ភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពគាស់ទ្វារតូបលក់អីវ៉ាន់ចាប់ហួយ និងលក់ទូរស័ព្ទ ១កន្លែង លួចយកទូរស័ព្ទ ចំនួន ២២គ្រឿង និងកុំព្យូទ័រឡែបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត រួចនាំគ្នាគេចខ្លួនបាត់អស់ លុះរំលងបានតែ១ថ្ងៃ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍ សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុប៤នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីគាស់ផ្ទះ លួចទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ុ ក្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះសុខ មាស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ (មានសារធាតុញៀន)។ ទី៣-ឈ្មោះមាស វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី៤-ឈ្មោះសយ តូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះវណ្ណ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៤៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យ១ក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពគាស់តូបលក់ទូរស័ព្ទ និងផ្ទះលក់អីវ៉ាន់ចាប់ហួយ របស់ជនរងគ្រោះ នៅតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយយកអស់ទូរស័ព្ទ ចំនួន២២គ្រឿង និងកុំព្យូទ័រឡែបថប១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាំង និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានជិះល្បាតនៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង បានឃាត់ជន សង្ស័យ ចំនួន២នាក់ ដែលបានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ icon ១គ្រឿង មិនបានសម្រេច។ បន្ទាប់ពីឃាត់ ខ្លួន សមត្ថកិច្ចបានសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះ យកទូរស័ព្ទ កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងសហការជាមួយនគរ បាលខណ្ឌពោធិ៍សែនជ័យ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ បានចំនួន២នាក់ទៀត នៅចំណុចបន្ទប់ជួល ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតបានវត្ថុតាង ទូរស័ព្ទដៃ ចំនួន៧គ្រឿង និងកុំព្យូទ័រឡែប ថប ១គ្រឿង ម៉ាក HP ពណ៌ទឹកប្រាក់ (ជារបស់ជនរងគ្រោះ)។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូបនិងផ្ទះលក់អីវ៉ាន់ចាប់ហួយ លួចយកទូរស័ព្ទ ព្រមទាំងប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូប្រាកដមែន។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