ភ្នំពេញ ៖ បន្ទប់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅជាន់ទី៤ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង ហើយកម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៧រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង ជាន់ទី៤ តាមផ្លូវបេតុង ក្រុមទី០២ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះល្វែង ទំហំ ៦ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មានម្ចាស់ឈ្មោះអ៊ាង ណាត ភេទប្រុស អាយុ៧៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១២៩ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីបន្ទប់ជាន់ទី៤ ដោយមានផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស និងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្គឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍បាញ់ពន្លត់ ទាំងភ្លៀងធ្លាក់យ៉ាងខ្លាំង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំ នាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។
ប្រភេទសំណង់ខាងលើនេះ គឺផ្ទះល្វែង ទំហំ ៦ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតបន្ទប់ជាន់ទី៤ ចំនួន១បន្ទប់ អស់ទាំងស្រុង ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃដដែល។ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃើញថា គឺបណ្តាលឱ្យមកពីការឆ្លងចរន្តអគ្គិសនី បណ្តាលមកពីការសាកថ្មទូរស័ព្ទ ផ្ទុះឆេះ។ គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