Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិ ចូ បៃដិន ថាអ៊ីស្រាអែល-លីបង់ កិច្ចព្រមព្រៀងឈ.../ប់បាញ់ ចូលជាធរមាន

 ចូ បៃដិន ថាអ៊ីស្រាអែល-លីបង់ កិច្ចព្រមព្រៀងឈ…/ប់បាញ់ ចូលជាធរមាន

អ៊ីស្រាអែល ៖ លោកចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់ (ក្រុមហេសបូលឡាហ៍) បានចុះកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃពុធ ទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ហើយអ៊ីស្រាអែល នឹងដកទ័ពចេញពីលីបង់ បន្តិចម្តងៗ។

នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍នៅសួនកុលាប (Rose Garden) ក្នុងសេតវិមាន បញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ បានចុះកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នា រយៈពេល ៦០ ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ ជាមួយនឹងបទឈប់បាញ់គ្នា ដែលចាប់ផ្តើមនៅម៉ោង ៤:០០នាទី ព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក)។

លោកចូ បៃដិ បានថ្លែងថា “សូមឱ្យច្បាស់ អ៊ីស្រាអែល មិនបានចាប់ផ្តើមសង្រ្គាមនេះទេ ហើយលីបង់ និងសហរដ្ឋអាមេរិក ក៏មិនចង់មានសង្គ្រាមដែរ» ។ លោកចូ បៃដិន បាននិយាយថា លោកបានបញ្ជាឲ្យបញ្ជូនធនធានទៅជួយការពារអ៊ីស្រាអែល ដើម្បីរារាំងសត្រូវរួមនៅពេលដ៏សំខាន់បំផុត។ លោកបៃដិន បាននិយាយអំពីឥទ្ធិពលនៃសង្គ្រាម កាលពីជាងមួយឆ្នាំមុន ដោយនិយាយថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម ជនជាតិអ៊ីស្រាអែល ជាង ៧០ ០០០នាក់ រស់នៅជាជនភៀសខ្លួន ហើយសហគមន៍របស់ពួកគេត្រូវបានបំផ្លាញ ខណៈ ពេលដែលប្រជាជនលីបង់ ជាង ៣០០ ០០០នាក់ ត្រូវបានបង្ខំឱ្យក្លាយជាជនភៀសខ្លួន នេះជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកចូ បៃដិន បាននិយាយថា “កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ ការប្រយុទ្ធគ្នាឆ្លងព្រំដែនលីបង់ ជាមួយអ៊ីស្រាអែល នឹងបញ្ឈប់»។

លោកចូ បៃដិន ក៏បានថ្លែងដែរថា ក្នុងរយៈពេល ៦០ថ្ងៃខាងមុខ អ៊ីស្រាអែល នឹងដកទ័ពដែលនៅសេសសល់ចេញពីលីបង់ ជាបណ្តើរ ហើយប្រជាជននៃភាគីទាំងពីរ នឹងអាចត្រឡប់ទៅសហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព និងចាប់ផ្តើមកសាងជីវិតថ្មីឆាប់ៗនេះ។ លើសពីនេះ សហរដ្ឋអាមេរិក និងបារាំង និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត សន្យាធ្វើការជាមួយអ៊ីស្រាអែល និងលីបង់ ក្នុងការធ្វើឱ្យប្រាកដថា កិច្ចព្រមព្រៀងឈប់បាញ់ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយនឹងមិនមានទាហានអាមេរិក ចូលរួមទេ។

យ៉ាងណាក៏ដោយ មេដឹកនាំអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើក្រុមហេសបូលឡាហ៍ (Hezbollah) បំពានកិច្ចព្រមព្រៀង អ៊ីស្រាអែល ក៏មានសិទ្ធិការពារខ្លួនដែរ ដូចមានចែងក្នុងច្បាប់អន្តរជាតិ។

