Wednesday, December 11, 2024
Homeព័ត៌មានជាតិផន ផាន់ណា ចោទយុវតី រស់ សុផល បំបែកអ្នកប្រជាធិបតេយ្យ បម្រើត្រកូលហ៊ុន

ផន ផាន់ណា ចោទយុវតី រស់ សុផល បំបែកអ្នកប្រជាធិបតេយ្យ បម្រើត្រកូលហ៊ុន

ភ្នំពេញ ៖ លោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សសម រង្ស៊ី និងបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃបណ្ដាញយុវជនកម្ពុជាសកល ដែលបានរត់ភៀសខ្លួនទៅដល់សហរដ្ឋអាមេរិក បានចោទប្រកាន់យុវតី រស់ សុផល អតីតអនុប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិ ប្រចាំសាធារណរដ្ឋកូរ៉េ ដែលទើបតែបានប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី និងសុំចុះចូលជាមួយគណបក្សកាន់អំណាចនោះ ថាជាអ្នកបំបែកបំបាក់អ្នកប្រជាធិបតេយ្យ បម្រើត្រកូលហ៊ុន ។

លោក ផន ផាន់ណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “៤ឆ្នាំមុន ពេលដែលខ្ញុំដឹកនាំចលនាមួយ បំបែកខ្លួនចេញពីយឹម ស៊ីណន ដោយដឹងថាស៊ីណន ជាមនុស្សមិនស្មោះត្រង់ គាត់ម្នាក់នេះ (រស់ សុផល) ជេរប្រទេច ប្រមាថកាតទាន  និងលាបពណ៌ខ្ញុំខ្លាំងជាងគេ តែខ្ញុំមិនតបតអ្វីទាំងអស់ ។ ពួកគេធ្វើការជាប្រព័ន្ធ បោះព័ត៌មានបំបែកបំបាក់ ឲ្យសង្ស័យគ្នា បញ្ហាក្នុងក្រុម មានមិនចេះចប់ រវល់តែដោះស្រាយបញ្ហាក្រុម អារម្មណ៍ភ្លេចផ្តោតលើរបបលោកហ៊ុន សែន នេះជាមុំមួយនៃការបង្វែរស្ថានការណ៍ឲ្យអ្នកប្រជាធិបតេយ្យវ៉ល់ ទម្រង់នេះគឺគេនៅបន្តធ្វើដល់បច្ចុប្បន្ន។ ជាបទពិសោធន៍ អ្នកដែលពូកែសង្ស័យគ្នា បោះបញ្ហាដាក់ក្រុមច្រើន គឺមនុស្សបម្រើត្រកូលហ៊ុនហើយ ព្រោះគេចង់ឲ្យអ្នកប្រជាធិបតេយ្យបែកអារម្មណ៍ ។ សូមប្អូនៗអ្នកប្រជាធិបតេយ្យ ប្រយ័ត្នចូលអន្ទាក់មនុស្សប្រភេទនេះ ត្រូវ សុ ចិ បុ លិ មុននឹងធ្វើសុភវិនិច្ឆ័យ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ដោយសារមិនឲ្យពួកយើងយកពេលគិតរឿងប្រទេសជាតិ គឺគិតតែដោះស្រាយបញ្ហានោះហើយ ទើបពួកលោកសម្រេចចិត្តដើរចេញពីក្រុមចលនាយុវជនសង្គ្រោះជាតិ ទៅបង្កើតក្រុមមួយផ្សេងទៀត ដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីឆ្នាំ២០១៩ ។

លោកផន ផាន់ បានមានប្រសាសន៍ថា “ពួកគេធ្វើការជាប្រព័ន្ធ ដែលមានយឹម ស៊ីណន នៅពីក្រោយខ្នង ហើយសកម្មភាពរបស់ពួកគេ តែងតែរំខានដល់អ្នកប្រជាធិបតេយ្យ មិនឲ្យជជែករឿងការងារប្រទេសជាតិកើត តួយ៉ាងកាលយើងធ្វើការជាមួយគ្នា គឺក្រុមពួកគេតែងតែដាក់ការសង្ស័យអ្នកនេះ អ្នកនោះមិនចេះចប់ ពេលខ្លះ និយាយឲ្យគ្នាមានការឈឺចាប់ រហូតដល់មានការឈ្លោះប្រកែកគ្នា វែកញែកមិនចេះចប់ មិនចេះហើយ ។ នេះគឺជាចេតនាដែលពួកគេបម្រើជនត្រកូលហ៊ុន មិនឲ្យពួកយើងយកពេលគិតរឿងប្រទេសជាតិ គឺគិតតែដោះស្រាយបញ្ហា ទើបពួកខ្ញុំសម្រេចចិត្តដើរចេញពីក្រុមចលនាយុវជនសង្គ្រោះជាតិ ទៅបង្កើតក្រុមមួយផ្សេងទៀតដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីឆ្នាំ២០១៩។

