Saturday, November 23, 2024
Homeសេដ្ឋកិច្ចជាតិ មូលនិធិផ្លូវព្រំដែន ជិត២៧លានដុល្លារ  នាយករដ្ឋមន្ត្រី បង្កើតក្រុមការងារគ្រប់គ្រង

 មូលនិធិផ្លូវព្រំដែន ជិត២៧លានដុល្លារ  នាយករដ្ឋមន្ត្រី បង្កើតក្រុមការងារគ្រប់គ្រង

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេ ដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលទទួលបានថវិកាសរុប ចំនួន ជិត២៧លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមការងារចំពោះកិច្ចនេះ  ដឹកនាំដោយនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា «កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរ គ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ។

ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំ ណាក់ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ចំនួន ៧២០ ១០៥អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២ ៩៥២ ៤៤២ ០៤៤រៀល និងប្រាក់ដុល្លារអាមេរិក សរុបចំនួន ១៨ ៧២៩ ៩៩៨ដុល្លារអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិក ប្រមាណ ២៦ ៩៦៧ ៦០៩ដុល្លារអាមេរិក)»។

សម្តេចហ៊ុន ម៉ាណែត បន្តថា «វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិកាបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។   បន្ថែមលើនេះ នៅថ្ងៃសុក្រ ទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញអំពីផែនការលម្អិតនៃការប្រើប្រាស់ថវិកាមូលនិធិ ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ»។

សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា «ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាង ជ្រាលជ្រៅ ប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្ត មនសិការស្នេហាជាតិមាតុភូមិ របស់ជនរួមជាតិខ្មែរយើង  ដែ លតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជា លះបង់គ្រប់បែបយ៉ាង នៅក្នុងមហាចលនាជាតិ ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាននិងស្មារតីនៃខឿនការពារជាតិ របស់ប្រជាជន នៅគ្រប់កាលៈទេសៈ»។

សូមបញ្ជាក់ថា សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ២១៧សសរ ចុះថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានសម្រេច ដូចខាងក្រោម ៖

ប្រការ១-

ត្រូវបានបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា ក.គ.ម. ដែលមានសមាសភាពដូចខាងក្រោម ៖

១. ឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធាន

២- នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អនុប្រធាន

៣- ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក

៤- ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក

៥- ឯកឧត្តម គួច វែងស៊្រុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក

៦- លោកជំទាវ អ៊ាន អមរា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកា

៧- ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

៨- ឯកឧត្តម លឹម សុជាតិ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិក

៩- ឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន សមាជិក

១០- លោកស្រី ម៉ី ភាវី ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកា។

ការតែងតាំង និងផ្លាស់ប្តូរសមាសភាព ក.គ.ម. ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមការស្នើសុំរបស់ប្រធាន ក.គ.ម.។

ប្រការ២..

ក.គ.ម. មានតួនាទី និងមានភារកិច្ច ដូចខាងក្រោម ៖

-ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើការគ្រប់គ្រងនិងចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

-ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

-សិក្សា និងលើកយោបល់ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន

-រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវក្រវាត់ព្រំដែន

-តាមដាន ត្រួតពិនិត្យការអនុវត្ត និងវាយតម្លៃវឌ្ឍនភាពនៃកិច្ចដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន

-ធ្វើទំនាក់ទំនងជាមួយសាធារណជន

-រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍វឌ្ឍនភាពការងារជូននាយករដ្ឋមន្ត្រី

-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីនាយករដ្ឋមន្ត្រី។

ប្រការ៣.-

ក.គ.ម. មានក្រុមការងារចំណុះចំនួន ៣ (បី) ដូចខាងក្រោម ៖

១- ក្រុមការងាររដ្ឋបាលនិងហិរញ្ញវត្ថុ

២- ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង

៣- ក្រុមការងារទំនាក់ទំនងសាធារណៈ។

ប្រការ៤..

ក្រុមការងារដ្ឋបាលនិងហិរញ្ញវត្ថុ មានសមាសភាពដូចខាងក្រោម ៖

១. ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន

២-ឯកឧត្តម លឹម សុជាតិ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន

៣-លោកស្រី ម៉ី ភាវី ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន

៤-លោកស្រី ឃុន ច័ន្ទកញ្ញា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកា

៥- លោកស្រី ផាន់ ដាវីវារី សមាជិកក្រុមលេខាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកា

៦- លោក ឃុន សុភ័ក្រ សមាជិកក្រុមលេខាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិក។

ប្រការ៥.

