ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំមួយ នៃស្រុករវៀង ខេត្តព្រះវិហារ ហេតុតែមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចង់ធ្វើបុណ្យទាន ប៉ុន្តែដោយកត្តាទីតាំងដែលពួកគាត់រស់នៅ ជាតំបន់ដាច់ស្រយាល ចំណែកផ្លូវធ្វើដំណើរ ក៏មិនអំណោយផល ចង់ទៅវត្ត ឬនិមន្តព្រះសង្ឃ មករៀបចំពិធីម្តងៗ ត្រូវប្រើពេលវេលាយូរផង ក៏សម្រេចមូលមតិគ្នាដាក់បញ្ចាំប្លង់ដី ដើម្បីយកបច្ច័យមកកសាងវត្តមួយ នៅក្នុងភូមិ ដើម្បីជាទីអារាមសម្រាប់គោរពបូជា ធ្វើពិធីបុណ្យទាន តាមទំនៀមពុទ្ធសាសនា។

ទីអារាមថ្មី ដែលកសាងឡើងដោយកម្លាំងទឹកចិត្តមហាជនជាពុទ្ធបរិស័ទនោះ ត្រូវបានប្រសិទ្ធនាមថា វត្តរមណីសាមគ្គីរតនារាម ហៅវត្តបឹងវិហារលិច មានទីតាំងស្ថិតនៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោកអឿន ស៊ីថា សមាជិកគណៈកម្មការមួយរូប នៅវត្តបឹងវិហារលិច បានរៀបរាប់ប្រាប់ថា វត្តនេះ មានទីតាំងស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ វត្តដ៏តូចមួយនេះ ចាប់ផ្តើមកសាងរយៈពេល ១ឆ្នាំមកហើយ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើមហេតុដែលនាំឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទ ជម្នះប្រឹងកសាងវត្តបឹងវិហារលិចនេះ ក៏ព្រោះភូមិ-ឃុំនៅទីនោះ ស្ថិតនៅឆ្ងាយពីទីប្រជុំជន និងទីវត្តអារាមដទៃ ពោលគឺចម្ងាយ ១៥គីឡូម៉ែត្រ ពីទីប្រជុំជនភ្នំដែក នៃស្រុករវៀង និង១៥គីឡូម៉ែត្រ ពីវត្តជីអោក ជាវត្តតែមួយគត់ ដែលនៅជិតជាងគេ។ ដូច្នេះធ្វើឱ្យប្រជាពលរដ្ឋ ពិសេសលោកតាលោកយាយចាស់ៗ ពិបាកក្នុងការទៅមកធ្វើ បុណ្យធ្វើទាន ឬក៏ចង់និមន្តព្រះសង្ឃ មកធ្វើសូត្រមន្តនៅក្នុងភូមិ ក៏ប្រើពេលយូរណាស់ ម៉្លោះហើយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ បានមូលមតិគ្នាចាប់ផ្តើមកសាងវត្តនេះ ដើម្បីជាទីអារាមសម្រាប់គោរពបូជា ធ្វើពិធីបុណ្យទានតាមទំនៀមពុទ្ធសាសនា ដោយប្រសិទ្ធនាមជាផ្លូវការ វត្តរមណីសាមគ្គីរតនារាម ហៅវត្តបឹងវិហារលិច។

លោកអឿន ស៊ីថា បញ្ជាក់ថា គណៈកម្មការ-អាចារ្យវត្ត បានស្ម័គ្រចិត្តយកប្លង់ផ្ទះ-ប្លង់ដី របស់ខ្លួន ទៅដាក់តម្កល់ ខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកទិញដី សម្រាប់កសាងវត្តបឹងវិហារលិចនេះ ក្នុងនោះត្រូវបង់ទៅធនាគារ ប្រចាំខែ ១លាន ២សែនរៀល ពេលមានកម្មវិធីបុណ្យទាន គឺប្រមូលបច្ច័យ យកទៅបង់ធនាគារផង ទូទាត់ថ្លៃជាងសាងសង់ផង ខែខ្លះប្រសិនបើប្រាក់មិនគ្រប់ចំនួនត្រូវបង់ គណៈកម្មការវត្ត មានតែរៃអង្គាសគ្នា ឬដើររៃអង្គាសពីប្រជាពុទ្ធបរិស័ទក្នុងភូមិ ជិតៗវត្ត។

ព្រះតេជគុណ ឡេង ចាន់ណា ព្រះចៅអធិការវត្តបឹងវិហារលិច មានព្រះថេរដីកាថា បច្ចុប្បន្ន នៅក្នុងវត្តបឹងវិហារលិច មានព្រះសង្ឃ គង់នៅ ចំនួន៥អង្គ ហើយមានការខ្វះខាតច្រើន ដូចជាខ្វះកុដិសម្រាប់ព្រះសង្ឃគង់នៅ ខណៈសាលាឆាន់ ក៏កំពុងកសាងមិនទាន់រួចទេ ចំណែកដីវត្ត ក៏មានត្រឹមជាង១ហិកតារប៉ុណ្ណោះ។

ព្រះចៅអធិការវត្តបឹងវិហារលិច មានបំណងចង់ពង្រីកដីវត្ត ឱ្យបាន១ហិកតារទៀត ព្រមទាំងមិនទាន់កសាងព្រះវិហារនៅឡើយ ហើយព្រះអង្គ ក៏មានបំណងចង់កសាងព្រះពុទ្ធប្បដិមាកម្ពស់ ២០ម៉ែត្រ មួយអង្គដែរ សម្រាប់ជាគ្រឿងសក្ការបូជាក្នុងពុទ្ធសាសនា។

ទន្ទឹមនឹងការប្រឹងប្រែងស្ទើរតែអស់លទ្ធភាពនេះ ព្រះគ្រូចៅអធិការ ព្រមទាំងគណៈកម្មការ-អាចារ្យវត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ពិសេសសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយដល់ការកសាងវត្តបឹងវិហារលិច នេះបន្តទៀតផង ដើម្បីទុកជាកេរដំណែលសម្រាប់ប្រជាពល រដ្ឋនៅភូមិ-ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារនេះ ខណៈគណៈកម្មការ-អាចារ្យវត្តដែលទ្រទ្រង់ការកសាងនេះ គឺពិតជាជួបការលំបាកច្រើន ស្ទើរតែអស់លទ្ធភាពទៅហើយ៕