ជុំវិញការចោទប្រកាន់របស់លោក ផន ផាន់ណា ខាងលើនេះ “នគរធំ” បានទាក់ទងសុំប្រតិកម្មឆ្លើយតបពីកញ្ញា រស់ សុផល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តែមិនបានសម្រេចទេ ដោយសារនាងជាប់រវល់ មិនទាន់អាចឆ្លើយតបបាន ។

ដោយឡែក លោកយឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្លាប់ធ្វើជាប្រធានរបស់កញ្ញា រស់ សុផល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទឹ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការសម្រេចចិត្តរបស់កញ្ញា រស់ សុផល ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ហើយថា កញ្ញា រស់ សុផល ក៏ដូចជារូបលោក មិនបានបំបែកបំបាក់អ្នកប្រជាធិបតេយ្យ បម្រើត្រកូលហ៊ុន នោះទេ ។

លោកយឹម ស៊ីណន បានមានប្រសាសន៍ថា “បាទ! ការពិតណាស់ អ្វីគ្រប់យ៉ាង គឺជាការសម្រេចចិត្តដោយឆន្ទៈរបស់ពួកគាត់ គ្មានការបង្ខិតបង្ខំពីខ្ញុំ ឬបញ្ចុះបញ្ចូលពីនរណាទេ ការណ៍នេះ គឺក្រោយពេលដែលគាត់មកដល់ប្រទេសកម្ពុជា គាត់ឃើញមានការអភិវឌ្ឍ ឃើញភាពរីកចម្រើននៃកម្ពុជា គាត់សម្រេចចិត្តដោយខ្លួនឯង ។ អ៊ីចឹងខ្ញុំគិតថា ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវសម្រាប់គាត់ ក្នុងការជ្រើសរើសទីតាំងនយោបាយមួយ ដើម្បីធ្វើកិច្ចការងារ ដើម្បីសម្រេចនូវក្ដីសុបិនរបស់គាត់ ឆន្ទៈរបស់គាត់ មនសិការរបស់គាត់ ដើម្បីចង់បម្រើពលរដ្ឋ និងសង្គមជាតិទាំងមូល ។ បានន័យថា អត់មានការណែនាំអីទេ ក្នុងនាមជាអតីតប្រធានរបស់គាត់ គាត់ (រស់ សុផល) អាចមើលឃើញពីគំរូរបស់ខ្ញុំ ក្រោយពីខ្ញុំចូលរួមជាមួយរដ្ឋាភិបាល ខ្ញុំមានឱកាស ខ្ញុំមានលទ្ធភាពដើម្បីបម្រើពលរដ្ឋ ស្របទៅតាមឧត្ដមគតិ និងមនសិការជាតិរបស់ខ្ញុំ ។ ដូច្នេះគាត់អាចនឹងមើលអាចហ្នឹងមួយផ្នែកក៏ថាបាន ហើយទី២ ចំណុចរបស់គាត់ហ្នឹង គឺគាត់ស្ម័គ្រចិត្តក្នុងការចូលរួមដោយឆន្ទៈ អត់មានការបង្ខិតបង្ខំ ឬក៏ដាក់សម្ពាធណាមួយទៅលើគាត់នោះទេ គាត់សប្បាយរីករាយក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែចំពោះការសួរថា តើគាត់នឹងទទួលការងារក្នុងរដ្ឋាភិបាលដូចខ្ញុំដែរឬយ៉ាងណានោះ? គាត់អត់មានបំណងក្នុងការទាមទារ ឬក៏មានមហិច្ឆតាទាមទារឋានៈ តួនាទីណាមួយ ដើម្បីជាថ្នូរក្នុងការចុះចូលនោះទេ អ្វីដែលគាត់ធ្វើ គឺគាត់ជ្រើសរើសទីតាំងគណបក្សប្រជាជនកម្ពុជា មួយ ដើម្បីបានចូលរួមក្នុងការធ្វើកិច្ចការងារបម្រើបក្ស និងបម្រើជាតិ ស្របទៅតាមអ្វីដែលជាគោលការណ៍ ឬក៏យុទ្ធសាស្រ្ត ឬក៏ហៅថា ផែនការរបស់គណបក្ស ។ ដូច្នេះរឿងតំណែង តួនាទី ឬរឿងអី គាត់អត់មានបានលើកអីនៅក្នុងកិច្ចការងារទាំងអស់នោះទេ គាត់កំពុងធ្វើកិច្ចការងារនៅប្រទេសកូរ៉េ នៅឡើយទេ“ ។

