Tuesday, November 26, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ថាឡានក្រុងត្រកូលហ៊ុន បើកឆ្ពោះទៅជ្រោះសែនគ្រោះថ្នាក់

សម រង្ស៊ី ថាឡានក្រុងត្រកូលហ៊ុន បើកឆ្ពោះទៅជ្រោះសែនគ្រោះថ្នាក់

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងក្នុងន័យវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយប្រៀបទៅនឹងឡានក្រុងមួយគ្រឿង បើកបរដោយត្រកូនហ៊ុន (សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត) ថា កំពុងបើកឆ្ពោះទៅរកជ្រោះដ៏សែនគ្រោះថ្នាក់ ។ អតីតមេបក្សប្រឆាំងរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាមកបង្កើតឡានក្រុងថ្មីមួយ ឈ្មោះ “ចលនាជាតិតស៊ូ” ដែលមានរូបលោកជាអ្នកបើកបរថ្មី បើកឆ្ពោះទៅរកផ្លូវសង្គ្រោះជាតិ ធ្វើដូចប្រជាពលរដ្ឋនៅប្រទេសបង់ក្លាដែស ។ ប៉ុន្តែមន្រ្តីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្ម ថ្កោលទោសទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ជ្រុលនិយមនេះ យ៉ាងដាច់អហង្ការ ព្រោះវាជាសម្ដីបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ មិនមែនជាសម្ដីអ្នកនយោបាយប្រជាធិបតេយ្យទេ គឺជាសម្ដីញុះញង់សុទ្ធសាធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួន លោកសម រង្ស៉ី បានបង្ហោះរូបភាពកាត់តជារូបឡានក្រុង ដឹកមនុស្សពេញទាំងនៅខាងក្នុង និងលើដំបូល មានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា បើកបរដោយសម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត ហៀបនឹងធ្លាក់ជ្រោះ ភ្ជាប់ជាមួយសំណេរថា “ស្ថានការណ៍ក្នុងប្រទេសកម្ពុជា សព្វថ្ងៃ គឺប្រៀបដូចជាឡានក្រុងនេះអ៊ីចឹង ជាឡានក្រុងដែលបើកបរដោយគ្រួសារត្រកូលហ៊ុន ឆ្ពោះទៅកាន់ជ្រោះដ៏ជ្រៅដ៏សែនគ្រោះថ្នាក់ ហើយវាជាគ្រោះថ្នាក់ដ៏ខ្លាំងសម្រាប់ជាតិខ្មែរយើងទាំងមូល។ មិនថាកោះត្រល់ ឬកោះគុត ឬ CLV ទេ យើងអាចនឹងបាត់បង់ប្រទេសទាំងមូល ដោយស្នាដៃត្រកូលហ៊ុន។ វាមិនទាន់យឺតពេលទេ ដើម្បីជួយសង្រ្គោះជាតិយើង យើងអាចស្វែងរកឡានក្រុងថ្មី និងអ្នកបើកបរថ្មី។ មិនថាបងប្អូនជិះឡានក្រុងគណបក្សប្រជាជន ជិះឡានក្រុងគណបក្សសង្គ្រោះជាតិ ឬជិះឡានក្រុងគណបក្សហ៊្វុនស៊ិនប៉ិចទេ យើងរួមគ្នាមកបង្កើតឡានក្រុងថ្មីមួយ ឈ្មោះ “ចលនាជាតិតស៊ូ” មានអ្នកបើកបរថ្មី បើកឆ្ពោះទៅរកផ្លូវថ្មីមួយ ដើម្បីសង្គ្រោះជាតិខ្មែរយើងឡើងវិញ។ បង់ក្លាដែស ធ្វើបាន ខ្មែរ ក៏អាចធ្វើបានដែរ” ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងប្រអប់ខម្មិន (comment) ថា “៤៥ឆ្នាំក្រោយការដួលរលំនៃរបបប៉ុល ពត កេរដំណែលដែលយើងបានមកពីការដឹកនាំបន្តពូជរបស់គ្រួសារត្រកូលហ៊ុន