Wednesday, December 11, 2024
Homeព័ត៌មានជាតិចាប់ខ្លួនផ្កាយ៣ មួង ឃីម-ឧកញ៉ាអ៊ុត ធី  ពាក់ព័ន្ធបណ្ឌិតមិនចេះអក្សរ លី សាម៉េត

ចាប់ខ្លួនផ្កាយ៣ មួង ឃីម-ឧកញ៉ាអ៊ុត ធី  ពាក់ព័ន្ធបណ្ឌិតមិនចេះអក្សរ លី សាម៉េត

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោកផ្កាយ៣ លោកមួង ឃីម អតីតអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង នៃគណបក្សប្រជាជនកម្ពុជា និងលោកឧកញ៉ា អ៊ុត ធី ប្រធានក្រុមហ៊ុន អ៊ុត ធី អ៊ី&ស៊ី ខូអិលធីឌី ពាក់ព័ន្ធនឹងបណ្ឌិតមិនចេះអក្សរ លោកលី សាម៉េត ហៅគ្រូមា ទីប្រឹក្សាសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ ដូចគ្នានឹងលោកដួង តារា អតីតជំនួយការសម្តេចហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

តាមប្រភពពីលោកខ័ណ្ឌ ចាន់សុផល ជាមន្រ្តីយោធា និងជាអ្នកតាមដាន ឃ្លាំមើលសង្គមម្នាក់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសរសេរពីដំណឹងនៃការចាប់ខ្លួនលោកមួង ឃីម និងលោកឧកញ៉ាអ៊ុត ធី នេះថា “អតីតប្តីតារាចម្រៀងល្បីឈ្មោះមួយរូប និងស្រីៗដាក់រហស្សនាមថា ជាបុរសសម្បូរស្នេហ៍ឲ្យស្រីៗ សម្តីផ្អែម និងពេញដោយកម្លាំងដ៏មហិមាដូចដំរីចុះប្រេង  គឺអតីតមេប៉ូលិសផ្កាយ៣ លោកមួង ឃីម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនហើយ បន្ទាប់ពីបែកធ្លាយរឿងយកលុយសូកឪពុកធម៌ ជាទីគោរពស្រលាញ់ ដាក់តម្កល់លើត្បូងសិរសា អស់ខ្ទង់ ២៨ម៉ឺនដុល្លារ ជាថ្នូររត់ការឡើងតំណែង ចង់ទៅកាន់ជាចៅហ្វាយខេត្ត តែក្តីបំណងប្រាថ្នា វាមិនចេះដល់សោះ ធ្វើឲ្យពេលវេលាកាន់តែកៀកដល់អាយុចូលនិវត្តន៍ ហើយ លុយក៏មិនឃើញបានមកវិញសោះ ទើបដាច់ចិត្តទម្លាយរឿងចាញ់បោកឪធម៌ខ្លួនឯង នឹកឡើងហួសចិត្តអាណិតខ្លួនឯងក្រៃ“ ។

