ភ្នំពេញ ៖ ក្រុមចលនាជាតិតស៊ូ នៅក្រៅប្រទេស ដែលប្រកាសបង្កើតឡើងដោយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បាននាំគ្នាថ្កោលទោសអាជ្ញាធរកម្ពុជា និងថៃ ដែលបានចាប់ខ្លួនសកម្មជនប្រឆាំង ៦នាក់ ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃ បញ្ជូនមកដាក់គុកនៅកម្ពុជា។
លោក ម៉ន ផល្លា អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ ដែលបានកំពុងរត់គេចពីការចាប់ខ្លួន ពីដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់លោកសម រង្ស៊ី កាលពីឆ្នាំ២០១៩ បានសរសេរថ្កោលទោសការចាប់ខ្លួនសកម្មជន ៦នាក់នោះថា “កាលពីថ្ងៃទី25/11/2024 អាជ្ញាធររបបផ្ដាច់ការក្រុងភ្នំពេញ បានគប់គិតជាមួយអាជ្ញាធរថៃ ចាប់ខ្លួនសកម្មជនអ្នកប្រជាធិបតេយ្យ កំពុងរត់គេចខ្លួនផ្នែកនយោបាយ រស់នៅក្នុងប្រទេសថៃ ហើយសុំសិទ្ធិជ្រកកោននយោបាយ ដែលទទួលស្គាល់ដោយ UNHCR ប្រចាំប្រទេសថៃ ត្រូវបានចាប់ខ្លួន ចំនួន៦នាក់ បញ្ជូនទៅដាក់ពន្ធនាគារ នៅកម្ពុជា ទាំងអយុត្តិធម៌ ។ ខ្ញុំសូមថ្កោលទោសចំពោះទង្វើអមនុស្សធម៌ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់អាជ្ញាធររបបផ្តាច់ការក្រុងភ្នំពេញ និងអាជ្ញាធរថៃ ដែលបានគប់គិតគ្នាធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំង និងអ្នកមាននិន្នាការប្រជាធិបតេយ្យ ដែលហ៊ាននិយាយការពិត រិះគន់លើភាពអវិជ្ជមានរបស់រដ្ឋាភិបាលត្រកូលហ៊ុន ពាក់ព័ន្ធការបាត់បង់ទឹកដី អំពើឆបោកជាប្រព័ន្ធ និងបទឧក្រិដ្ឋនានា ។ល។“ ។
ជាមួយគ្នានេះដែរ លោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សសម រង្ស៊ី ដែលទើបរត់គេចខ្លួនទៅដល់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ពិតជាព្រៃផ្សៃណាស់ អាជ្ញាធរថៃ សហការជាមួយរបបផ្តាច់ការត្រកូលហ៊ុន ចាប់ជនភៀសខ្លួនពីថៃ បញ្ជូនទៅខ្មែរ ។ ថ្ងៃអាទិត្យ ទី 24_11_2024 វេលាម៉ោង 2រសៀល នៅចំណុចក្នុងផ្ទះ ស៊ីមូមឿង ប៉ាធុមថានី ។ ១- លោកប៉ែន ចាន់សង្រ្គាម ២- អ្នកស្រី ហុង អាន ៣- អ្នកស្រី សឺង គន្ធា ៤- លោក មាន ចាន់ថុន ៥- អ្នកស្រី យិន ចន្ធូ ៦- កូនស្រីអ្នកស្រីសឺន គន្ធា ៧-កុមារ ណាន់ ។
ដោយឡែក លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ថៃចាប់សកម្មជនបក្សប្រឆាំងខ្មែរ ជាកាដូសម្ដេចហ៊ុន សែន ព្រមប្រគល់កោះគុត ឲ្យថៃ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍នៅក្នុងវីដេអូផ្សាយផ្ទាល់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ខ្ញុំយល់ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង នៅប្រទេសថៃ ហ្នឹង គឺពាក់ព័ន្ធកោះគុត ផងដែរ ព្រោះយើងទើបបានទទួលព័ត៌មានអម្បាញ់មិញនេះ គឺថាមូលហេតុនៃការចាប់ខ្លួនបក្សប្រឆាំងរបស់កម្ពុជា នៅប្រទេសថៃនេះ ចំនួន៧នាក់ ៦នាក់ជាមនុស្សពេញវ័យ ហើយ១នាក់ គឺជាកុមារ ហើយតាមសារព័ត៌មានដែលបានឲ្យខ្ញុំដឹងហ្នឹង គឺថាការចាប់ខ្លួននេះ ដោយសារពួកគាត់បានបង្ហោះ ហើយនិងបានធ្វើការទាមទារឲ្យរដ្ឋាភិបាលថៃ ទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារកោះគុត មកវិញ ហើយនិងដែនសមុទ្រខ្មែរយើងមកវិញ ។ ដូច្នេះដោយសារតែពួកគាត់ជាអ្នកស្នេហាជាតិ ត្រូវបានត្រកូលហ៊ុន ចាប់ពួកគាត់យកទៅដាក់គុកនៅស្រុកខ្មែរ ហើយខ្ញុំបានទទួលព័ត៌មានពីអ្នកសារព័ត៌មានអម្បាញ់មិញនេះថា តុលាការ ថ្ងៃនេះ បានចោទប្រកាន់ពួកគេទាំង៦នាក់ ពីទោសក្បត់ជាតិ ដោយសារគាត់ស្រលាញ់ទឹកដី គ្រាន់តែស្នើឲ្យរដ្ឋាភិបាល ប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុត មកវិញ បែរជាចោទពួកគាត់ជាជនក្បត់ជាតិទៅវិញ ។ ពីមុន គ្រាន់តែចោទញុះញង់ទេ អាហ្នឹងទោសស្រាលជាង តែទោសក្បត់ជាតិនេះធ្ងន់ធ្ងរណាស់ ។ ដូច្នេះអ្នកស្នេហាជាតិ បែរទៅជាក្បត់ជាតិ អ្នកកាត់ទឹកដីឲ្យបរទេស បែរទៅជាស្នេហាជាតិទៅវិញ អាហ្នឹងសម័យដឹកនាំដោយត្រកូលហ៊ុន គឺឃើញថា វាខុសពីការពិត អ្វីដែលខ្មែរយើងស្នេហាជាតិ គ្រាន់តែចង់ឲ្យមេដឹកនាំការពារទឹកដីហ្នឹង បែរទៅជាជនក្បត់ជាតិ ហើយតាមដែលខ្ញុំទទួលព័ត៌មានថា ពួកគាត់ទាំង៦នាក់ហ្នឹង គឺត្រូវបានគេបញ្ជូនទៅពន្ធនាគារហើយ បន្ទាប់ពីតុលាការចោទប្រកាន់ពួកគេ ពីទោសក្បត់ជាតិ ។ ដូច្នេះខ្ញុំយល់ថា រឿងនេះ គឺជារឿងពាក់ព័ន្ធទៅនឹងបញ្ហាទឹកដី ព្រោះហ៊ុន សែន ក៏បាននិយាយប៉ុន្មានថ្ងៃមុននេះដែរថា អ្នកណាដែលរិះគន់ពីបញ្ហាកោះគុត ពីបញ្ហាអីហ្នឹង គឺគាត់អាចនឹងរៀបចំច្បាប់មួយ ដាក់អ្នករិះគន់បញ្ហាកោះគុត ហ្នឹងជាក្រុមភេរវករ ។ ឥឡូវនេះអត់ទាន់មានច្បាប់ហ្នឹងទេ បើសិនជាមានច្បាប់ហ្នឹង គេអាចចោទប្រកាន់អ្នកទាំង៦នាក់ហ្នឹង ជាក្រុមភេរវករហើយ ក៏៏ប៉ុន្តែអត់ទាន់មានច្បាប់ហ្នឹងទេ អ៊ីចឹងគេចោទត្រូវទោសក្បត់ជាតិ ហើយយើងដឹងហើយ ក្រុមភេវរករ ទាល់តែអ្នកហ្នឹងទៅបំផ្ទុះគ្រាប់បែកនៅអគាររដ្ឋណាមួយ អាហ្នឹងបានហៅក្រុមភេរវករ គ្រាន់តែគាត់រិះគន់ដោយប្រើវោហារសាស្រ្ត ប្រើពាក្យសម្ដី ហើយទៅចោទពួកគាត់ជាក្រុមភេវរករ ជាទោសមួយធ្ងន់ធ្ងរណាស់…” ។
