ថ្មីៗនេះ តារាចម្រៀងភ្លេងរីខដ កញ្ញាលាង សុផាឡែន បានជួបនឹងព្យុះរឿងអាស្រូវស្នេហា ដោយត្រូវបានស្រ្ដីម្នាក់ ដែលប្រើAccount Facebook ឈ្មោះ ”Mekarla Zeelo” បានចោទនាងធ្ងន់ៗថា បានលួចដណ្ដើមប្ដីគេ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។ យ៉ាងណា សុផាឡែន បានចេញមុខបកស្រាយថា នាងគ្មានចេតនាដណ្ដើមប្ដីគេទេ ហើយនាងក៏បានបញ្ចប់រឿងនេះរួចហើយដែរ។
ម្ចាស់បទ ”បេះដូង១០០” កញ្ញាលាង សុផាឡែន បានថ្លែងឲ្យដឹងនៅមុននេះបន្តិចនេះថា ការពិតនាងបានស្គាល់លោកធីអូ ដែលធ្លាប់ជាតារាចម្រៀងរ៉េប ជាមួយមាស សុខសោភា ជិត១ឆ្នាំមកហើយ តែពេលទំនាក់ទំនងគ្នានោះ នាងពុំបានដឹងថា លោកធីអូ មានប្រពន្ធកូនទេ ហើយពេលរឿងនេះផ្ទុះឡើង នាងក៏បានបញ្ចប់ទំនាក់ទំនងជាមួយលោកធីអូ ដែរ។ នាងបន្តថា ពេលផ្ទុះរឿងអាស្រូវនេះឡើងបានធ្វើឲ្យនាងខូចចិត្តជាខ្លាំង ហើយក្រុមគ្រួសារនាងក៏ក្ដៅក្រហាយដែរព្រោះវាប៉ះពាល់ដល់កិត្តិយស និងអាជីពចម្រៀងរបស់នាងជាខ្លាំង។
សុផាឡែន បញ្ជាក់ថា ក្រោយពេលដឹងថា លោកធីអូ មានប្រពន្ធកូននាងបានផ្ដាច់ទំនាក់ទំនងគ្នាហើយ គឺនាងសុំបញ្ចប់រឿងនេះត្រឹមហ្នឹង ហើយនាងក៏សុំឲ្យស្ដ្រីដែលបង្ហោះវាយប្រហារនាងបញ្ឈប់ត្រឹមហ្នឹងដែរ ពោលគឺនាងមិនចង់ជួបរឿងបែបនេះទេ ហើយបើដឹងថា លោកធីអូ មានប្រពន្ធកូន ក៏នាងមិនពាក់ព័ន្ធដែរ។ នាងថា នាងនឹងប្រយ័ត្នប្រយ៉ែងចំពោះរឿងស្នេហាថ្មីហើយក៏មិនទាន់ដឹងថា ពេលណាគិតជាថ្មីដែរ ពោលគឺក្នុងដំណាក់កាលនេះ នាងផ្ដោតតែលើអាជីពចម្រៀងតែប៉ុណ្ណោះ៕