លោកយឹម ស៊ីណន បានមានប្រសាសន៍បន្តថា “ចំពោះការចោទរបស់ ផន ផាន់ណា ថាយើងបំបែកបំបាក់អ្នកប្រជាធិបតេយ្យ នេះជាការយល់ឃើញរបស់បុគ្គលម្នាក់ៗ ។ អ៊ីចឹងខ្ញុំគិតថា បើមនុស្សលោកមើលឃើញច្បាស់ពីទង្វើរបស់លោក ក៏ទេវតាមានភ្នែកសម្រាប់មើលដែរ ។ ខ្ញុំមិនចង់ឆ្លើយតបទៅបុគ្គលណាម្នាក់ទេ ប៉ុន្តែយើងមើលអ៊ីចេះ! នៅពេលដែលយើងចង់ធ្វើនយាបាយដើម្បីបម្រើពលរដ្ឋ យើងត្រូវតែឈរនៅប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើការងារបម្រើនូវមហិច្ឆតា ឬក៏មនសិការរបស់យើង ។ បើសិនជាយើងធ្វើនយោបាយ យើងទៅធ្វើលើតែបណ្ដាញសង្គម ឬយើងរត់ទៅក្រៅប្រទេស ដើម្បីទៅរកប្រទេសប្រជាធិបតេយ្យ រស់នៅដើម្បីសុខស្រួលនឹងគ្រួសារខ្លួន ខ្ញុំគិតថា នោះមិនមែនស្របតាមឧត្ដមគតិ ដែលក្រុមខ្ញុំបង្កើតពីដើមមកទេ ហើយរឿងបម្រើត្រកូលហ៊ុន នេះជាទស្សនៈ ឬក៏ទ្រឹស្ដីមួយ ដែលក្រុមគណបក្សក្រៅរដ្ឋាភិបាល ឬក៏ក្រុមឧទ្ទាមក្រៅច្បាប់ តែងតែប្រើប្រាស់ដើម្បីមកវាយប្រហារទៅលើរដ្ឋាភិបាល ។ រដ្ឋាភិបាល បើទោះបីដឹងនាំដោយគណបក្សប្រជាជនកម្ពុជា ទោះបីមានឈ្មោះត្រកូលហ៊ុន ឬក៏ហ៊ុន សែន ឬហ៊ុន ម៉ាណែត ដែលលោកជាអតីតនាយករដ្ឋមន្រ្តី ឬក៏បច្ចុប្បន្នជានាយករដ្ឋមន្រ្តី ជាគោលការណ៍របស់បក្ស មិនមែនជាត្រកូលមួយ ដែលចាត់តាំងមកដើម្បីមកដឹកនាំប្រទេសកម្ពុជាយើងទេ ប៉ុន្តែជាសេណារីយ៉ូសម្រាប់ក្រុមអ្នកនៅក្រៅប្រទេស គឺគាត់តែងតែយករឿងនេះមកវ៉ៃទៅជាការដឹកនាំបែបត្រកូល បក្ខពួកអីជាដើមហ្នឹង ។ អ៊ីចឹងអ្វីៗវាគោលការណ៍របស់បក្ស ជាគោលនយោបាយរបស់បក្ស ការបោះឆ្នោតចេញពីការបោះឆ្នោត វាមិនមែនជាការដែលយើងធ្វើការដណ្ដើមអំណាចទៅតាមប្រព័ន្ធមិនប្រជាធិបតេយ្យឯណា នេះជារឿងដែលពលរដ្ឋត្រូវដឹងទាំងអស់គ្នា“ ។