គឺយើងបាត់បង់កោះត្រល់ បាត់បង់កោះគុត បាត់បង់ទឹកដីនិងអធិបតេយ្យ បាត់បង់ឯករាជ្យជាតិ បាត់បង់ធនធានជាតិរ៉ែ និងព្រៃឈើ បាត់បង់កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាត់បង់លទ្ធិប្រជាធិបតេយ្យ បាត់បង់សេរីភាព បាត់បង់យុត្តិធម៌ បាត់បង់សម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងនយោបាយជាមួយលោកខាងលិច យើងបាត់បង់ឱកាសនិងការងារ។ ប៉ុន្តែអ្វីដែលរីកចម្រើនជំនួសមកវិញ គឺភ្នំបំណុល ដែលចេះតែកើនច្រើនឡើងៗ ជាពិសេសបំណុលមីក្រូហិរញ្ញវត្ថុ ដែលកំពុងដាក់បន្ទុកដល់ប្រជាជនកម្ពុជា ៩០% នៅទូទាំងប្រទេស។ អំពើពុករលួយ និងប្រតិបត្តិការពួកម៉ាហ្វីយ៉ាជាប្រព័ន្ធ ត្រូវបានការពារនិងគាំទ្រដោយគ្រួសារហ៊ុន សែន សកម្មភាពនេះបានបង្កើតអស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មូលដ្ឋានទ័ពចិន នៅរាម អាចបង្កឱ្យមានសង្រ្គាមជាមួយប្រទេសជិតខាង និងលោកខាងលិច។ ក្រោមការដឹកនាំរបស់ត្រកូលហ៊ុន ប្រទេសកម្ពុជា របស់យើង កំពុងស្ថិតនៅលើផ្លូវដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរយើង ហើយកម្ពុជាយើង បានក្លាយជាប្រទេសឯកោមួយ ស្រដៀងគ្នាទៅនឹងប្រទេសកូរ៉េខាងជើង។ រយៈពេលជាង ៤៥ឆ្នាំ នៃការរងទុក្ខវេទនានេះ គឺវាល្មមគ្រប់គ្រាន់ហើយ យើងមានការឈឺចាប់គ្រប់គ្រាន់ហើយ យើងមានបញ្ហាគ្រប់គ្រាន់ហើយ យើងបាត់បង់ទឹកដីគ្រប់គ្រាន់ហើយ។ វាដល់ពេលមួយដែលយើងទ្រាំលែងបានហើយ ដល់ពេលមួយដែលយើងត្រូវតែក្រោកឈរប្រឆាំងនឹងរបបផ្តាច់ការនេះ។ បង់ក្លាដែស ធ្វើបាន ខ្មែរ ក៏អាចធ្វើបានដែរ” ។

ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបនឹងរូបភាព សំណេរ និងការលើកឡើងរបស់លោកសម រង្ស៉ី ខាងលើនេះ លោកជុំ កុសល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពាក្យថា «បង់ក្លាដែស ធ្វើបាន ខ្មែរ ក៏អាចធ្វើបានដែរ» ជាពាក្យសម្ដីញុះញង់របស់មេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី យ៉ាងច្បាស់ក្រឡែតហើយ ។ ដូច្នេះក្នុងនាមមន្រ្តីបក្សកាន់អំណាច លោកសូមថ្កោលទោសទណ្ឌិតរូបនេះ និងសូមស្នើរាជរដ្ឋាភិបាល បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ដឹកនាំដោយសម រង្ស៊ី នេះ ជាក្រុមភេរវកម្ម ដូចដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានលើកឡើង ។

