ភ្នំពេញ ៖ ក្រមការងារអភិរក្សសត្វព្រៃ និងកម្លាំងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០៤ បានចុះមកស្នើសុំដើម្បីយកសត្វខ្លាដំបង ១ក្បាល ដែលជនជាតិចិន នៅចំណុចភោជនីយដ្ឋាន ឆុងឈីងម៉ាថូ ស៊ុបចិន តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចិញ្ចឹមតាំងពីតូច ដើម្បីនាំទៅលែងនៅសួនសត្វភ្នំតាម៉ៅ ។យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រុមការងារអភិរក្សសត្វព្រៃ សួនសត្វភ្នំតាម៉ៅ បានមកយកសត្វខ្លាដែលបុរសជនជាតិចិន ចិញ្ចឹមនៅក្នុងភោជនីយដ្ឋានខាងលើ ហើយអាជ្ញាធរថា គាត់មិនបានដឹងថា មានបុរសជនជាតិចិន ចិញ្ចឹមខ្លាដំបងនេះទេ។
អាជ្ញាធរ បានបន្តថា សត្វខ្លាដំបងនេះ ត្រូវបានម្ចាស់ដាក់នៅចំហៀងខាងកើតនៃភោជនីយដ្ឋាន ដែលមានដាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ២៤ម៉ោង លើ២៤ម៉ោង និងរាល់ថ្ងៃថៅកែចិន ជាអ្នកឱ្យចំណីរាល់ថ្ងៃ ឬ២ថ្ងៃ ឱ្យម្តង ប៉ុន្តែមួយរយៈ ពេលនេះបាត់ថៅកែធំ មិនឃើញឱ្យចំណី តែមានបុរសជនជាតិចិនម្នាក់ ជាអ្នកមើលការខុសត្រូវខាងលើ ជាអ្នកឱ្យចំណីជំនួស តែមិនបានឱ្យញឹកញាប់ដូចមុននោះទេ។ សម្រាប់ចំណាយលើចំណីសត្វខ្លាដំបង គឺត្រូវចំណាយថវិកាច្រើន ពោលគឺម្តង ត្រូវដាក់សត្វមាន់ ចំនួន ៤ក្បាល បើសាច់គោ ដាក់ម្តងចាប់ពី៣ ទៅ៥គីឡូក្រាម។
ចំពោះករណីនេះ ត្រូវបានអាជ្ញាធរ សហការជាមួយតំណាងម្ចាស់ភោជនីយដ្ឋាន ព្រមពៀងឱ្យអ្នកអភិរក្ស យកសត្វខ្លាដំបងនេះ ទៅដាក់នៅសួនសត្វភ្នំតាម៉ៅ តាមការស្នើរបស់អភិរក្សដោយខ្លាចបង្កហេតុដោយចៃដន្យណា មួយដល់បុគ្គលិកឬភ្ញៀវចូលមកភោជនីយដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះដែរ តំណាងម្ចាស់ហាង ស្នើសុំឱ្យខាងអភិរក្ស ជួយមើលថែ ឱ្យចំណីដិតដល់ផងអាណិតសត្វធ្លាប់រស់នៅជាមួយម្ចាស់ ស៊ីស្រួល ពិសេសដេកម៉ាស៊ីនត្រជាក់៕