Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារបឹងឈូក អគ្គិភ័យលេ.../បត្របាក់

ផ្សារបឹងឈូក អគ្គិភ័យលេ…/បត្របាក់

ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីផ្សារបឹងឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីអគ្គិភ័យមួយ បានកើតឡើង នៅចំណុចជាន់ទី០១ (ជាន់លើ) ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ បណ្តាលឲ្យខូចខាតជាច្រើន។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្រោយ ពេលកើតហេតុអគ្គិភ័យនេះភ្លាម រដ្ឋបាលខេត្តបាត់ដំបង  កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែងនិងប្រើប្រាស់កម្លាំង និងមធ្យោបាយ រួមមាន ៖ ១-កម្លាំងយោធភូមិភាគទី៥ ចំនួន ២៥០នាក់ ២-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១០០នាក់ ៣-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន  ៣០០នាក់ ៤-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៦០នាក់ ៥-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន ៨១នាក់ ។ សរុបរួម ចំនួន ៧៩១នាក់ បានចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ។

ប្រភពដដែល បន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន ១១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន ៧គ្រឿង ព្រមទាំងមានរថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ២គ្រឿង សរុប ១៣គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន ៥០រថយន្តអគ្គិភ័យ។  រហូតដល់វេលាម៉ោង០៣និង២០នាទី ឈានចូលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤  ទើបស្ថានភាពនៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រង បាញ់រលត់ទាំងស្រុង។

ប្រភពដដែល បន្តទៀតថា ក្រៅពីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ កម្លាំងចម្រុះបានចូលរួមជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅជុំវិញកន្លែងកើតហេតុ អន្តរាគមន៍ជួយជញ្ជូនអីវ៉ាន់ ទ្រព្យសម្ភារៈរបស់បងប្អូន អាជីវករស្ថិតនៅជាន់ផ្ទាល់ដី និងជុំវិញកន្លែងកើតហេតុ ទៅកាន់ទីសុវត្ថិភាព។

រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តស្ថិតនៅកន្លែងកើតហេតុ ហើយចំពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដោយសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ និងវាយតម្លៃចំពោះការខូចខាត។ ទោះបីជាយ៉ាងណា ក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

RELATED ARTICLES