លោកជុំ កុសល បានមានប្រសាសន៍ថា “យើងដឹងហើយថា ហេតុការណ៍ថ្មីៗនេះ កាលពីខែសីហា កន្លងទៅ ព្រឹត្តិការណ៍មួយ ដែលកើតឡើងនៅប្រទេសបង់ក្លាដែស ហ្នឹងគឺជាព្រឹត្តិការណ៍ហិង្សា ធ្វើកូដកម្មទម្លាក់រដ្ឋាភិបាល រហូតដល់នាយករដ្ឋមន្រ្តី ចេញពីប្រទេសសឹងតែមិនទាន់ ។ អានេះវាជាអំពើខុសច្បាប់សុទ្ធសាធមួយ ហើយការអំពាវនាវរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះ វាជាការអំពាវនាវឲ្យប្រជាពលរដ្ឋចុះក្នុងអន្ទាក់ច្បាប់ហើយ ។ មាត់គេៗនិយាយថា ទាមទារតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែគេឲ្យយកគំរូតាមបង់ក្លាដែស  អាហ្នឹងយើងត្រូវពិចារណា បងប្អូន! ពាក្យថា ប្រជាធិបតេយ្យ វាត្រូវតែឆ្លងកាត់ការបោះឆ្នោត ហើយគេនិយាយថា ឡានត្រកូលហ៊ុន ដែលកំពុងតែបើកបរឆ្ពោះទៅរណ្ដៅមរណៈ (ជ្រោះដ៏សែនគ្រោះថ្នាក់) នេះ យើងជាពលរដ្ឋ យើងជាសាក្សីរស់នៅក្នុងប្រទេសមួយជាក់ស្ដែងហើយ តើកំពុងតែសំដៅទៅជ្រោះមរណៈ ឬក៏កំពុងតែឆ្ពោះទៅរកការអភិវឌ្ឍកាន់តែទៅមុខ? អាហ្នឹងយើងធ្វើការប្រៀបធៀបអ៊ីចឹង ។ អ៊ីចឹងសរុបមកវិញ សម្ដីបុគ្គលជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះ វាអត់មានអីក្រៅពីការញុះញង់ឲ្យប្រជាពលរដ្ឋដែលលង់ជឿមួយចំនួនតូចណានោះ លង់ចាញ់កលល្បិច រុញឲ្យបងប្អូនទៅធ្លាក់ក្នុងអន្ទាក់ច្បាប់ទេ ព្រោះបើកាលណាបងប្អូនជឿតាមការញុះញង់របស់ជននេះ អាចចូលរួមសកម្មភាពណាផ្សេងៗ អាហ្នឹងគឺមានតែការអនុវត្តច្បាប់ហើយ ហើយតែកាលណាការអនុវត្តច្បាប់ បងប្អូនមានទោសមានទណ្ឌហើយ កុំទៅជឿឲ្យសោះ ។ មនុស្សនេះ ដើរដល់ផ្លូវទាល់ច្រក ដល់ដើរដល់ទាល់ច្រក ស្អីក៏ហ៊ាននិយាយ ស្អីក៏ហ៊ានធ្វើដែរ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “និយាយទៅ អ្វីដែលទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្សី លើកឡើងខាងលើនេះ សម្រាប់ខ្ញុំៗគិតថា វាគឺជាសម្ដីដែលត្រូវតែថ្កោលទោសដាច់អហង្ការហើយ ព្រោះវាជាសម្ដីបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ វាមិនមែនជាសម្ដីអ្នកនយោបាយប្រជាធិបតេយ្យអីទេ វាជាសម្ដីញុះញង់សុទ្ធសាធ ។ អ៊ីចឹងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការតែម្ដង ហើយយកឱកាសនេះ ស្នើដែរ ស្នើដល់រាជរដ្ឋាភិបាល អ្នកច្បាប់ ខ្ញុំគិតថា ពិចារណា គួរតែដល់ពេលវេលាបង្កើតច្បាប់ ដាក់ពួកនេះឲ្យនៅក្រៅច្បាប់ ឬក៏ប្រកាសជាក្រុមភេរវជន ឬក៏ជាឧទ្ទាមជនតែម្ដងទៅ ព្រោះសកម្មភាពនយោបាយគេនេះ វាជាចេញក្រៅពីបន្ទាត់ប្រជាធិបតេយ្យហើយ ហើយបើនិយាយពីគ្រោះថ្នាក់ គឺពួកនេះជាអ្នកនាំគ្រោះថ្នាក់ទៅវិញទេ មិនមែនត្រកូលហ៊ុន នាំគ្រោះថ្នាក់ទេ អាហ្នឹងការពិតអ៊ីចឹងហើយ យើងឃើញជាក់ស្ដែង ត្រកូលហ៊ុន លោកដឹកនាំប្រទេស ពីចំណុចសូន្យ មកដល់ចំណុចកំពូល ឯបុគ្គលនេះ គឺដឹកនាំបក្សមួយហ្នឹង ពីមានបក្ស មករលាយរលត់បក្ស ហើយខ្លួនមានទោស អ្នកដែលដើរតាមហ្នឹង គឺវាខ្ចាត់ព្រាត់ ព្រាត់ប្រាសគ្រួសារ យើងឃើញជាក់ស្ដែងហើយ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “ចំពោះទណ្ឌិតរូបនេះថា ៤៥ឆ្នាំក្រោយការដួលរលំនៃរបប ប៉ុល ពត កេរដំណែលដែលយើងបានមកពីការដឹកនាំបន្តពូជ របស់គ្រួសារត្រកូលហ៊ុន គឺបាត់បង់កោះត្រល់ បាត់បង់កោះគុត បាត់បង់ទឹកដីនិងអធិបតេយ្យ បាត់បង់ឯករាជ្យជាតិ បាត់បង់ធនធានជាតិរ៉ែ និងព្រៃឈើ បាត់បង់កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាត់បង់លទ្ធិប្រជាធិបតេយ្យ បាត់បង់សេរីភាព បាត់បង់យុត្តិធម៌ បាត់បង់សម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងនយោបាយជាមួយលោកខាងលិច បាត់បង់ឱកាសនិងការងារ ហើយថាអ្វីដែលរីកចម្រើនជំនួសមកវិញ គឺភ្នំបំណុល ដែលចេះតែកើនច្រើនឡើងៗ ជាពិសេសបំណុលមីក្រូហិរញ្ញវត្ថុ ដែលកំពុងដាក់បន្ទុកដល់ប្រជាជនកម្ពុជា ៩០% នៅទូទាំងប្រទេសនោះ អាហ្នឹងវាជាសម្ដីញុះញង់បន្ថែមទៀតហើយ ។ យើងមើលជាក់ស្ដែង ពី១៩៧៩ មកដល់នេះ វា៤០ឆ្នាំជាងមែន ប៉ុន្តែជាង៤០ឆ្នាំនេះ បើយើងពិនិត្យទៅលើពេលវេលាជាក់ស្ដែង តើយើងខាតបង់ពេលវេលាអស់ប៉ុន្មានឆ្នាំ? ពីឆ្នាំ១៩៧៩ មកដល់១៩៩៨ យើងរំដោះពីខ្មែរក្រហម ប៉ុល ពត មែន ប៉ុន្តែយើងមិនមែនមានន័យថា មានសន្តិភាពពេញលេញឯណា គឺដៃម្ខាងខំទប់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដៃម្ខាងកសាងប្រទេស ទើបឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបយើងមានសន្តិភាពពេញលេញ ។ អ៊ីចឹងពី១៩៩៨ មកដល់ពេលនេះ ទើបមានរយៈពេល ២៦ឆ្នាំ ការកសាងប្រទេស ទើបមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែយើងក្រឡេកមើលស្ថានភាពជាក់ស្ដែង តើយើងមានការអភិវឌ្ឍកម្រិតណា? ទី២ទៀត ចំណុចដែលទណ្ឌិតសម រង្ស៊ី លើកឡើងដដែលៗពីបញ្ហាកោះត្រល់ ។ កោះត្រល់នេះ យើងដឹងទាំងអស់គ្នា ក្នុងប្រវត្តិសាស្រ្ត មិនមែនបាត់ក្នុងរជ្ជកាលដឹកនាំរបស់សម្ដេចហ៊ុន សែន ទេ បាត់បង់តាំងពីសម័យអាណានិគមបារាំង ១៩៣៩ មកម៉្លេះ ។ ឯបញ្ហាកោះគុត រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកបានបញ្ជាក់ច្បាស់ហើយ គឺកំពុងតែស្ថិតនៅក្នុងការជជែកគ្នានៅឡើយទេ ពីព្រោះយើងមិនទាន់បានកំណត់ព្រំដែនទឹក ព្រំដែនសមុទ្រ ជាមួយភាគីថៃ ឯណា គ្រាន់តែបាននៅលើព្រំដែនគោក ។ អ៊ីចឹងកោះគុត នេះវាស្ថិតនៅក្នុងការជជែកគ្នាតទៅទៀត រឿងការចោទប្រកាន់នេះ វាជាលេសមួយ ដើម្បីរុញស្ថានការណ៍ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។ នេះហើយវាជាគំនិតដ៏អាក្រក់របស់ទណ្ឌិតរូបនេះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្ថែមថា “ពាក់ព័ន្ធរឿងបំណុលមីក្រូហិរញ្ញវត្ថុ យើងដឹងហើយ ប្រទេសយើងសេដ្ឋកិច្ចទីផ្សារសេរី ។ អ៊ីចឹងប្រជាពលរដ្ឋដែលលោកទៅខ្ចីបុលពីធនាគារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការទំនាក់ទំនងពាណិជ្ជកម្មរវាងវិស័យឯកជន និងប្រជាពលរដ្ឋ ។ កន្លែងហ្នឹង ខ្ញុំចង់លម្អិតបន្តិចថា ប្រសិនបើមីក្រូហិរញ្ញវត្ថុ មិនផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋមានប្រាក់ឯណាទៅពង្រីកដើមទុនវិនិយោគរកស៊ី ប្រកបធ្វើអាជីវកម្មរបស់គាត់? ពីព្រោះធនាគារជាតិ មិនបានផ្ដល់ប្រាក់កម្ចីទេ ។ អ៊ីចឹងតាមរយៈធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងហើយ ជាអ្នកផ្ដល់ដើមទុនឲ្យប្រជាពលរដ្ឋខ្ចី ។ ឯធនាគារ នៅពេលដែលប្រជាពលរដ្ឋទៅខ្ចី គាត់បានចំណូលពីការយកការប្រាក់ ។ អាហ្នឹងគឺវិធានពាណិជ្ជកម្មសេរី គឺត្រូវមានទៅ មានមក ក៏ប៉ុន្តែការកើនបំណុលរបស់ប្រជាពលរដ្ឋ វាមានកត្តាផ្សេងៗ ដូចជាកត្តាគ្រោះធម្មជាតិ ឬក៏វិបត្តិសេដ្ឋកិច្ចពិភពលោក ឬក៏បញ្ហាផ្សេងៗទៀត អាហ្នឹងត្រូវធ្វើម៉េច? ប៉ុន្តែទន្ទឹមហ្នឹង យើងសង្កេតឃើញជាក់ស្ដែង បងប្អូនខ្លះ មួយចំនួនធំ ដែលគាត់ខ្ចីពីធនាគារឯកជន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អីមក គាត់មានមុខរបរត្រឹមត្រូវ គាត់រកស៊ីដោយប្រយ័ត្នប្រយែងអីអ៊ីចឹង គឺមានន័យថា គាត់រំលស់ គាត់បង់ការទៀងទាត់ ហើយគាត់ពង្រីកមុខរបរគាត់បានរីកចម្រើនអ៊ីចឹងដែរ។ ប៉ុន្តែបងប្អូនខ្លះ គាត់ខ្ចីមក អាចំណូលហ្នឹងវាមិនតុល្យភាពជាមួយចំណាយ វាធ្វើឲ្យបាត់បង់ដើមទុន ខ្លះទៅគាត់ភ្លេចគិតពីរឿងចំណាយវាធំជាងចំណូល អាបំណុលហ្នឹងវាចេះតែកើន ឲ្យយើងទៅបន្ទោសអ្នកណា? អាហ្នឹងសេដ្ឋកិច្ចទីផ្សារសេរី វាត្រូវតែអ៊ីចឹង“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្ថែមទៀតថា “ជារួម ទាក់ទងនឹងពាក្យរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ថា “បង់ក្លាដែស ធ្វើបាន ខ្មែរ ក៏អាចធ្វើបានដែរ” នោះ ខ្ញុំជឿជាក់ប្រជាពលរដ្ឋកម្ពុជា លោកមិនទៅលង់លើយជាមួយជនក្បត់ជាតិហ្នឹងទេ ពីព្រោះប្រជាពលរដ្ឋកម្ពុជា លោកឆ្លងកាត់ឈឺចាប់ឆ្អែតហើយ ពីអតីតកាលមក ជាមួយអ្នកនយោបាយអាឃាតនិយមដូចសម រង្ស៊ី នេះ ។ អ៊ីចឺងការអំពាវនាវរបស់សម រង្ស៊ី វាមិនខុសអីពីអំពាវនាវឲ្យប្រជាពលរដ្ឋទៅជាន់ដានប្រវត្តិសាស្រ្តជាថ្មីទេ ។ បើមិនដែលឆ្លងកាត់សោះ អាហ្នឹងចង់មិនចង់ ក៏យើងមានការព្រួយបារម្ភដែរ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជា លោកឆ្លងកាត់រួចហើយ ហើយបានបន្សល់នូវស្លាកស្នាម បន្សល់នូវប្រវត្តិសាស្រ្ត ។ ទោះបីជាយុវជនសម័យនេះ កើតមិនទាន់ពីទសវត្សរ៍១៩៧០ មក ក៏យើងទាញភ័ស្តុតាងប្រវត្តិសាស្រ្តជាច្រើន ឲ្យពួកគាត់សិក្សាស្វែងយល់ដែរ ហើយប្រជាជនកម្ពុជាយើង ដែលលោកឆ្លងកាត់ទសវត្សរ៍១៩៧០ នៅមានអាយុចាប់ពី៦០ឆ្នាំឡើង ដូចបច្ចុប្បន្ននេះ លោកនៅរស់រានមានជីវិតច្រើនណាស់ ដែលជាសាក្សីរស់ ។ អ៊ីចឹងការអំពាវនាវរបស់សម រង្ស៊ី ហ្នឹង វាគ្មានបានប្រយោជន៍អីក្រៅតែពីញុះញង់ទេ“ ៕ កុលបុត្រ

RELATED ARTICLES