Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលខេត្តកណ្តាល ចាត់មេធាវីពិនិត្យ ឈ្មួញប្តឹងមន្ត្រីជលផល ចាប់បង្កង៧០០គីឡូ

អភិបាលខេត្តកណ្តាល ចាត់មេធាវីពិនិត្យ ឈ្មួញប្តឹងមន្ត្រីជលផល ចាប់បង្កង៧០០គីឡូ

ខេត្តកណ្តាល ៖ ក្រោយឈ្មួញនាំចូលបង្កង បានដាក់ពាក្យប្តឹងលោកហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជល​ខេត្តកណ្តាល លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើបណ្តឹងរបស់ឈ្មួញនាំចូលបង្កង ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។ជុំវិញករណីនេះ លោកនួន បូរ៉ា មេធាវីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៤ថា ក្រោ​យផ្ទុះករណីនេះលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យលោកពិនិត្យសិក្សាអង្គហេតុនិងអង្គច្បាប់ ដើម្បីធ្វើការតតាំងតាមផ្លូវច្បាប់ ផ្តល់នូវតម្លាភាព យុត្តិធម៌ ដល់សាមីភាគី ពិសេសមន្ត្រីអនុវត្តច្បាប់។

ដោយឡែក លោកហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអះអាងថា លោកមិនបារម្ភរឿងឈ្មួញបង្កងដែលនាំចូលបង្កងដោយខុសច្បាប់ ឈ្មោះចឹង បៀង ប្តឹងនោះទេ ព្រោះលោកអនុវត្តច្បាប់ ទៅតាមតួនាទីនិងឋានានុក្រម ហើយថវិកាដែលធ្វើការពិន័យ ក៏បានបង់ចូលចំណូលរដ្ឋ រួចរាល់អស់ហើយដែរ និងមានលិខិតស្នាមត្រឹមត្រូវទៀតផង។

លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3G-5776 ដឹកបង្កងនាំចូលគ្មានវិញ្ញបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្ត្រ ចំនួន៧០០គីឡូ តាមបញ្ញត្តច្បាប់ស្តីពីជល​ផលឆ្នាំ២០០៦ មាត្រ៩៣ ចំណុច៦ បានចែងថា “ការនាំចេញនាំចូលផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្ត្រជលផល” ត្រូវទទួលរងពិន័យអន្តរកាលពីរដ្ឋបាលជលផល ជាប្រាក់ ពីរដង លើតម្លៃ​ទីផ្សារ នៃវត្ថុតាងពិតប្រាកដ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

កន្លងមករដ្ឋបាលជលផល បានណែនាំ ធ្វើកិច្ចសន្យា ២លើកមកហើយ ប៉ុន្តែម្ចាស់អាជីវកម្មនៅតែប្រព្រឹត្តិល្មើស​ច្បាប់ ទើបឈានដល់ការចាប់យកវត្ថុតាងយកមករក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ ប៉ុន្តែម្ចាស់មិនព្រមអនុវត្តតាមការពិន័យ។ វត្ថុតាងត្រូវបានសម្រេចបន្ត ចាត់ការតាមនីតិវិធីច្បាប់។

យោងតាមពាក្យបណ្តឹងរបស់លោកចឹង បៀង ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានប្តឹងលោកហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកណ្តាល ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា និងប្រព្រឹត្តិអំពើពុករលួយ” ដោយ ចោទថាចាប់បង្កងនាំចូលរបស់ខ្លួន ទាមទារឱ្យបង់​ប្រាក់ដោយគ្មានវិក្កយបត្រផាកពិន័យចូលរដ្ឋត្រឹមត្រូវ៕

RELATED ARTICLES