេឡា នៅអាមេរិកខាងត្បូង។

ក្រុមអ្នកឃ្លាំមើល បានរិះគន់ថា កម្ពុជា ស្ថិតក្រោមការដឹកនាំជាង៤០ឆ្នាំ របស់បក្សកាន់អំណាច ដែលមានសម្ដេចហ៊ុន សែន ជាប្រមុខ​ បានប្រើអំណាចយោធាផ្ដាច់មុខ រំលោភលើច្បាប់អន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ជាដើម ដែលជាហេតុធ្វើឱ្យនីតិរដ្ឋរបស់កម្ពុជា មិនអាចងើបផុតពីបាតតារាង ។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកសេង ឌីណា បានលើកឡើងថា ក្រសួងយុតិ្តធម៌ ត្រូវការពេលវេលាបន្ថែមក្នុងការសិក្សាលើរបាយការណ៍មួយនេះ។ ប៉ុន្តែលោកបញ្ជាក់ថា របាយការណ៍មួយនេះ ជារឿយៗតែងធ្វើសេចក្តីសន្និដ្ឋានដោយលម្អៀង។  លោកអះអាងថា ការអនុវត្តសិទ្ធិសេរីភាពនយោបាយ ឬសេរីភាពការបញ្ចេញមតិ និងសកម្មភាពដែលល្មើសច្បាប់ បុគ្គលណាដែលប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលទោសតាមច្បាប់។

លោកសេង ឌីណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “របាយការណ៍ WJP នេះ តែងតែធ្វើសេចក្តីសន្និដ្ឋានដោយលម្អៀង ពិសេសការដែលរបាយការណ៍នេះលើកឡើងអំពី “រឿងក្តីនយោបាយ” គឺជាការបង្ហាញពីការមិនចេះធ្វើការបែងចែក រវាងអ្វីដែលជាការអនុវត្តសិទ្ធិសេរីភាពខាងនយោបាយ ឬសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយច្បាប់និងដោយរាជរដ្ឋាភិបាល និងអ្វីដែលជាទង្វើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នៅក្នុងសង្គមនីតិរដ្ឋ មិនថានៅកម្ពុជា ឬនៅប្រទេសណាផ្សេងទៀតទេ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ហើយការអនុវត្តច្បាប់ ត្រូវធ្វើឡើងចំពោះគ្រប់បុគ្គលទាំងអស់ ដោយស្មើភាពគ្នា។ ដូច្នេះមិនមានបុគ្គលណាម្នាក់ អាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការសង្គមស៊ីវិល ឬគណបក្សនយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះទង្វើរបស់ខ្លួនបាននោះទេ។ ម្យ៉ាងទៀត របាយការណ៍នេះ មិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ពិសេសការដាក់ចេញនូវយុទ្ធនាការធំៗ២ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីខែមករា កន្លងទៅ ហើយដែលការអនុវត្តយុទ្ធនាការ រយៈពេល ៩ខែកន្លងទៅនេះ បានទទួលលទ្ធផលយ៉ាងល្អ ដែលជាការរួមចំណែកលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ក៏ដូចជាលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងយុត្តិធម៌ក្នុងសង្គមជាតិ”។

លោកសេង ឌីណា បានសរសេរបន្ថែមថា “របាយការណ៍របស់ World Justice Project ឲ្យចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌កម្ពុជា លេខ១៤១ ក៏ប៉ុន្តែសូមមើលប្រទេសមួយចំនួន ដែលរបាយការណ៍នេះ ឲ្យចំណាត់ថ្នាក់នៅលើកម្ពុជា ដើម្បីពិចារណាទាំងអស់គ្នាថា តើសមហេតុសមផលឬទេ? អាហ្វហ្គានីស្ថាន គ្រប់គ្រងដោយពួកតាលីបង់ ដែលត្រូវបានគេចាត់ទុកជាក្រុមភេរវជន ៖ ជាប់ចំណាត់ថ្នាក់លេខ ១៤០។  ហៃទី គ្មានប្រធានាធិបតី, គ្មានសភា, គ្មានការបោះឆ្នោត ៨ឆ្នាំមកហើយ, បច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរនយោបាយនិងសង្គម ហើយប្រទេសត្រូវគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន ៖ ជាប់ចំណាត់ថ្នាក់លេខ ១៣៩។ អ៊ុយក្រែន ស្ថិតក្នុងសង្គ្រាម ហើយប្រព័ន្ធតុលាការ ស្ទើរតែលែងដំណើរការទាំងស្រុងទៅហើយ ៖ ជាប់លេខ ៨៨ ។ មើលចំណុចទាំងនេះហើយ យើងអាចកំណត់បានថា ការវាយតម្លៃប្រព័ន្ធយុត្តិធម៌ នៅក្នុងរបាយការណ៍នេះ មិនគួរឲ្យជឿទុកចិត្តបាននោះទេ!“៕ កុលបុត្រ

RELATED ARTICLES