ចំពោះស្ថានការណ៍នៅហ្គាហ្សា លោកចូ បៃដិន បាននិយាយថា ប្រជាជននៅទីនោះ បានឆ្លងកាត់នរក។ ពិភពលោករបស់ពួកគេ កំពុងដួលរលំ ហើយពួកគេគួរទទួលបានបទឈប់បាញ់។ រដ្ឋាភិបាលរបស់លោក នឹងបន្តជំរុញរឿងនេះ។

លោកបៃដិន បានបញ្ចប់សេចក្តីថ្លែងការណ៍របស់លោក ដោយនិយាយថា «ការប្រកាសបទឈប់បាញ់ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពនៅមជ្ឈិមបូព៌ា។ យើងសរសើរការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល លើប្រទេសលីបង់ ដើម្បីបញ្ចប់អំពើហិង្សា នាំមកនូវសន្តិភាព»។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញពីហេតុផលសំខាន់៣ ដែលលោកសម្រេចចិត្តឈប់បាញ់ជាមួយក្រុមហេសបូលឡាហ៍ ទោះបីជាលោកនិយាយថា សង្រ្គាមមិនទាន់ចប់ក៏ដោយ។

នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក បានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស និងហេសបូលឡាហ៍ ប៉ុន្តែលោកបានសង្កត់ ធ្ងន់ថា សង្រ្គាមមិនទាន់ចប់ទេ ហើយអ៊ីស្រាអែល នឹងវាយប្រហារម្តងទៀត ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានបំពាន។

លោកនេតាន់យ៉ាហ៊ូ បាននិយាយថា មានហេតុផលសំខាន់៣ សម្រាប់ការសម្រេចចិត្តឈប់បាញ់ជាមួយក្រុមហេសបូលឡាហ៍ (Hezbollah) ទី១-ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលមិនបានពន្យល់បន្ថែមទៀតទេ។ ទី២- គឺអនុញ្ញាតឲ្យកងទ័ពបានដកដង្ហើម និងបំពេញស្បៀងនិងសម្ភារៈ និងទី៣-គឺបំបែកសមរភូមិពីគ្នាទៅវិញទៅមក ព្រោះក្រុមហាម៉ាស់ នៅហ្គាហ្សា ពឹងផ្អែកលើក្រុមហេសបូលឡាហ៍ ដើម្បីប្រយុទ្ធជាមួយពួកគេ នៅពេលដែល Hezbហេសបូលឡាហ៍ ដកខ្លួនចេញ ហាម៉ាស់ ត្រូវតែពឹងផ្អែកលើខ្លួនឯង ហើយអ៊ីស្រាអែល នឹងបង្កើនសម្ពាធលើក្រុមហាម៉ាស់បន្ថែមទៀត ដែលការណ៍នេះ នឹងជួយក្នុងការដោះលែងចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា។

លោកនេតាន់យ៉ាហ៊ូ ក៏បាននិយាយដូច្នេះដែរ រយៈពេលនៃបទឈប់បាញ់ នឹងអាស្រ័យលើតើមានអ្វីកើតឡើងនៅប្រទេសលីបង់? អ៊ីស្រាអែល នឹងវាយប្រហារម្តងទៀត ប្រសិនបើក្រុមហេសបូលឡាហ៍ រំលោភលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដោយត្រឡប់ទៅលាក់អាវុធ ជីករូងក្រោមដី បាញ់រ៉ុក្កែត ឬកសាងហេដ្ឋារចនាសម្ព័ន្ធឡើង វិញ នៅជិតព្រំដែនអ៊ីស្រាអែល។

លោកនេតាន់យ៉ាហ៊ូ ថ្លែងថា “ជាមួយនឹងការដឹងឮពេញលេញអំពីសហរដ្ឋអាមេរិក យើងនៅតែមានសេរីភាពពេញលេញក្នុងការប្រើប្រាស់វិធានការយោធា បើលីបង់ បំពានកិច្ចព្រមព្រៀងឈប់បាញ់»៕

RELATED ARTICLES