Saturday, November 23, 2024
Homeសេដ្ឋកិច្ចជាតិឆ្នេរអង្កោល ខេត្តកែប តម្លៃជាង១០លានដុល្លារ នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ឲ្យប្រើ

ឆ្នេរអង្កោល ខេត្តកែប តម្លៃជាង១០លានដុល្លារ នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ឲ្យប្រើ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ វិថីតេជោសន្តិភាព ឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាសមិទ្ធផលលើដីខេត្តកែប តម្លៃជាង១០លានដុល្លារ ។

ពិធីសម្ពោធនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកធែនថូនី ហ្គ្រីល (ANTHONY GILL) តំណាងធនាគាអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះជាច្រើនផងដែរ។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានអរគុណជូនដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមក និងបច្ចុប្បន្ន តែងតែបានគិតគូរ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ព្រមទាំងការគាំទ្រនានាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត ជាពិសេស បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាម នៅតាមទីប្រជុំជននិងក្រុង ក្នុងបណ្ដាខេត្តសំខាន់ៗ រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាច្រើនទៀតផងដែរ។ លោករដ្ឋមន្រ្តី បានលើកឡើងពីសារប្រយោជន៍នៃវិថីនេះ ដែលបាននិងកំពុងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ៦០០០គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗបានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀត។ វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើង សម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែប ទៅកាន់តំបន់សហគមន៍ទេសចរណ៍និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយ ចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅ ក្នុងខេត្តកែប។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់វិថីតេជោសន្តិភាព ឆ្នេរអង្កោល មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២  ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ គម្រោងនេះ ត្រូវបានចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្កោល សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀង កាត់ទទឹងផ្លូវ ចំនួន ២៨កន្លែង, លូប្រអប់ ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយ ប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោល ភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ និងបង្កើនការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និងបង្កការខូចខាតដល់ផ្លូវ។

សម្តេចហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ព្រោះបើគ្មានសន្តិភាព គឺរលាយទាំងអស់គ្នា វេទនាទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា និងខាតបង់ទាំងអស់គ្នា។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា «ឥឡូវមានគេទៅប្តឹង! ប្រទេសមួយចំនួនគេថា រាជរដ្ឋាភិបាលខ្មែរនេះ ឲ្យតែនិយាយ គឺនិយាយតែការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ហើយគេប្រាប់ថា ពាក្យហ្នឹង គំរាមបក្សប្រ ឆាំង គំរាមអ្នកប្រឆាំង។ ខ្ញុំថាអត់ទេ តែបាត់សន្តិភាព មិនមែនតែបក្សប្រឆាំង អ្នកប្រឆាំងទេ ប្រជាពលរដ្ឋទូទាំងប្រទេស កុំថាឡើយមន្ត្រី កុំថាឡើយអ្នកគាំទ្រគណបក្សប្រជាជន បក្សណាក៏រងគ្រោះដោយសារសង្គ្រាមដែរ កុំនិយាយអំពីគណបក្សនយោបាយ បើប្រទេសវាយគ្នា កាប់ចាក់គ្នាហើយ គឺខ្មែរសម្លាប់ខ្មែរ»។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា «រួមគ្នាការពារសន្តិភាព ដើម្បីយើងរស់នៅបានសេចក្តីសុខទាំងអស់គ្នា។ ពីណាថា និយាយហើយ និយាយទៀត ខ្ញុំសុខចិត្តនិយាយដដែលៗ ទាល់តែថាអ្នកហ្នឹងស្តាប់ទៅ ទាល់តែដេកលក់ក៏ស្រមៃឃើញពាក្យសន្តិភាពដែរ។ ហ្នឹងហើយ! កុំឲ្យស្រមៃឃើញសង្គ្រាម ងើបឡើងដេកអត់ឆ្អែតទេ។ តែបើស្រមៃឃើញសន្តិភាពល្អូកល្អិន ទៅដើរលេង កោះទន្សាយ គឺដេកឆ្អែតតែម្តង។ តែបើដេកស្រមៃឃើញតែកាប់គ្នា ឮតែគ្រាប់បែកហោះមក ភ្ញាក់កណ្តាលយប់នោះឯង។ អីចឹង កុំឲ្យមានសុបិនអាក្រក់ យើងសុខចិត្តថែរក្សាសន្តិ ភាព ដើម្បីមានសុបិនល្អទាំងអស់គ្នា» ៕ ខៀវទុំ

RELATED ARTICLES