ភ្នំពេញ ៖ បុរសម្នាក់ ខឹងនិងប្រចណ្ឌរត់មកដាល់កញ្ចក់ទូលក់មីឆារហូតរយះដៃនិងដួលបោកក្បាលតែម្នាក់ឯងបង្កការភ្ញាក់ផ្អើលដល់បងស្រីរត់មកជួយដឹកយកមកកាន់មន្ទីរពេទ្យកាលពីវេលាម៉ោង ១និង០០នាទីយប់ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
បុរសចិត្តខ្លាំងដែលរងរបួសមានឈ្មោះអឹម ភារិន អាយុ២៥ឆ្នាំ មុខរបរអ្នកលក់មីឆាតាមរទេះនៅម្តុំសន្ធរម៉ុក ស្នាក់នៅផ្ទះជួលម្ដុំសន្ធរម៉ុកស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានស្រុកកំណើតខេត្តព្រៃវែង ។ ចំណែកប្រពន្ធមិនស្គាល់ឈ្មោះមិនបានមកមើលប្តី នៅមន្ទីរពេទ្យនៅឡើយទេ។
ប្រភពពត៌មានពីបងស្រីរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាប្តីប្រពន្ធ របស់ប្អូនប្រុសគាត់រស់នៅបែកគ្នា ដោយសារតែប្រពន្ធធ្វើការពេលយប់បានស្នាក់នៅកន្លែង ធ្វើការ ចំណែកប្តីប្រកបរបរលក់មីឆាស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ប៉ុន្តែមួយ រយៈកន្លងមកនេះបុរសជាប្តីចេះតែតូចចិត្តក្នុងជីវិតដោយសារតែជីវិតប្តីប្រពន្ធមិនបានរស់ នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃទៀត មិនតែប៉ុណ្ណោះបុរសជាប្តីបានដឹងថាប្រពន្ធតែងតែដើរ លេងជាបងប្អូនរបស់គេជាញឹកញាប់ ក៏កើតមានចិត្តប្រចណ្ឌនិងតូចចិត្តតែងតែទៅនិយាយប្រាប់គាត់ជាញឹកញាប់ ប៉ុន្តែគាត់ជាបងស្រីចេះតែពន្យល់ប្អូនប្រុសកុំអោយគិតច្រើននិងប្រចន្ទ័ច្រើនពេក អាណិតកូនតូចដែលទើបតែកើតបានមួយខួបម្យ៉ាងប្រពន្ធគេដើរលេងជា មួយបងប្អូនគេទេមិនមែនជាមួយអ្នកដទៃទេ ។
ប្រភពដដែលបន្តទៀតថា ទោះបីបងស្រីខំនិយាយណែនាំប្អូនប្រុសកុំឲ្យគិតប្រចណ្ឌនឹង ប្រពន្ធពេកក៏ដោយ ក៏ប្តីប្រពន្ធរបស់គេធ្លាប់ឈ្លោះប្រកែកគ្នារហូតចង់លែងលះគ្នាទៀតផង ។ នៅថ្ងៃកើតហេតុប្រពន្ធបានមកបន្ទប់ជួលរបស់ប្តីហើយបានឮសម្លេងឈ្លោះប្រកែកគ្នាបានបន្តិចស្រាប់តែឮសម្លេងក្តូងក្តាំងនៅកន្លែងដាក់រទេះលក់មីឆាគាត់បានរត់ចេញទៅមើលឃើញប្អូនប្រុសដាល់ទូកញ្ចក់រទេះមីឆាបែកខ្ទេចបណ្តាលឲ្យរយះកដៃនិងរយះថ្ងាស ហូរឈាមកក្លាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងស្រីបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីធ្វើការព្យាបាល ចំណែកប្រពន្ធមិនបានឃើញមកមន្ទីរពេទ្យទេ ៕ សោល វណ្ណៈ