ក្រុមការងាររដ្ឋបាលនិងហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម ៖

-គ្រប់គ្រងកិច្ចការរដ្ឋបាល បុគ្គលិកនិងហិរញ្ញវត្ថុ

-គ្រប់គ្រង និងចរាចរឯកសារផ្សេងៗ រៀបចំផែនការគម្រោងថវិកាសម្រាប់ដំណើរការ ក.គ.ម.

-សម្របសម្រួលរៀបចំកិច្ចប្រជុំនានា

-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារនិងហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ

– អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាន ក.គ.ម.។

ប្រការ៦..

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានសមាសភាពដូចខាងក្រោម ៖

១- នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ប្រធាន

២- ឧត្តមសេនីយ៍ទោ សឺង សុខន មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម អនុប្រធាន

៣- ឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន

អនុប្រធាន

៤- ឧត្តមសេនីយ៍ត្រី ស៊ិន យូហេង ស្នងការនៃស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានវិស្វកម្ម

សមាជិក

៥- ឧត្តមសេនីយ៍ត្រី សុង សុមនោ ស្នងការនៃស្នងការដ្ឋានប្រតិបត្តិការវិស្វកម្ម បញ្ជាការដ្ឋានវិស្វកម្ម សមាជិក

៦- ឧត្តមសេនីយ៍ត្រី ពុធ សន នាយការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានវិស្វកម្ម សមាជិក

៧- វរសេនីយ៍ទោ កែវ វិចិត្រ នាយរងការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានវិស្វកម្ម សមាជិក។

ប្រកា៧..

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានភារកិច្ចដូចខាងក្រោម ៖

-សិក្សានិងលើកគម្រោងផែនការកសាង ដើម្បីបម្រើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

-អនុវត្តគម្រោងកសាងផ្លូវក្រវាត់ព្រំដែន

-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃគម្រោងកសាងផ្លូវក្រវាត់ព្រំដែន

– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន

-ធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តគម្រោងប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ

-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធាន ក.គ.ម.។

ប្រការ៨..

ក្រុមការងារទំនាក់ទំនងសាធារណៈ មានសមាសភាពដូចខាងក្រោម ៖

១- ឯកឧត្តម គួច វែងស៊្រុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន

២- ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន

៣- ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក

៤- លោក អ៊ុន វុឌ្ឍ សមាជិកក្រុមលេខាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិក។

ប្រការ៩..

ក្រុមការងារទំនាកទំនងសាធារណៈ មានភារកិច្ចដូចខាងក្រោម ៖

-ផ្សព្វផ្សាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន

-ប្រមូល ចងក្រងឯកសារ រូបភាព ឯកសារវីដេអូ ផលិតខ្លឹមសារពីការកសាងផ្លូវក្រវាត់ព្រំដែន

-ជំរុញប្រសិទ្ធភាពឆ្លើយតបព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹង់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន តាមរយៈការរៀបចំយន្តការឆ្លើយតប ឱ្យទាន់ពេលវេលា អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធាន ក.គ.ម.។

ប្រការ១០.-

ការតែងតាំងនិងផ្លាស់ប្តូរសមាសភាពក្រុមការងារចំណុះរបស់ ក.គ.ម. ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមការស្នើសុំរបស់ប្រធាន ក.គ.ម.។

ប្រការ១១..

អនុប្រធាន និងសមាជិកនៃ ក.គ.ម. ត្រូវចូលរួមប្រជុំតាមការអញ្ជើញ និងអនុវត្តភារកិច្ចតាមការប្រគល់របស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំនិងដឹកនាំកិច្ចប្រជុំជំនួសបាន។

ក.គ.ម. មានសិទ្ធិអញ្ជើញតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញដទៃទៀតចូលរួមប្រជុំ និងផ្តល់យោបល់តាមការចាំបាច់។

ប្រការ១២..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១៣..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕ ខៀវទុំ

RELATED ARTICLES