លោកយឹម ស៊ីណន បានមានប្រសាសន៍បន្តទៀតថា “ជារួម ខ្ញុំអត់មានអ្វីផ្សេងទេ ទី១ ខ្ញុំសុំស្វាគមន៍កញ្ញា រស់ សុផល ក៏ដូចជាអ្នកដទៃទៀត ដែលនឹងបន្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បន្តទៀត ក៏ដូចជាប្រមុខប្រធានគណបក្ស លោកបានស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់វត្តមានរបស់កញ្ញា រស់ សុផល ក៏ដូចជាសមាជិកដទៃ ដែលគាត់បានភ្ញាក់រលឹក គាត់បានមើលឃើញពីភាពត្រឹមត្រូវនៃការដឹកនាំ និងបានមើលឃើញពីការរីកចម្រើនរបស់រដ្ឋាភិបាល ។ ដូច្នេះគាត់មានគ្រប់រូប មនុស្សគ្រប់គ្នា អាចមកគ្រប់នាទី សូម្បីតែអ្នកនៅក្រៅប្រទេសជេរលោករាល់ថ្ងៃ ជេររដ្ឋាភិបាលរាល់ថ្ងៃ ក៏អាចមានសិទ្ធិក្នុងការចូលរួមដើម្បីអភិវឌ្ឍជាតិដែរ គឺទ្វារគណបក្សប្រជាជនកម្ពុជា បើកចំហគ្រប់ពេលវេលា ហើយរដ្ឋាភិបាល ក៏នឹងទទួលយកនូវការរិះគន់ណាដែលផ្ដល់នូវកិច្ចស្ថាបនា និងយកមកធ្វើកិច្ចការងារ ដើម្បីបម្រើជាតិ ដល់ប្រជាពលរដ្ឋរបស់យើងផងដែរ“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលបានវិលមកប្រទេសកម្ពុជាវិញ កញ្ញា រស់ សុផល អនុប្រធានយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ប្រចាំសាធារណរដ្ឋកូរ៉េ ដែលធ្លាប់ស្មោះស្ម័គ្រនឹងលោកសម រង្ស៊ី និងធ្លាប់ធ្វើការជាមួយលោកយឹម ស៊ីណន ក្នុងនាមជាយុវជនប្រឆាំង នៅលើទឹកដីកូរ៉េ អស់ជាច្រើនឆ្នាំ បានសរសេរលិខិតគោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចេញជាវីដេអូ បញ្ជាក់ពីជំហរក្នុងការប្រកាសផ្ដាច់ខ្លួនពីសម រង្ស៊ី មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងលិខិតចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កញ្ញា រស់ សុផល បានជម្រាបជូនសម្ដេចហ៊ុន សែន ថា “ដោយហេតុថា នាងខ្ញុំបានឃើញពីភាពជោគជ័យ នៃភាពដឹកនាំរបស់សម្ដេច នាងខ្ញុំសុំសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ឱកាសឲ្យរូបនាងខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកបម្រើជាតិមាតុភូមិកម្ពុជា ក្រោមដំបូលម្លប់សន្តិភាព ។ នាងខ្ញុំសូមសន្យាថា រក្សាភាពស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងសង្គមជាតិ…” ។

ចំណែកថ្លែងនៅក្នុងវីដេអូ តាមបណ្ដាញសង្គម នៅថ្ងៃដដែលនោះ កញ្ញា រស់ សុផល បានបញ្ជាក់ថា “សូមគោរពសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា! សម្ដេចពុកជាទីគោរពដ៏ខ្ពង់ខ្ពស់! នាងខ្ញុំឈ្មោះ រស់ សុផល ជាអតីតអនុប្រធានចលនាយុវជនសង្រ្គោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលតែងតែដឹកនាំ និងចូលរួមសកម្មភាពប្រឆាំងយ៉ាងសកម្មផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ នាងខ្ញុំបានឈប់សម្រាកអំពីការងារ នៃការប្រឆាំងរដ្ឋាភិបាល រយៈពេលយូរកន្លងមកហើយដែរ ហើយដោយសារតែនាងខ្ញុំមានការអាក់អន់ស្រពន់ចិត្ត ក៏ដូចជាអស់ទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង ដែលតែងតែធ្វើនយោបាយបង្កើតព្រឹត្តិការណ៍ប្រជាភិថុតិបោកប្រាស់អ្នកគាំទ្រ ក៏ដូចជាសកម្មជនរបស់ខ្លួន ឲ្យរងគ្រោះដោយសារនយោបាយបោកប្រាស់ ប្រជាភិថុតិរបស់ខ្លួន ហើយធ្វើឲ្យមានការបែកបាក់កម្លាំងអ្នកប្រឆាំង ដែលពួកយើងខ្ញុំជាសកម្មជន សកម្មនារី តែងតែខិតខំប្រមែប្រមូល កៀងគរ ដើម្បីរក្សានូវសំឡេងប្រឆាំងដែរ ។ ប៉ុន្តែចម្លែកអីតែអ្នកដឹកនាំបែរជាព្យាយាមបង្កើតបក្ស បង្កពួក បំបែកបំបាក់ ឲ្យមានការឈឺចាប់ ហើយប្រើតែនយោបាយប្រជាភិថុតិ បោកប្រាស់ទឹកចិត្តសកម្មជនរបស់ខ្លួន» ។

