ខេត្តកណ្តាល ៖ យុវជនម្នាក់ ក្រោយពីបោះបង់ចោលការសិក្សា ឃើញនៅតែផ្ទះ មិន ព្រមរកការងារអ្វីធ្វើដើម្បីរកប្រាក់ចិញ្ចឹមជីវិត សោះឡើយ លុះម្តាយហៅមកណែនាំ ឱ្យចេញ ទៅរកការងារធ្វើ ស្រាប់តែកូនប្រុសរូបនេះតូច ចិត្តក៏សម្រេចចងកបញ្ចប់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះជា សុភីរក្ស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ មានឪពុកឈ្មោះជី ស្រេង អាយុ៥១ឆ្នាំ ម្តាយឈ្មោះហុង សុភាព មុខរបរលក់នំនៅ ផ្សារតាខ្មៅ សព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងភូមិកើត- ហេតុខាងលើ។
តាមសម្តីបុរសជាឪពុកយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់ នេះ (ជនរងគ្រោះ) បានបោះបង់ចោលការ សិក្សាទៅហើយ ហើយតាំងពីឈប់រៀនមក កូនប្រុសនេះ មិនព្រមចេញទៅរកការងារអ្វីធ្វើ ទាំងអស់ ហើយកន្លងមកធ្លាប់មានបងប្អូនណែនាំ ហៅឱ្យទៅធ្វើការជាមួយដែរ តែគេមិនព្រម ដោយសំអាងថា មិនចង់ធ្វើការងារទេ។
បុរសជាឪពុកយុវជនរងគ្រោះ បន្តថា លុះ មកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់ក៏បានហៅកូន ប្រុសនេះ មកនិយាយប្រាប់ និងពន្យល់ណែនាំ ថា គួរតែចេញទៅរកការងារធ្វើហើយ ព្រោះ ខ្លួនឈប់រៀន ហើយនៅតែផ្ទះបែបនេះមិនមាន ប្រយោជន៍ទេ។ បន្ទាប់ពីត្រូវម្តាយស្តីបន្ទោស រួចមក កូនប្រុសនេះ មិនមាត់កតបតអ្វីទាំង អស់ ហើយក៏ចូលទៅសម្ងំដេកបាត់ទៅ ចំណែក ពួកគាត់ជាឪពុកម្តាយ ក៏មិនចាប់អារម្មណ៍អ្វីដែរ និងមិននឹកស្មានដល់ថា គ្រាន់តែសម្តីប៉ុន្មាន ម៉ាត់នេះអាចធ្វើឱ្យកូនប្រុសគិតខ្លីដល់ថ្នាក់សម្លាប់ ខ្លួនបែបនេះទេ ព្រោះអ្វីដែលគាត់និយាយ គ្រាន់ តែចង់ឱ្យកូនល្អប៉ុណ្ណោះ។
បុរសជាឪពុកជនរងគ្រោះ បានបញ្ជាក់ថា លុះមកដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគាត់បាននាំគ្នាចេញទៅលក់នំនៅផ្សារតាខ្មៅ ដូចសព្វមួយដង ស្រាប់តែដល់ម៉ោងប្រមាណ៨ និង៣០នាទីព្រឹកថ្ងៃដដែល កូនស្រីរបស់គាត់ បានទូរស័ព្ទមកប្រាប់ថា បងប្រុស (ជនរងគ្រោះ) បានចងកស្លាប់បាត់ទៅហើយ ទើបពួកគាត់ ប្រញាប់មកផ្ទះវិញ ឃើញកូនប្រុសពិតជាចងក ស្លាប់មែន រួចក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន- រងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុង (ខ្សែវាំងននបង្អួច) ពណ៌ស ប្រវែង១,៣៤ម៉ែត្រ បត់ជាង៤ ចងកស្លាប់នៅ ក្នុងបន្ទប់ដេករបស់ខ្លួន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