ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងលោកលី សាម៉េត ជាបណ្ឌិតមិនចេះអក្សរ និងត្រូវបានអ្នកសារព័ត៌មាន ស្នើសុំលោកបណ្ឌិតស៊ុំ ឈុំប៊ុន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ជួយបំភ្លឺ និងពន្យល់សាធារណជន ទាក់ទងនឹងផ្លូវច្បាប់ ក្នុងការឲ្យសញ្ញាបត្របណ្ឌិត និងតែងតាំងអ្នកមិនចេះអក្សរ ជាបណ្ឌិតនោះ លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានចេញមុខបំភ្លឺ តាមរយ: “នគរធំ” នៅពេលនេះ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា បើមើលជារឿងទម្រង់ផ្លូវច្បាប់ លោកឃើញថា ដូចជាអត់ខុសទេ ក្នុងការតែងតាំងបុគ្គលម្នាក់ដែលមិនចេះអក្សរ ព្រោះខ្វះអីនៅលើពិភពលោក អ្នកមិនចេះអក្សរ កម្រិតវប្បធម៌ទាប ប៉ុន្តែគេជាអ្នកនយោបាយ គេទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស មិនមែនបណ្ឌិតមាននិក្ខេបបទអីទេ ហើយការតែងតាំងអ្នកដែលជួយលុយ ដើម្បីមកចូលភាគហ៊ុននៅក្នុងសាលា ក៏ជាការអត់ខុសដែរ ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លោកយល់ថា អត់មានរឿងអីប្រឈមនឹងរឿងច្បាប់ទេ ព្រោះលោកគ្រាន់តែធ្វើតាមសំណូមពរសាកលវិទ្យាធិការ ក្នុងការតែងតែលោកលី សាម៉េត ជាបណ្ឌិតកិត្តិយស និងជាអធិការបតីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលមានភាគហ៊ុននៅក្នុងហ្នឹង ។ ម្យ៉ាងទៀត លោកមិនបានលុយពីខាងសាលានេះទេ គឺមានតែសាលា ជំពាក់លោក លើថ្លៃបង្រៀន ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍ថា “ខ្ញុំហ្នឹងក៏មិនស្គាល់លោកគ្រូមា លី សាម៉េត ហ្នឹងដែរ ដំបូង ទើបតែមកស្គាល់ក្រោយនេះទេ ហើយដល់ឃើញគាត់ Click ហ្នឹង ឆ្នាំ២០២២-២០២៣ ឃើញគាត់ចុះឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយក្នុងនាមជាទីប្រឹក្សារបស់ប្រធានគណបក្ស ហើយឃើញអ្នកមុខអ្នកការ ដូចជាចៅហ្វាយខេត្ត រដ្ឋមន្រ្តីមួយចំនួនអីហ្នឹង គឺគោរពគាត់ណាស់ ហើយខ្ញុំក៏មិនសូវដឹងដែរ ។ ក្រោយមក សាកលវិទ្យាធិការ ដែលជាម្ចាស់សាលា គឺលោកឡាច សំរោង ឯខ្ញុំហ្នឹងគ្រាន់តែឈរជាប្រធានក្រុមប្រឹក្សាភិបាលឲ្យគេទេ ។ អ៊ីចឹងពេលដែលលោកឡាច សំរោង មកសុំឲ្យខ្ញុំតែងតាំងគាត់ ខ្ញុំក៏អត់ដឹងថាគាត់ចេះអក្សរ មិនចេះអក្សរដែរ ប៉ុន្តែផ្អែកទៅលើសាលាកំណត់ហេតុអីហ្នឹងទៅ យើងតែងតាំងនេះជាបណ្ឌិតកិត្តិយសទេ ហើយបើតាមខ្ញុំគិតទៅ បណ្ឌិតកិត្តិយស អត់មានខុសអីទេ គឺគេតែងតាំងឲ្យអ្នកដែលមិនចេះអក្សរ នូវភាសាមួយក៏បានដែរ ។ អានេះជាបណ្ឌិតកិត្តិយស ១ឆ្នាំសាកលវិទ្យាល័យមួយ គេមានសិទ្ធិសុំតែងតាំងបណ្ឌិតកិត្តិយស ពីររូប ឬក៏៣រូប ។ អ៊ីចឹងខ្ញុំផ្អែកទៅលើហ្នឹង ដោយសារយើងចាស់ទុំហើយ គេចេះតែឲ្យជួយទៅ គ្មានដែលបានលុយពីសាលាហ្នឹង មួយកាក់ មួយរៀលទេ ឡាច សំរោង ហ្នឹង វាមានជំពាក់ខ្ញុំថែម ។ ហើយ ដោយសារខ្ញុំយល់ថា ការបណ្ដុះបណ្ដាល ខ្ញុំចេះតែជួយទៅ ហើយការស៊ីញ៉េនេះ គឺលោកគ្រូមា លី សាម៉េត គាត់ត្រូវតែងតាំងដោយសាលាហ្នឹង គឺជាបណ្ឌិតកិត្តិយស ខ្ញុំបានស្រាយបំភ្លឺហើយ បណ្ឌិតកិត្តិយស“ ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្តថា “ដល់ទៅក្រោយមក លោកឡាច សំរោង ហ្នឹង សុំខ្ញុំ សាលាហ្នឹង សុំខ្ញុំទៀត ខ្ញុំក៏មិនដឹងដែរថា លោកលី សាម៉េត ហ្នឹង គាត់ជួយ sponsor ជួយឧបត្ថម្ភថវិកា ដើម្បីជួយដំណើរការសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ហ្នឹង ហើយគេក៏សុំឲ្យតែងតាំងគាត់ជាអធិការបតី ដែលអធិការបតីនេះ ជាការតែងតាំងផ្ទៃក្នុងទេ តំណែងហ្នឹង អ្នកដែលជួយចូលរួមចំណែកភាគហ៊ុន ជាលុយជាកាក់ ដើម្បីជួយសាលា ព្រោះដឹងហើយ សាលាណាក៏ខាតដែរ ភាគច្រើននោះ ក្នុងបរិបទឥឡូវ ។ អ៊ីចឹងខ្ញុំគិតថា ស៊ីញ៉េពីរហ្នឹង អត់មានខុសទេ ហើយក្រោយមក ក៏គាត់សុំឲ្យដូរទៅកូនគាត់វិញ អ៊ីចឹងបានឃើញរូបខ្ញុំនៅក្បែរហ្នឹង ហើយយើងក៏ស៊ីញ៉េទៅតាមសាលា ម្ចាស់ភាគហ៊ុនសាលាហ្នឹង វាមានអ្នកណាៗអ៊ីចឹងទៅ គេសំណូមពរមក យើងក៏ស៊ីញ៉េទៅ ហើយខ្ញុំក៏ឲ្យសាលាហ្នឹង ឆ្លើយទៅលោក សយ សុភាព វិញដែរ ដើម្បីឲ្យយល់អំពីរឿងហ្នឹង“ ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្តថា “មើលជារឿងទម្រង់ផ្លូវច្បាប់ហ្នឹង ក៏ខ្ញុំឃើញថា ដូចជាអត់ខុសទេ តែងតាំងបុគ្គលម្នាក់ វាខ្វះអីនៅលើពិភពលោក អ្នកមិនចេះអក្សរ កម្រិតវប្បធម៌ទាប ប៉ុន្តែគេជាអ្នកនយោបាយ គេទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស មិនមែនបណ្ឌិតមាននិក្ខេបបទអីទេ ហើយការតែងតាំងអ្នកដែលជួយលុយ ដើម្បីមកចូលភាគហ៊ុននៅក្នុងសាលាហ្នឹង ស្ដាប់សម្ដីគាត់ទៅ ក៏ជាការអត់ខុសដែរ ។ ខ្ញុំគ្រាន់តែជាក្រុមប្រឹក្សាភិបាលទេ មិនមែនជាអំណាចប្រតិបត្តិទេ រឿងសាលា រឿងអីហ្នឹង ភាគហ៊ុនអី នៅលើគេ ។ ខ្ញុំយល់ថា ខ្ញុំអត់មានរឿងអីប្រឈមនឹងរឿងច្បាប់ទេ ។ ទី២ រឿងបុគ្គលលោកគ្រូមា លី សាម៉េត នេះ យើងក៏មិនស្មានដល់ដែរ មនុស្សយើងមិនស្មានដល់ថា គាត់ទៅជាជនឆបោកអីអ៊ីចឹង រឿងហ្នឹងរឿងនយោបាយ ឬក៏រឿងអី ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំគិតថា យើងធ្វើអីទៅតាមអ្វីដែលយើងមានភារកិច្ចតែប៉ុណ្ណឹង ហើយដល់គាត់អ៊ីចឹងទៅ យើងក៏ចូលរួមសោកស្ដាយដែរ ហើយខ្ញុំក៏សុំប្រាប់ទៅសាលាដែរ ឡាច សំរោង ហ្នឹង ប្រហែលជារត់បាត់ទៅទៀតក៏មិនដឹងទេ ខ្ញុំថា សំរោង ឯង ត្រូវដោះស្រាយជាមួយ សយ សុភាព