កញ្ញា រស់ សុផល បន្តថា «សរុបសេចក្ដីមកវិញ នាងខ្ញុំចង់បញ្ជាក់ថា ការឈប់សម្រាក ឬក៏ការឈប់ធ្វើជាសកម្មជននៅក្នុងគណបក្សប្រឆាំង ដោយសារតែហេតុទាំងអស់នេះ ហើយមានជាច្រើនទៀត ដែលខ្ញុំសុំបង្ហាញខ្លីៗប៉ុណ្ណឹង ហើយដោយឡែកនាងខ្ញុំបានមកដល់ទឹកដីនៃប្រទេសកម្ពុជា អំឡុងពេលបុណ្យអុំទូក អកអំបុក សំពះព្រះខែនេះ ខ្ញុំបានសង្កេតឃើញទិដ្ឋភាពជាក់ស្ដែង អំពីការរីកចម្រើន អភិវឌ្ឍន៍ ស៊ីវិល័យ ជឿនលឿនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃបំផុតពុក ហើយបន្តមកដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៀត ឃើញថា ការអភិវឌ្ឍនៃប្រទេសជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ នាងខ្ញុំពិតជាមានមោទនភាព នៅពេលដែលមានមេដឹកនាំដែលប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃក្នុងការរក្សានូវស្ថានការណ៍នយោបាយ ការពារនូវសុខសន្តិភាពជូនប្រជាជាតិមាតុភូមិកម្ពុជាមកនេះ ហើយនាងខ្ញុំក៏មានបំណងប្រាថ្នាចង់ចូលរួមចំណែកជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសបម្រើជាតិមាតុភូមិរបស់ខ្ញុំ តាមលទ្ធភាព និងសមត្ថភាពដែលខ្ញុំមាន ។ សង្ឃឹមថា សម្ដេចពុក នឹងអនុគ្រោះ ក៏ដូចជាផ្ដល់ឱកាសឲ្យកូន ដើម្បីមានឱកាសបានចូលរួមបម្រើជាតិជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយបើសិនជាសម្ដេចពុក លោកសន្ដោសប្រណី កូនសូមសន្យាថា នឹងស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្មោះត្រង់ជាមួយសង្គមជាតិមាតុភូមិរបស់យើង។ ជាចុងក្រោយ កូនសូមលើកម្រាមដៃដប់ គោរពអរគុណចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្ដេចពុក ហើយសូមជូនពរសម្ដេចពុក ឲ្យមានសុខភាពល្អ មានអាយុយឺនយូរ សម្រេចការងារគ្រប់សព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង…” ។

ក្រោយឃើញវីដេអូ និងលិខិតរបស់កញ្ញា រស់ សុផល ខាងលើនេះ សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ ដោយសម្ដេច បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញា រស់ សុផល ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា“ ។

បន្ទាប់ពីទទួលបានការឆ្លើយតបជាវិជ្ជមានពីសម្តេចហ៊ុន សែន មក កញ្ញា រស់ សុផល ក៏បានសរសេរអរគុណសម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ថា “នាងខ្ញុំសូមគោរពអរគុណទឹកចិត្តសម្ដេច ដែលមានក្ដីសន្ដោសប្រណីចំពោះនាងខ្ញុំ គឺធំធេងណាស់“ ៕ កុលបុត្រ

RELATED ARTICLES