ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករលក់ដូរបន្លែ ត្រីសាច់ លើចិញ្ចើមថ្នល់សាធារណៈ បានត្អូញត្អែររឿងម្ចាស់ផ្ទះ ស្ថិតនៅខាងក្រោយផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានតម្លៃថ្លៃជួលកប់ពពក ពី១ខែ ទៅ១ខែ ធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង ហើយជាក់ស្តែង ពួកលក់ពុំសូវដាច់ ណាមួយត្រូវបង់ថ្លៃភាស៊ីផ្សារ ១តង់ទៀត។

តាមសម្តីរបស់អាជីវករលក់បន្លែម្នាក់ ឈ្មោះចែម៉ៅ បានរៀបរាប់ប្រាប់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គាត់បានមកលក់ដូរនៅក្រោយផ្សារសំរោង លើផ្លូវបេតុងនេះ ៤-៥ឆ្នាំមកហើយ ដោយឡែកកាលពីដំបូងឡើយ ម្ចាស់ផ្ទះដែលមានទីតាំងជាប់លើផ្លូវ គាត់យកតម្លៃត្រឹមតែ ១ម៉ឺន៥ពាន់រៀល ក្រោយមកក៏ចេះឡើងថ្លៃយកដល់ទៅ ៣ម៉ឺន៥ពាន់រៀល ដូចនេះពួកគាត់ជួបការលំបាកណាស់សព្វថ្ងៃនេះ ណាមួយត្រូវបង់ថ្លៃកន្លែង ព្រមទាំងបង់ថ្លៃភាស៊ីផ្សារ រាល់ថ្ងៃទៀត។

អាជីវកលក់ត្រី ម្នាក់ បានត្អូញត្អែរថា គាត់ក៏ត្រូវបានម្ចាស់ផ្ទះខាងលើយកថ្លៃកន្លែងច្រើនដែរ អស់រយៈពេល ៣ទៅ៤ឆ្នាំ មិនខុសពីអ្នកលក់ផ្សេងនោះទេ ដោយគាត់លក់លើផ្លូវចូលខាងក្នុងបន្តិច គេយក២ខែ តម្លៃរហូតដល់ទៅ ៧ម៉ឺនរៀលឯណោះ មូលហេតុដោយគាត់គ្មានលទ្ធភាពទិញតូបលក់ក្នុងផ្សារ ទើបសម្រេចចិត្តមកលក់នៅខាងក្រៅផ្សារ ដូចគេទៅ។ ដោយឡែកម្ចាស់ផ្ទះ ឈ្មោះអ្វីនោះ ក៏គាត់ពុំស្គាល់ដែរ ឱ្យតែដល់ខែ បង់លុយឱ្យគេ ៧ម៉ឺនរៀល ហើយដាក់លក់បន្ត ប្រសិនជាពុំបានបង់លុយឱ្យម្ចាស់ផ្ទះទេ គេនឹងផ្អាកឱ្យលក់ ទៅឱ្យអ្នកផ្សេងលក់ វិញម្តង។ ដូច្នេះមានតែអាជ្ញាធរទេ ទើបអាចរកដំណោះស្រាយជូនពួកគាត់បាន ពីព្រោះថាម្ចាស់ផ្ទះខាងលើ គេមានយសស័ក្តិក្រាស់ណាស់ គ្មានអាជីវករណាម្នាក់ហ៊ានជំទាស់ឡើយ។

ជុំវិញការលើកឡើងខាងលើ លោកផុន ចាន់និល អភិបាលក្រុងសំរោង បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ថា បញ្ហានេះលោកនឹងចាត់ឱ្យលោកអភិបាលរងក្រុងដឹកនាំមន្ត្រីជំនាញ ចុះសិក្សាស្រាវជ្រាវជួបជាមួយម្ចាស់ផ្ទះ និងអាជីវករលក់ដូរ ដើម្បីរកយន្តការសម្របសម្រួលជួយដោះស្រាយជាបន្ទាន់ លើកិច្ចការងារនេះ ថាតើមានករណីបែបនេះពិតប្រាកដឬយ៉ាណា? ហើយក្នុងនាមរដ្ឋបាលក្រុងសំរោង មិនព្រងើយកន្តើយរាល់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋណាម្នាក់ឡើយ ខណៈពេលមានបញ្ហា ត្រូវតែរកដំណោះស្រាយជូនគ្រប់ពេល តែទទួលបានលទ្ធផលយ៉ាងណានោះ លោកនឹងជូនដំណឹងនៅពេលក្រោយបន្តទៀត៕


