ភ្នំពេញ ៖ តារាសម្តែងនិងពិធីករលោក អ៊ឹម ជីវ៉ា ចេញពីកម្មវិធីជប់លៀងនៅកោះពេជ្រ បើករថយន្តកាមរីឆ្លាមត្រឡប់ទៅផ្ទះវិញឆ្លងផ្លូវត្រូវម៉ូតូបើកលឿនមិនបានប្រយ័ត្នជ្រុលទៅក៏បុកចំកង់មុខខាងស្តាំពេញទំហឹងបណ្តាលអោយម៉ូតូផ្លោងរំលងរថយន្តសំណាងល្អមិនមានរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវ៦៣នៅចំណុចមុខបណ្ណាគារអន្តរជាតិIBC ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2D4532ជិះដោយបុរស២នាក់បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្តែងនិងពិធីករ លោកអ៊ឹម ជីវ៉ាបើកបរតាមបណ្តោយផ្លូវ៦៣ក្នុងទិសដៅពីត្បូងទៅជើងទើបមកពីជប់លៀងនៅកោះពេជ្រ ខណៈ មកដល់ចំណុចផ្លូវបែកជាបួន រថយន្តបានបើកឆ្លងផ្លូវបានជិតផុតទៅហើយក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកស៊ុយស៊ូគីNexពណ៌សពាក់ស្លាកលេខភ្នំពេញ11CL8819 បើកបរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយស្រវឹងផង នោះអកហ្សឺនឹងរថយន្តបើកឆ្លងផ្លូវចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកចំកង់មុខរថយន្តចំហៀង ខាងស្តាំ បណ្តាលឲ្យជ្រុលសាន់ចេញពីកង់រថយន្ត ចំណែកម៉ូតូផ្លោងផុតរថយន្ត សំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល ។
ក្រោយពេលកើតហេតុតារាសម្តែងលោក អ៊ឹម ជីវ៉ា បានចុះពីលើរថយន្តហើយជួយលើកជន រងគ្រោះហើយសួរថាម៉េចបងជិះម៉ូតូបុករថយន្តរបស់ខ្ញុំបើនេះ ស្រវឹងមែន ? បែរជាបុរសជា អ្នកបើកម៉ូតូតបថារូបគេអត់ស្រវឹងទេ មកពីរថយន្តបើកឆ្លងផ្លូវអត់មើលម៉ូតូរបស់គេ ។ ដោយសារតែលោកអ៊ឹម ជីវ៉ា មិនចង់មានរឿងរ៉ាវវែងឆ្ងាយគ្រាន់តែសុំឲ្យអ្នកបើកម៉ូតូសុំទោសមួយម៉ាត់បញ្ចប់រឿង ព្រោះរថយន្តក៏មិនខូចខាតអីធ្ងន់ធ្ងរដែរ ភ្លាមៗនោះបុរសដែល ជិះម៉ូតូមិនចង់សុំទោសទេ ទាល់តែមិត្តភក្កិមកដល់ជួយសម្រួលទើបព្រមសុំទោសបញ្ចប់ រឿង ។ លោក អ៊ឹម ជីវ៉ា បើករថយន្តចេញទៅដល់ក្រោយវត្តមហាមន្រ្តីស្រាប់តែរថយន្តដាច់ កាឡេកង់មុខខាងស្តាំទៅមុខលែងរួចបានទូរស័ព្ទហៅក្រុមតារាក្នុងនោះគេឃើញមានអ្នក នាងចន ច័ន្ទលក្ខិណា ក៏បានទៅជួយលោក អ៊ឹម ជីវ៉ា ដែលត្រូវខូចរថយន្តបន្ទាប់ពីដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ចប់ហើយ ៕ ឥន សាន់ស៊ីដេត