ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល បានចុះឃាត់ម៉ូតូ ១គ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ ដើម្បីយកទៅណែនាំ ស្រាប់តែមិត្តភក្តិម្ចាស់ម៉ូតូ នាំគ្នាឡាំប៉ាថា សមត្ថកិច្ចចង់ធ្វើស៊ី ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលទាំងយប់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ជិតបុរីរំចេក ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ មានបងប្អូនប្រជា ពលរដ្ឋបានរាយការណ៍ និងប្តឹងនគរបាលប៉ុស្តិ៍ថា មានម៉ូតូមួយគ្រឿង ជាម៉ូតូធំម៉ាក YAMAHA MX KING ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1AQ-6060 តែងតែជិះតម្លង់ប្រជាពលរដ្ឋពេញភូមិ ពិសេសនៅពេលយប់។ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក សហការជាមួយនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូខាងលើភ្លាមៗ បែរជាម្ចាស់ម៉ូតូស្រែកឡាំប៉ា ដាក់កម្លាំងនគរបាលថា ពួកគេមិនបានជិះទេ ម៉េចបានឃាត់ម៉ូតូ ហើយពួកគេថា មុននេះ ពួកគេកំពុងផឹកស៊ីនៅជិតកន្លែងកើតហេតុ មិនបានជិះម៉ូតូទេ គ្រាន់តែបណ្តើរម៉ូតូ។
ប្រភពដដែលបន្តថា ពេលនោះសមត្ថកិច្ចបានប្រាប់ថា ឃាត់យកទៅប៉ុស្តិ៍ ដើម្បីឱ្យម្ចាស់ម៉ូតូ យកបំពង់ស៊ីម៉ាំងហ្ស៊ីន មកប្តូរវិញ គឺហើយចប់ តែខាងមិត្តភក្តិម្ចាស់ម៉ូតូ មិនព្រម បានចោទថា កម្លាំងនគរបាលឃាត់ម៉ូតូខាងលើ ដើម្បីគាបស៊ីពួកគេទៅវិញ ដោយនាំគ្នាឡូឡាពេញដងផ្លូវ និងបណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ចោមរោមពេញដងផ្លូវ។ លុះមួយសន្ទុះក្រោយមក ខណៈដែលសមត្ថកិច្ចព្យាយាមពន្យល់ពីហេតុផល ទើបយល់ស្របជាមួយកម្លាំងសមត្ថកិច្ចវិញ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ និងកម្លាំងសមត្ថកិច្ចជំនាញ បានឱ្យម្ចាស់ម៉ូតូប្តូរបំពង់ស៊ីម៉ាំងហ្ស៊ីន រួចធ្វើការណែនាំ និងឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយមិនមានការផាកពិន័យ៕