Wednesday, November 27, 2024
Homeសង្គម និងជីវិតកូនស្រីកីឡាករប្រដាល់ ធឿន ធារ៉ា ប្រាប់មូលហេតុ មិនឱ្យម៉ែយកប្តីថ្មី

កូនស្រីកីឡាករប្រដាល់ ធឿន ធារ៉ា ប្រាប់មូលហេតុ មិនឱ្យម៉ែយកប្តីថ្មី

ភ្នំពេញ ៖ ក្រោយបែកធ្លាយរូបភាពនិងវីដេអូ អតីតភរិយាកីឡាករប្រដាល់គុនខ្មែរ ល្បីឈ្មោះ ធឿន ធារ៉ា អ្នកស្រី ម៉ីម៉ី ថតរូបឈុតរៀបការជាមួយបុរសម្នាក់ និងថែមទាំងបញ្ជាក់ថា ត្រៀមរៀបការនៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ស្រាប់តែកូនស្រីរបស់កីឡាករ ធឿន ធារ៉ា បានហាមម្តាយរបស់ខ្លួន មិនឲ្យយកប្តីថ្មីនោះទេ ដោយបញ្ជាក់មូល ហេតុថា ខ្លាចឪចុងធ្វើបាបនាងនិងម្តាយ ឲ្យទឹកភ្នែកដូចដែលឪពុកនាង ធ្វើបាបចិត្តម្តាយនាងកន្លងទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការបង្ហោះឃ្លីបវីដេអូតាមបណ្តាញសង្គម ហ្វេសប៊ុក បង្ហាញសកម្មភាព អ្នកស្រី ម៉ីម៉ី អតីតភរិយាកីឡាករប្រដាល់ល្បីឈ្មោះ ធឿន ធារ៉ា ថតឈុតរៀបការជាមួយ បុរសខ្មែរក្រោមម្នាក់ ដែលជាសិល្បករបុរាណ។ ក្នុងឃ្លីបវីដេអូនោះ អតីតភរិយាលោកធឿន ធារ៉ា បានបញ្ជាក់ថា នាងនឹងរៀបការនៅខែ២ (កុម្ភៈ) ឆ្នាំ២០២៥ ខាងមុខ។

ជុំវិញការប្រកាសថា នឹងរៀបការប្តីថ្មី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកស្រី ម៉ីម៉ី អតីតភរិយាលោកធឿន ធារ៉ា បានទេ។ ប៉ុន្តែទោះជាយ៉ាងណា ប្រភពដែលបានទម្លាយរូបភាពនិងវីដេអូអ្នកស្រី ម៉ីម៉ី ថតឈុតរៀបការខាងលើ បានបញ្ជាក់ថា អតីតភរិយាលោកធឿន ធារ៉ា រូបនេះ បានអះអាងថា នាងមិនយកប្តីទៀតទេ ដោយសារកូនស្រីរបស់នាង ឈប់ឱ្យម្តាយនាងយកប្តីទៀតហើយ ដោយសារខ្លាចម្តាយជាន់ ដានចាស់ ត្រូវប្តីផិតក្បត់ បោះបង់ចោល នាំឱ្យឈឺចិត្ត ផ្សាបេះដូង ដូចដែលឪពុកនាង (ធឿន ធារ៉ា) បោះបង់ចោលម្តាយនាង ទៅយកប្រពន្ធថ្មីនោះ។  ចំណែកការថតឈុតរៀបការជាមួយបុរសខ្មែរក្រោមម្នាក់នោះ គឺគ្រាន់តែជាការធ្វើឱ្យភ្ញាក់ផ្អើល (Prank) ប៉ុណ្ណោះ។

យ៉ាងណា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកស្រី ម៉ីម៉ី អតីតភរិយាកីឡាករធឿន ធារ៉ា បានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីសម្តីកូនស្រីរបស់នាង ប្រាប់ពីមូលហេតុដែលនាងមិនឱ្យម្តាយ យកប្តីថ្មី។

