ខេត្តបន្ទាយមានជ័យ ៖ ទ្វារទឹក ចំនួន២កន្លែង ត្រូវបានទឹកជំនន់ជន់លិច ហូរកាត់រយៈពេល២ថ្ងៃកន្លងមកហើយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្ថិតឃុំសឿ និងឃុំចំណោម ស្រុកមង្គលបុរី។
តាមប្រភពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅពេលនេះប្រជាពលរដ្ឋ ពិតជាលំបាកធ្វើដំណើរទៅមក នៅពេលឆ្លងកាត់ត្រង់ចំណុចព្រែកសឿ និងព្រែកចំណោម នៅពេលទឹកជំនន់ហក់ឡើងខ្លាំង ទឹកហូរកាត់ពីលើទ្វារទឹក រយៈពេល២ថ្ងៃនេះ ដោយគេសេង្កេតឃើញអាជ្ញាធរមូលដ្ឋាន បានយកបាវច្រកដី បិទស្លាបសងខាងទ្វារ កុំឱ្យទឹកហូរច្រោះដាច់ ដែលនៅព្រែកសឿ និងព្រែកចំណោម ត្រូវបានចាក់កំទេចថ្ម ត្រូវបានទឹកហូរដាច់អស់។
លោក ជា ទី មេឃុំសឿ បានបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ទឹកជំនន់បានហក់ឡើងខ្លាំងនៅពេលទឹកធ្លាក់មកពីផ្នែកខាងលើស្រុកបវេល ខេត្តបាត់ដំបង អាចជាជំនន់ទឹកភ្លៀងបណ្តាលឱ្យប្រឡាយព្រែកឃុំសឿ និងព្រែកចំ ណោម ដែលនៅខាងលិចភូមិ ដែលបណ្តាលឱ្យទឹកព្រៀប ប្រឡាយ ព្រែក និងជន់លិចទ្វារទឹក ហូរកាត់ពីលើ ត្រូវអាជ្ញាធរមូលដ្ឋានច្រកបាវខ្សាច់ទប់ស្លាបសំណង់ កុំឱ្យច្រោះដាច់ តែមិនប៉ះពាល់ដល់អ្នកដំណើរដែលឆ្លង កាត់ពីភូមិទៅភូមិមួយឡើយ ព្រោះមានស្ពានឈើ បានធ្វើសម្រាប់ឆ្លងកាត់ត្រង់ចំណុចសំណង់បង្ហៀទឹក។
លោកមេឃុំ បានបញ្ជាក់ថា មូលហេតុដែលទឹកព្រៀបប្រឡាយ ព្រែក និងលិចទ្វារទឹក ព្រោះអាជ្ញាធរបិទទ្វារ ទឹកផ្នែកខាងកើត កុំឲ្យទឹកហូរចូលភូមិ និងអាចប៉ះពាល់ដល់កសិផលប្រជាកសិករ ដែលកំពុងបង្កបង្កើនផលលើកទី២ ដែលមាន៥០០០ ទៅ៦០០០ហិកតារ ដែលទើបព្រួសដុះបានជាងកន្លះខែ ទើបបណ្តាលទឹកហូរ ១ច្រក បណ្តាលឱ្យទឹកព្រៀបប្រឡាយ និងលិចទ្វារទឹក មានព្រែកសឿ និងព្រែកចំណោម តែរហូតពេលនេះ មិនទាន់ប៉ះពាល់ដល់លំនៅឋាននិងផ្លូវថ្នល់ ដំណាំកសិកម្មនៅឡើយ៕