ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះមូ៉តូលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវបានរថយន្តកាមរីហើម មួយគ្រឿង បើកបោះពួយលឿនជ្រុលទៅបុកចំពីមុខ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រថយន្តក្រោយកើតហេតុ បានព្យាយាមបើករត់គេច រហូតដល់ ផ្លូវជាតិលេខ៤ ក្នុងស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភូមិអូដឹម សង្កាត់ចោមចៅ រត់មិនរួច ចតរថយន្តទុកចោលក្នុងស្ថានីយ៍ប្រេង ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះ មានឈ្មោះ សន សឿន ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ក្បែរកន្លែងកើតហេតុ ជិះមូ៉តូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1W-1716 ។ ចំណែករថយន្តបង្ក ម៉ាកកាមរីហើម សេរី៩៥ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-4434 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីបើករត់គេចខ្លួន ចតរថយន្តទុកចោលហើយរត់គេចខ្លួនបាត់ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានជិះមូ៉តូចេញពី ផ្ទះមួយនៅក្បែរកន្លែងកើតហេតុ ដោយជិះមូ៉តូ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ដោយសារ ផ្លូវខាងលើ មានខឿនទ្រូងពុះចែកផ្លូវ ទើបជនរងគ្រោះ ជិះសរសៀ ពីត្បូងទៅជើង ដើម្បីរក ចន្លោះដាច់ឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែ រថយន្តបង្ក បើកបោះពួយល្បឿនលឿនពីជើងទៅត្បូងច្រាសទិសគ្នា ជ្រុលមកបុកចំំពីមុខ បណ្តាលឲ្យផ្លោងខ្លាតជិត១០ម៉ែត្រ ស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុ រថយន្តបង្ក មិនបសនឈប់ឡើយ បន្ថែមល្បឿនបន្តបើក ព្យាយាមរត់គេច ឡើងកាត់តាម ផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច រហូតដល់ស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ភូមិអូដឹម សង្កាត់ចោមចៅ ដោយសារស្ថានភាព កំណាត់ផ្លូវ កកស្ទះផងនោះ ទើបរថយន្តបើកចូលទៅក្នុងស្ថានីយ៍ប្រេង ចតទុកចោល អ្នកបើកបរចុះរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ បានត្រឹម ឃើញរថយន្តចតទុកចោល ក្នុងសភាព រងការខូចខាត ចង្កៀង មុខផ្នែកខាងឆ្វេង ។
សាកសព ក្រោយកើតហេតុភ្លាមៗ ត្រូវបានក្រុមគ្រួសារ លើកដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ក្បែរកន្លែងកើតហេតុ ។ ចំណែក រថយន្តបង្ក និងមូ៉តូ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌចុះ ធ្វើការពិនិត្យរួច ប្រគល់ជូនទៅ ការិយាល័យចរាចរណ៍ ជើងគោកក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្តកំពុងគេចខ្លួន មកដោះស្រាយតាមច្បាប់ ៕