លោកខ័ណ្ឌ ចាន់សុផល បានសរសេរបន្តថា “គួរបញ្ជាក់ផងដែរថា ក្រុមសិល្បៈល្ខោនសម័យ ដើរបោកតែលុយគ្នាឯង កំពុងរុញដាក់គ្នាហើយ លែងមានអាណាមេ អាណាកោយ អាណាឱធម៌ អាណាកូនធម៌ហើយ សក់អាណា ក្បាលអាហ្នឹង ជាពិសេសមនុស្សដែលឆ្លាត និងទទួលផល គឺលោកមហាបណ្ឌិត ឡាច សំរោង តែមួយគត់ ដែលរៀបចំសេណារីយ៉ូ អូសឲ្យមនុស្សមិនចេះអក្សរ ដូចលី សាម៉េត ផុងខ្លួនធ្លាក់ចូលទៅនឹងការលើកសរសើរ ដោយឲ្យរៀបចំឈ្មោះជាបណ្ឌិត និងលោកដួង តារា ជួយរៀបចំឲ្យឡើងជាអ្នកឧកញ៉ា អ្នកឧកញ៉ាបណ្ឌិត ។ លោកឡាច សំរោង រៀបចំឲ្យលី សាម៉េត ទិញភាគហ៊ុនសាលាគាត់ ព្រោះមាននិស្សិតក្នុងដៃស្រាប់ ដើម្បីឲ្យសិស្ស និស្សិតទាំងនោះ ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាមួយគាត់។ តើលី សាម៉េត បានចំណាយលុយប៉ុន្មានសែនដុល្លារ ដើម្បីទិញភាគហ៊ុនសាលារបស់លោកឡាច សំរោង? ភាពក្រអឺតក្រទម និងភាពមានបានហ៊ឺហាស៊ីវិល័យ មានអង្គរក្សជិះម៉ូតូ ជិះឡាន តាមក្រោយស្គកតាម និងពេលខ្លះអង្គរក្សរត់ទៅបីថ្នមដៃពីរ ចុះពីរថយន្តរ៉ុលរ៉យ ដោយលើកតម្កើងថា ខ្លួនហាក់ដូចជាស្តេចប្រេង នៅអារ៉ាប់ អ៊ីចឹងដែរ  ឬយើងមើលមកហាក់បីដូចជាគាត់ពិការភាព មិនអាចដើរចុះពីឡានបាន ។ ការឃាត់ខ្លួនមនុស្សប៉ុន្មាននាក់ របស់លោក លី សាម៉េត ដួង តារា និងអ៊ុត ធី (ថៅកែបូមខ្សាច់) គឺមើលទៅហាក់មិនទាន់អស់នៅឡើយទេ ព្រោះមានដូចជានៅ ២នាក់ទៀត ជាក្រុមរបស់គេ តែខ្ញុំឃើញពួកនោះលឹបក្បាលដូចអណ្តើកហើយ ។ តែក្រុមពួកនេះ ភាគច្រើនដើរស៊ីដីធ្លី ពីមុនល្បីខ្លាំងខាងកំពង់សោម“ ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានលោកឱម យ៉ិនទៀង ជាប្រធាន បានធ្វើការឃាត់ខ្លួនលោកមួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្កាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកអ៊ុត ធី ត្រូវបានគេស្គាល់ថា រកស៊ីខាងវាយថ្ម និងធ្វើផ្លូវ ក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោកដួង តារា និងលោកឡាច សំរោង ក្នុងអំពើឆបោក។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនលោក មួង ឃីម អតីតមន្រ្តីនគរបាល និងលោកអ៊ុត ធី ជាឈ្មួញរកស៊ីថ្ម ខាងលើនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤  ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រុមជំនាញ សម្រេចឃាត់ខ្លួនលោកមួង ឃីម និងលោកឧកញ៉ា អ៊ុត ធី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ACU បានរៀបចំរបាយការណ៍រួចរាល់ ត្រៀមបញ្ជូនជនសង្ស័យទាំង២នាក់នេះ ទៅតុលាការ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែតុលាការ សុំឱ្យបញ្ជូននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រោះស្ថានភាពពេលវេលា ។

ពាក់ព័ន្ធនឹងករណីឃាត់ខ្លួន និងការបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការនេះ អ្នកនាំពាក្យ ACU សុំមិនទាន់បង្ហាញព័ត៌មានលម្អិតឡើយ ដោយរង់ចាំតុលាការពិនិត្យសំណុំរឿង ជាមុនសិន ។ ទោះយ៉ាងណា ការឃាត់ខ្លួននេះ បានធ្វើឡើង ក្រោយពីមានការបែកធ្លាយលិខិតមួយច្បាប់ បង្ហាញថា បុគ្គលទាំងនេះមានការជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ហៅគ្រូមា, លោកដួង តារា អតីតជំនួយការសម្តេចហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោក ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ពាក់ព័ន្ធអំពើឆបោក ៕ កុលបុត្រ

RELATED ARTICLES