ភ្នំពេញ ៖ គូស្នេហ៍ជាជនពិការមួយគូ (ពិការភ្នែកដូចគ្នា) បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២៤ កន្លងទៅ និងត្រូវបានសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ថវិកាចំនួន ៥ពាន់ដុល្លារ ជាចំណងដៃគូស្វាមីភរិយាថ្មោង ថ្មីនេះ។


គូស្វាមី-ភរិយាជាជនពិការភ្នែកទាំងគូ សាមីខ្លួនកូនកំលោះ មានឈ្មោះណោង វុទ្ធី មានស្រុកកំណើតនៅឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសាមីខ្លួនកូនក្រមុំ មានឈ្មោះសឿន ស្រីទូច មានលំនៅក្នុងភូមិពួកថ្មី ឃុំពួក ស្រុកថ្មពួក ខេត្តសៀមរាប។

គូស្នេហ៍ខាងលើ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិពួកថ្មី ឃុំពួក ស្រុកថ្មពួក។

គួរបញ្ជាក់ថា លោកណោង វុទ្ធី ជាកូនកំព្រាឪពុកម្តាយតាំងពីតូច និងបានរស់នៅក្នុងមជ្ឃមណ្ឌលអង្គការគ្រួសារថ្មី នៅខេត្តបាត់ដំបង ដែលមានកម្រិតវប្បធម៌បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំ ពេញ និងបានប្រឡងជាប់ជាមន្ត្រីរាជការនៅក្រសួង ព័ត៌មាន កាលពីអំឡុងឆ្នាំ២០១២។

ចំណែកអ្នកស្រី សឿន ស្រីទូច ជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៤នាក់ ដែលមានកម្រិតវប្បធម៌តូចទាប ដោយសារតែស្រុកទេសកើតមានសង្គ្រាម។ ដោយសារតែពិការភាពផង ធ្វើឱ្យគាត់សម្រេចចិត្តបង់បោះការសិក្សា និងមានការអាក់អន់ចិត្តនឹងមានពិការភាពរបស់ខ្លួន ព្រមទាំងអ្នកដល់ដទៃមើលងាយផងថា ខ្លួនជាជនពិការភ្នែក ដែលមិនអាចធ្វើអ្វីបាន ដោយរស់នៅពឹងផ្អែកលើគ្រួសារ។ អ្នកស្រី សឿន ស្រីទូច បានសម្រេចចិត្តទៅរៀនជំនាញម៉ាស្សា ចាប់សរសៃ នៅភ្នំពេញ។ ក្រោយមក លោកណោង វុទ្ធី និងអ្នកស្រី សឿន ស្រីទូច ក៏បានជួបស្គាល់គ្នា រហូតបង្កើតបានជាទំនាក់ទំនងស្នេហា រហូតសម្រេចចិត្តដឹកដៃគ្នាចូលរោងការ កសាងអនា គតជាមួយគ្នាតែម្តង ក្រោមការជួយជ្រោមជ្រែងនិងឧបត្ថម្ភជាទឹកប្រាក់ចំណងដៃអាពាហ៍ពិពាហ៍ ពីសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន៥ពាន់ដុល្លារ៕




