Tuesday, November 5, 2024
Homeសង្គម និងជីវិតកម្ពុជា នាំមុខគេក្នុងការអភិរក្សសត្វត្រយង លើពិភពលោក

កម្ពុជា នាំមុខគេក្នុងការអភិរក្សសត្វត្រយង លើពិភពលោក

ភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញ ផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយក ចិត្តទុកដាក់ ចំពោះប្រភេទសត្វត្រយង ជិតផុតពូជ របស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។

របាយការណ៍នេះ បង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វ ដែលជានិមិត្តរូបទាំងពីរនេះ ក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូង សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសម្បុកសត្វត្រយងយក្ស ច្រើនជាង៤០។

ចំនួនសម្បុកសត្វត្រយងយក្ស ដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសម្បុកជោគជ័យ កាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មី ចំនួន១៧៥ក្បាល បានហើរចេញពីសម្បុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិ បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា ដោយបានកត់ត្រា សត្វត្រ យងចង្កំកស ចំនួន៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ ព្រោះវាស្មើនឹង៨៧ ទៅ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះ បញ្ជាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្ស នាពេលកន្លងមក។

លោកខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា “ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជា ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ”។

អ្នកនាំពាក្យដដែល បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធនិងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។

នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗ នៅភាគខាងកើត និងឦសាន នៃប្រទេសកម្ពុជា រួមមាន ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្គ្រោះ និងការពារនៅក្នុងធម្មជាតិ។

ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា បានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា ក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននិងកំពុងដំណើរការបន្តយ៉ាងល្អ។ ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិ ក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការលើការងារអភិរក្សសត្វត្រយង ជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយ ការណ៍នៃការអភិរក្សសត្វត្រយង ថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្ស ឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយង ដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារ ក្នុងការអភិរក្ស និងការពារ ទីជម្រករបស់ពួកវាបន្តទៀត ដើម្បីធានាវត្តមានរបស់ពួកវា នៅក្នុងប្រទេសកម្ពុជា”។

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្ស ដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្ស ដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោក ត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕

RELATED ARTICLES