ទៅ ពួកម៉ាកយើងទេ ព្រោះសុទ្ធតែអ្នកកាសែតដូចគ្នា កុំឲ្យគេយល់ច្រឡំថា បណ្ឌិតអី ។ អានេះបណ្ឌិតកិត្តិយសទេ មើលនៅក្នុងហ្នឹង គឺបណ្ឌិតកិត្តិយស ហើយអារឿងអធិការបតីអី ជាមុខងារផ្ទៃក្នុងទេ ដែលគាត់អះអាងមក ខាងសាលាអះអាងមក គាត់ចូលភាគហ៊ុននៅហ្នឹង ។ អ៊ីចឹងគាត់ជាចាស់ទុំ ហើយជាអ្នកនយោបាយ ឃើញទេ មុនបោះឆ្នោត ២០២២ និង២០២៣ហ្នឹង គាត់មិនដឹងជាប៉ុន្មានសិបរោង មួយរោងៗ សុទ្ធតែប្រជាជនមកចូលរួមរាប់ពាន់ រាប់ម៉ឺននាក់ ហើយគ្រាន់តែឧបត្ថម្ភមួយពិធីៗ ពួកចុះចូលក្ដី ពួកប្រឆាំងក្ដី ហើយនិងទៅឃោសនាអប់រំប្រជាជន តាមខេត្តនីមួយៗ នៃយុទ្ធនាការបោះឆ្នោត យើងឃើញអ៊ីចឹង ។ ឯខ្ញុំហ្នឹងក៏គ្មានបានប្រាក់ខែនៅក្នុងទេ ជាប្រធានក្រុមប្រឹក្សាភិបាល ដោយសារវាជាប់ឈ្មោះយូរហើយ គេចេះតែដាក់ទៅ ឯរឿងបានប្រាក់ខែ ប្រាក់អី គឺអត់មានទេ បានលុយពីសាលាហ្នឹង មានតែសាលាហ្នឹង ជំពាក់លុយខ្ញុំវិញ បង្រៀនអត់ឲ្យលុយ ហើយក្រោយមកហ្នឹង ក៏ខ្ញុំថា សុំឈប់ដែរ តែគេថា លោកគ្រូចាស់ទុំ ចេះតែនៅហ្នឹងសិនទៅ ព្រោះអាមុខតំណែងប្រធានក្រុមប្រឹក្សាភិបាល កន្លែងខ្លះហ្នឹង មួយចំនួនគេគ្រាន់តែដាក់ឈ្មោះទេ សំខាន់គឺម្ចាស់ភាគហ៊ុនគេទេ“ ។
សូមបញ្ជាក់ថា ការបកស្រាយបញ្ជាក់ បំភ្លឺរបស់លោកបណ្ឌិតស៊ុំ ឈុំប៊ុន ខាងលើនេះ បានធ្វើឡើងក្រោយពេលលោក សយ សុភាព ជាអ្នកសារព័ត៌មាន និងជាស្ថាបនិកសារព័ត៌មានដើមអម្ពិល បានស្នើឲ្យលោកបណ្ឌិត ស៊ុំ ឈុំប៊ុន ជួយពន្យល់សាធារណជនផង ថាតើមានច្បាប់តែងតាំងអ្នកមិនចេះអក្សរ ឱ្យក្លាយជាបណ្ឌិត ដែរឬទេ? បន្ទាប់ពីបែកធ្លាយថា លោកលី សាម៉េត ដែលត្រូវបានឃាត់ខ្លួននិងឃុំខ្លួន បីបទឆបោក ទទួលបានសញ្ញាបត្របណ្ឌិត តែមិនចេះអក្សរ។
លោក សយ សុភាព បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សូមលោកបណ្ឌិតសភាចារ្យ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា មេត្តាជួយពន្យល់សាធារណៈជនផង។ តើមានច្បាប់តែងតាំងអ្នកមិនចេះអក្សរ ឱ្យក្លាយជាបណ្ឌិត ដែរឬទេ? នេះជាប្រធានបទចម្លែកមួយទៀត ដែលក្រសួងសាមី គួរសិក្សាពិចារណាលើករណីពិសេសចម្លែកនេះ។ តើអាចដកសញ្ញាបត្របណ្ឌិត ពីជនមិនចេះអក្សររូបនេះមកវិញបានទេ កុំឱ្យខូចងារ «បណ្ឌិត»។ ខ្ញុំសំដៅតែទៅលើបុគ្គលនេះទេ“ ។
គួរបញ្ជាក់ថា យោងទៅតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ចុះថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយបណ្ឌិត ស៊ុំ ឈុំប៊ុន ជាប្រធាន បានសម្រេចតែងតាំង ”ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ជាអធិការបតី នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា»៕ កុលបុត្រ