Sunday, January 19, 2025
Homeព័ត៌មានជាតិបើក​រថយន្ត​បុក​ម៉ូតូ និង​កង់​ស្លាប់​២​នាក់​នៅស្តុប​ផ្សារ​ដីហុយ

បើក​រថយន្ត​បុក​ម៉ូតូ និង​កង់​ស្លាប់​២​នាក់​នៅស្តុប​ផ្សារ​ដីហុយ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ​ និងបុរសម្នាក់ទៀតជិះកង់ក្នុងទិសដៅស្របគ្នាត្រូវ រថយន្តមួយគ្រឿងបើក បុកពីក្រោយពេញទំហឹងប៉ើងដូចក្រដាសស្លាប់ទាំង២នាក់ភ្លាមៗ ចំណែករថយន្តបង្កបើក រត់បាត់ស្រមោល ​ កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៧ កុម្ភះ ២០១៧ នៅចំណុចស្តុបផ្សារដីហុយ ផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះស៊ុំ សោភ័ណ្ឌ ភេទប្រុស វ័យជាង៣០ឆ្នាំ មុខរបរសន្តិសុខបុរីពិភពថ្មីមានស្រុកកំណើតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1N-8594 ។ ចំណែកសពបុរសម្នាក់ទៀតដែលជិះកង់មិនត្រូវគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ដែលជាជនរងគ្រោះបានជិះកង់និងម៉ូតូស្របទិសគ្នាតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបជាកន្លែងកើតហេតុ ស្រាប់​តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក  បើកក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង ធ្វើឲ្យប៉ើងជនរងគ្រោះទាំង២នាក់​ខ្ទាតចម្ងាយជាង៣០ម៉ែត្រ បណ្តាលអោយជនរងគ្រោះស្លាប់ទាំង២នាក់ភ្លាមៗតែម្តង ចំណែករថយន្តបង្កបើតាមសាក្សីអះអាងថាខូតខាតផ្នែកខាងមុខធ្ងន់ធ្ងរ រួចបើករត់សំដៅឆ្ពោះមកទៅផ្លូវសហព័ន្ធរុស្សីបាត់ស្រមោល​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅពិនិត្យកន្លែងកើតហេតុ បានធ្វើឯកសារ យកសពទៅរក្សាទុកនៅវត្តតាំងកសាងខាងត្បូងរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សោល ​វណ្ណៈ

RELATED ARTICLES