ភ្នំពេញ ៖ មួយរយ:ចុងក្រោយថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម បានចាប់អារម្មណ៍នឹងលោកឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឲ្យស្រឡាញ់» ម្ចាស់បុរី TLL និងហាងម៉ូតូ Honda ដែលបានបង្ហាញខ្សែកមាស មួយខ្សែដ៏ធំ ទម្ងន់ជាង ១,៥គីឡូក្រាម (៤២តម្លឹង) ធ្វើឲ្យមានអ្នកបញ្ចេញយោបល់សរសើរថា ឧកញ៉ាវ័យក្មេងរូបនេះ មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់ ក្រៅពីវីឡាតម្លៃរាប់លានដុល្លារ ឡានទំនើប ២គ្រឿង តម្លៃរាប់លានដុល្លារ លោកជាថៅកែបុរី TLL និងហាងម៉ូតូហុងដា ហើយគ្រាន់តែខ្សែកមាស ១ខ្សែ ដែលលោកពាក់ជាញឹកញាប់នោះ មានតម្លៃដល់ទៅ១២ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឲ្យស្រឡាញ់» ម្ចាស់បុរី TLL បានធ្វើឲ្យ មហា ជនមានការចាប់អារម្មណ៍ជាមួយការបង្ហាញខ្សែកមាស មួយខ្សែដ៏ធំ ទម្ងន់ជាង ១,៥គីឡូក្រាម (៤២តម្លឹង) ដែលមានតម្លៃដល់ទៅជាង ១២ម៉ឺនដុល្លារ បើគិតតាមហាងឆេងមាសបច្ចុប្បន្ន (១តម្លឹង តម្លៃជាង៣០០០ដុល្លារ)។
បើតាមការឲ្យដឹងពីលោកឧកញ៉ា អ៊ឹង គីមហុង ខ្សែកមាស ១ខ្សែនេះ គឺជាកាដូថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២០ឆ្នាំ ដែលលោកស្រីឧកញ៉ា សុខ ស្រីអូន ជាឧត្តមភរិយារបស់លោក បានទិញឲ្យលោក កាលពីជាង២ឆ្នាំមុន អស់ជិត ៥ម៉ឺនដុល្លារ គឺតាំងពី មាស ១តម្លឹង តម្លៃ ១១៥០ដុល្លារ តែពេលនេះ តម្លៃមាស បានឡើងដល់ ១តម្លឹង តម្លៃ ជាង៣០០០ដុល្លារ បើលក់ចេញវិញ បានចំណេញជាងពាក់កណ្តាល គឺជាង១២ម៉ឺនដុល្លារឯណោះ។
ខ្សែកមាស ១ខ្សែធំនេះ មានលក្ខណៈពិសេសគឺមិនធ្លាប់បានឃើញអ្នកណាពាក់បែបនេះឡើយ ជាពិសេសបណ្តោងច្នៃចេញជាម៉ូដក្បូរក្បាច់យ៉ាងស្អាត ដោយមានរំលេចរហស្សនាមរបស់ឧកញ៉ា អ៊ឹង គីមហុង គឺ “ឧកញ៉ាគួរឲ្យស្រឡាញ់” និងនៅខាងក្រោម មានរូបសញ្ញា (Logo) ក្រុមហ៊ុន TLL ។
គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង គីមហុង បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រីឧកញ៉ា សុខ ស្រីអូន ជាង២០ឆ្នាំមកហើយ ។ ក្នុងចំណងអាពាហ៍ ២០ឆ្នាំមកនេះ គូស្វាមីភរិយាអភិជនមួយគូនេះ តែងបង្ហាញនូវភាពផ្អែមល្ហែមស្អិតល្មួត ប្រកបដោយសុភមង្គលក្នុងគ្រួសារ ហើយមកដល់សព្វថ្ងៃ អ្នកទាំងពីរទទួលបានចំណងដៃស្នេ ហា គឺបុត្រាបុត្រីគួរឱ្យស្រលាញ់ ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)។ ក្រៅពីនេះ លោកឧកញ៉ាអ៊ឹង គីមហុង និងភរិយា មានមុខជំនួញជាច្រើនផងដែរ៕ ខៀវទុំ