Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះ.../កាស៊ីណូជាន់ទី៧ ខូច.../ខាត៣បន្ទប់

 ភ្លើងឆេះ…/កាស៊ីណូជាន់ទី៧ ខូច…/ខាត៣បន្ទប់

ខេត្តត្បូងឃ្មុំ ៖ អគារកាស៊ីណូ នៅជាន់ទី៧ មួយកន្លែង ស្ថិតនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្ត រាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយមានទាំងរថយន្តពន្លត់អគ្គិភ័យ របស់ភាគីវៀតណាម ចំនួន២គ្រឿង បានចេញមកជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច អគារកាស៊ីណូ៧ជាន់ ស្ថិតនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទប់ដែលបានឆាបឆេះ គឺជាបន្ទប់បុគ្គលិករបស់កាស៊ីណូស្នាក់នៅ ជាន់ទី៧ ហើយមូលហេតុដោយសារការបញ្ចូលថ្មទូរស័ព្ទដៃ ហើយឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះឡើងតែម្តង និងរាលដាលទៅបន្ទប់២ទៀត ដែលនៅក្បែរគ្នា។  ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលត្រពាំងផ្លុង ហើយសមត្ថកិច្ច បានរាយការណ៍បន្តទៅលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរ បាលស្រុកពញាក្រែក និងត្រូវបានលោកអធិការ ចាត់បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ចេញអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែលបន្តថា ដោយសារតែឃើញភ្លើងកាន់តែឆាបឆេះខ្លាំងឡើង ទើបលោកឧត្តមសេនីយ៍ស្នងការនគរ បាលខេត្ត បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកនៅជាប់នឹងស្រុកពញាក្រែក ចេ ញមកអន្តរាគមន៍ជាបន្តបន្ទាប់ ហើយក្នុងនោះឃើញមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម បានមកជួយអន្តរាគមន៍ ចំនួន២គ្រឿងផងដែរ។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែបន្ទប់ឆេះនៅជាន់ទី៧ ទើបរថយន្តដែលបានមកជួយអន្តរាគមន៍ បានប្រឹងបាញ់ទឹកទៅលើជាន់ក្រោម និងកន្លែងផ្សេងទៀតដើម្បីចៀសវាងភ្លើងឆេះរាលដាល ហើយក្រុមពន្លត់អគ្គិ ភ័យ បានបំពាក់ខ្យល់អុកស៊ីសែន ឡើងទៅជាន់ខាងលើ សំដៅទៅបន្ទប់ដែលឆាបឆេះ និងបានប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់បន្ទប់ដែលបានឆាបឆេះនោះ អស់ជាច្រើនបំពង់ ទើបភ្លើងបានរលត់ ប៉ុន្តែទោះជាបែបណាក៏ដោយ ភ្លើងបានធ្វើឱ្យឆេះខូចខាតបន្ទប់ចំនួន៣ នៅជាន់ទី៧។ ចំពោះរថយន្តពន្លត់អគ្គិភ័យដែលបានមកអន្តា គមន៍ បាញ់ពន្លត់នោះ គឺពុំមានប្រភេទរថយន្តធុនធំ ដែលមានជណ្តើរវែង អាចបាញ់បានច្រើនជាន់នោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងកម្ពុជា និងវៀតណាម ដោយចំណាយពេលប្រហែល ២ម៉ោង បានធ្វើឱ្យភ្លើងដែលឆាបឆេះនៅជាន់ទី៧នោះ បានរលត់ទៅវិញទាំងស្រុង ដោយមិនបណ្តាលឱ្យអ្នក ណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

RELATED ARTICLES