ក្នុងវីដេអូនោះ អ្នកស្រី ម៉ីម៉ី បាននិយាយទៅកាន់កូនស្រីសំណព្វចិត្តរបស់ខ្លួន ឈ្មោះសាណា ថា “បើម៉ែយកប្តីថ្មីទៅ គេជួយចិញ្ចឹមកូនឯង ហើយជួយចិញ្ចឹមម៉ែដែរ…” ស្រាប់តែភ្លាមនោះ កូនស្រី បានតបទៅវិញថា “ពេលម៉ែឯងទៅធ្វើការបាត់ អូនខ្លាច គេវ៉ៃអូន…”។

កូនស្រីកីឡាករ ធឿន ធារ៉ា រូបនេះ បាននិយាយទៅកាន់ម្តាយរបស់នាងទៀតថា “ម៉ាក់ឯងមិនបាច់ភ័យទេ ចាំកូនរៀនចប់ កូនចិញ្ចឹមម៉ាក់ឯងហើយ…”។ ចំណែកអ្នកស្រីម៉ីម៉ី ជាម្តាយ បានតបថា “ចុះទម្រាំកូនឯងធំ ម៉ាក់ចិ ញ្ចឹមកូនឯង តែឯងហ្នឹង?…” ភ្លាមនោះ កូនស្រី បានឆ្លើយតបទៅកាន់ម្តាយយ៉ាងខ្លីថា “ឈប់និយាយទៅ អូនចង់ហូរទឹកភ្នែក…”។

បន្ទាប់ពីស្តាប់ឮសម្តីកូនស្រីបែបនេះ អ្នកស្រី ម៉ីម៉ី បាននិយាយទៅកាន់កូនស្រីរបស់ខ្លួនថា “ចង់យំមែន? យំធ្វើអី យើងមានតែ២នាក់ម៉ែកូនទេ អ៊ីចឹងម៉ែឈប់យកប្តីហើយ កុំយំ! យំធ្វើអី ម៉ាក់លែងយកហើយ យកធ្វើអី ម៉ាក់នៅមើលថែកូន ២នាក់បានហើយ គ្រាន់តែម៉ាក់ឆ្ងល់ ពុកម៉ែបងប្អូនសួរទៅ កូនឯងចេះតែមិនឱ្យម៉ាក់យកប្តីហ្នឹងណា អ៊ីចឹងកូនឯងខ្លាច ទី១-ខ្លាចគេធ្វើបាបម៉ាក់ ទី២-ខ្លាចពេលម៉ាក់ទៅណាចោលកូនទៅ គេធ្វើបាបកូនមែន? អ៊ីចឹងម៉ាក់មិនយកទេ ម៉ាក់នៅតែ ២នាក់កូន ម៉ាក់សន្យា…”។

គួរបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្រី ម៉ីម៉ី កំពុងរស់នៅក្នុងស្ថានភាពមេម៉ាយកូន១ បន្ទាប់ពីបានលែងលះជាមួយអតីតស្វាមី កីឡាករ គុនខ្មែរ ធឿន ធារ៉ា។ ចំណែកកីឡាករ ធឿន ធារ៉ា បានយកប្រពន្ធថ្មី បង្កើតបានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ។

ជាមួយការបង្ហាញខ្លួនទស្សនាការប្រកួតប្រដាល់គុនខ្មែរ របស់ធឿន ធារ៉ា នៅពេលចុងក្រោយកាលពីពេលថ្មីៗកន្លងទៅនេះ របស់អតីតភរិយាធឿន ធារ៉ា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីកន្លងទៅនេះ អតីតប្តីប្រពន្ធមួយគូនេះ បានទម្លាយរឿងបែកបាក់ ដោយអ្នកស្រីម៉ីម៉ី ជាអតីតប្រពន្ធ បានចោទប្រកាន់ថា ធឿន ធារ៉ា បានល្បី មានលុយឡាន លួចផិតក្បត់ មានស្រីថ្មី បោះបង់ចោលប្រពន្ធកូនដែលធ្លាប់តស៊ូកម្សត់កម្រជាមួយគ្នា ទោះបីម្តាយក្មេកព្យាយាមបំបឬកក៏មិនបែក ទីបំផុតបែរជាធឿន ធារ៉ា បោះបង់នាងចោល ទៅយកប្រពន្ធថ្មី ធ្វើឱ្យអតីតប្រពន្ធ កើតទុក្ខ ឈឺចាប់បេះដូង បានត្រឹមស្រែកច្រៀងបទ “កាលគ្រាក្រ ស្រីល្អបងនៅឯណា?”៕

RELATED ARTICLES