លោកអ៊ុំ សំអាន បានបន្តថា “ដូច្នេះខ្ញុំយល់ថា ការដែលថៃ ចាប់ខ្លួននោះ គឺមានរឿងមួយកើតឡើងមុនការចរចាពីបញ្ហាកោះគុត ហើយនិងរឿងដែនសមុទ្រត្រួតស៊ីគ្នា ៣០០០០គីឡូម៉ែត្រការ៉េ ។ យើងមើលកន្លងមក កាលពីសម័យប្រាយុទ្ធ ច័ន្ទអូឆា ទោះបីសម័យហ្នឹងយើងមើលឃើញថា មានការចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជាវិញ អ្នកដែលត្រូវចាប់ខ្លួនហ្នឹង ភាគច្រើនបញ្ជូនមកកម្ពុជា ។ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សភឿថៃ គណបក្សរបស់កូនលោកថាក់ស៊ីន ហ្នឹង អ្នកស្រីផែថងថាន ហើយរហូតមកដល់អ្នកស្រីផែថងថាន បានក្លាយជានាយករដ្ឋមន្រ្តីហ្នឹង មុនការចាប់ខ្លួនអ្នកទាំង៦នាក់ហ្នឹង គា្រន់តែចាប់ខ្លួនទេ មានន័យថា កាលសម័យប្រាយុទ្ធ ច័ន្ទអូឆា គឺចាប់ខ្លួនបញ្ជូនមកកម្ពុជា ជាច្រើន ប៉ុន្តែសម័យរដ្ឋាភិបាលថ្មីនេះ គឺអត់មានការចាប់ខ្លួនបញ្ជូនកមកកម្ពុជាទេ គ្រាន់តែចាប់ខ្លួនដាក់នៅប្រទេសថៃ គឺដាក់គុកនៅប្រទេសថៃ ប៉ុន្តែអត់បានបញ្ជូនមកកម្ពុជាទេ ។ ប៉ុន្តែឥឡូវនេះ គឺចាប់ខ្លួនហើយ បញ្ជូនមកកម្ពុជាទៀត ។ ដូច្នេះខ្ញុំយល់ថា ជារឿងមួយខុសពីមុន ។ ខ្ញុំនឹងពន្យល់ថា មូលហេតុអីបានខុសពីមុន? បើតាមការវិភាគរបស់ខ្ញុំ ពីមុន គឺគេចាប់ខ្លួនហើយ ដាក់គុកនៅប្រទេសថៃ ហ្នឹង ឃើញក្រោយមកចេញពីគុកមក ភាគច្រើនគឺបានទៅប្រទេសទី៣ហើយ អត់បានបញ្ជូនមកកម្ពុជាទេ ។ នៅពេលរដ្ឋាភិបាលថ្មី ក្រោយរដ្ឋាភិបាលប្រាយុទ្ធ ច័ន្ទអូឆា ដែលធ្វើរដ្ឋប្រហារហ្នឹង យើងឃើញមានគោរពសិទ្ធិមនុស្សគួរសម គឺរដ្ឋាភិបាលដែលដឹកនាំដោយអ្នកស្រីផែថងថាន កូនលោកថាក់ស៊ីន ហ្នឹង គឺគាត់បានធ្វើទៅតាមសំណើអង្គការសិទ្ធិមនុស្ស ហើយនិងអង្គការសហប្រជាជាតិ ដែលមិនបញ្ជូនសកម្មជនបក្សប្រឆាំងនៅកម្ពុជា ហ្នឹងពីប្រទេសថៃ ទេ ដោយសារគេចង់គោរពសិទ្ធិមនុស្សដែរ។ ប៉ុន្តែឥឡូវនេះ គេលែងខ្វល់ពីការគោរពសិទ្ធិមនុស្សនៅថៃ ហើយ ឬក៏គេចង់ផ្ដល់ជាកាដូទៅដល់លោកហ៊ុន សែន មុនការចរចាពីបញ្ហាកោះគុត ហើយនិងដែនសមុទ្រត្រួតស៊ីគ្នា ។ ដូច្នេះនៅពេលដែលអ្នកស្រីផែថងថាន ចាប់សកម្មជនរបស់កម្ពុជា តាមសំណើលោកហ៊ុន សែន នេះគឺជាការផ្ដល់កាដូមួយ ទៅដល់ត្រកូលហ៊ុន ដើម្បីឲ្យត្រកូលហ៊ុន ហ្នឹងអាចរក្សាអំណាចបានគង់វង្ស ហើយនៅពេលដែលផ្ដល់កាដូតាមរយៈការចាប់ខ្លួនសកម្មជនបក្សប្រឆាំងមកកម្ពុជា ហ្នឹង ត្រកូលហ៊ុន ប្រាកដជាផ្ដល់កាដូទៅឲ្យថៃ វិញ តាមរយៈពេលចរចាខាងមុខហ្នឹង គឺកាត់កោះគុត របស់ខ្មែរ ទៅឲ្យថៃ ដើម្បីតបស្នងសងគុណថៃ ដែលជួយបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ ហើយនិងកាត់ដែនសមុទ្រខ្មែរយើង មួយចំនួនទៅឲ្យថៃ នៅក្នុងការដែលថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ ហើយត្រកូលហ៊ុន នឹងមិនប្ដឹងទៅកាន់តុលាការអន្តរជាតិនោះទេ អំពីបញ្ហាកោះគុត ពីបញ្ហាតំបន់ត្រួតស៊ីគ្នា លើកលែងតែពលរដ្ឋខ្មែរ ធ្វើស្រុះគ្នាដូច CLV បើសិនជាយើងធ្វើបាតុកម្មទូទាំងពិភពលោក ហើយនិងបញ្ចេញប្រតិកម្មទូទាំងពិភពលោក តាមបណ្ដាញសង្គមហ្នឹង…” ។
គួរបញ្ជាក់ថា តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចថៃ បានសម្រេចចាប់ខ្លួនបញ្ជូនជនភៀសខ្លួននយោបាយខ្មែរ ជិត ១០នាក់ មកកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមអង្គការសិទ្ធិមនុស្ស បានថ្កោលទោស និងចាត់ទុកទង្វើនេះថា បំពានលើគោលការណ៍ច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស ហើយទាមទារឱ្យរដ្ឋាភិបាល ដោះលែងពួកគេទាំងនោះ ដោយឥតលក្ខខណ្ឌ។ ប៉ុន្តែទោះបីជាមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ខិតខំជួយអន្តរាគមន៍ ក៏អាជ្ញាធរថៃ នៅតែបញ្ជូនសកម្មជនបក្សប្រឆាំងទាំងនោះ មកកម្ពុជា ទាំងបង្ខំ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា សមត្ថកិច្ចថៃ បានឡោមព័ទ្ធចាប់ខ្លួនសកម្មជននយោបាយ ៧នាក់ ដល់ក្នុងបន្ទប់ជួល នៅម្តុំស៊ីមាំមឿង (Si Mum Muang) ខេត្តប៉ះធុមថានី (Pathum Thani) កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនភៀសខ្លួនដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំប្រទេសថៃ (UNHCR) ទាំងនោះ រួមមាន លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ៧ឆ្នាំ លោក មាន ចាន់ថុន លោកស្រី យ៉ិន ចន្ធូ ព្រមទាំងពលរដ្ឋខ្មែរក្រោម គឺលោកស្រី សឺន គន្ធា រួមជាមួយកូនស្រីម្នាក់ផងដែរ។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា មើលឃើញថា ការចាប់សកម្មជននយោបាយដែលជាជនភៀសខ្លួនជាបន្តបន្ទាប់មកនេះ ជាការធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងឆ្លងដែន។ លោកបញ្ជាក់ថា សកម្មជននយោបាយបក្សប្រឆាំងទាំងនោះ រត់គេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា ទៅជ្រកកោននៅប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាព ត្រូវតែទទួលបានការពារពារ មិនត្រូវចាប់បញ្ជូនពួកគាត់ទាំងតក់ក្រហល់ និងគ្មានឆ្លងកាត់នីតិវិធីផ្លូវច្បាប់ដូច្នេះទេ។ លោកមើលឃើញថា ការនិរទេសពួកគាត់នេះ គឺជាទម្រង់គាបសង្កត់ឆ្លងដែន និងរំលោភលើច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។
ទោះបីយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកសិទ្ធិ ឡោះ ដើម្បីសុំមតិ ការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ក៏មិនអាចទាក់ទងបានដូចគ្នា ៕ កុលបុត្រ