Monday, December 2, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ គឹម សុខ ចោទ រួមដៃគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ គឹម សុខ ចោទ រួមដៃគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានចោទនាយករដ្ឋកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ រួមដៃគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបានហៅសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថាជានាយករដ្ឋមន្រ្តីអត់អាជ្ញាប័ណ្ណ ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មថា ការដែលអ្នកវិភាគរត់ចោលស្រុក គឹម សុខ ហៅសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអត់អាជ្ញាប័ណ្ណនេះ គឺជាការប្រមាថមកលើនាយករដ្ឋមន្ត្រី ដោយសារបុគ្គលគឹម សុខ នេះ មានគំនុំគុំកួនមកលើសម្ដេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម បានបង្ហោះនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នូវរូបភាពសម្តេចហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាគ្នាជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដោយភ្ជាប់ជាមួយរូបភាពកោះគុត ផងដែរ ជាមួយនិងសំណេរថា “តាម Human Rights Watch និង UNHCR … បុរសខ្មែរ និងស្ត្រីថៃ ទាំងពីរនាក់នេះ គឺជាមេដឹកនាំដែលរួមដៃគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ធ្វើបាបក្រុមអ្នកតស៊ូប្រជាធិបតេយ្យខ្មែរ នៅលើដីថៃ ទាំងមិនខ្វល់ពីការប៉ះពាល់ដល់កុមារខ្មែរ … ។

បំណងនៃកិច្ចសហការរបស់អ្នកទាំងពីរ ៖

– លោកនាយករដ្ឋមន្ត្រីអត់អាជ្ញាប័ណ្ណ ហ៊ុន ម៉ាណែត ឈ្មុលក្រោមរមូរក្បិនស្ត្រីថៃ ផែថងថាន ដើម្បីកៀចរកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន។

– អ្នកស្រីប្រមុខរដ្ឋាភិបាលថៃ ផែថងថាន ធ្វើក្នុងគោលដៅក្ដោបយកកោះគុត និងដែនសមុទ្រទំហំ ៣ម៉ឺន គ.ម.ការ៉េ របស់ប្រទេសកម្ពុជា។

កោះគុត ៖

– លោកនាយករដ្ឋមន្ត្រីអត់អាជ្ញាប័ណ្ណ ហ៊ុន ម៉ាណែត ថ្លែងថា ករណីកោះគុត កំពុងជជែកគ្នា មានបាត់ទៅណា ឬលិចទៅក្នុងសមុទ្រ?

– នាយករដ្ឋមន្ត្រី អ្នកស្រីថៃ ផែថងថាន ប្រាប់ប្រជាជាតិថៃ ថាកោះគុត ជាកម្មសិទ្ធិរបស់ថៃ ហើយកម្ពុជា ដែលអ្នកស្រីថៃ រូបនេះ និយាយសំដៅដល់រដ្ឋាភិបាលត្រកូលហ៊ុន ក៏ទទួលស្គាល់ដូច្នេះដែរ។

តើអ្នកណាល្ងង់រឿងជាតិ?“ ។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការដែលលោកគឹម សុខ អ្នកវិភាគនិងជាប្រធានវេទិកាពលរដ្ឋ ហៅសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជានាយករដ្ឋមន្រ្តីអត់អាជ្ញាប័ណ្ណ ជាការបង្ហាញឲ្យឃើញពីការប្រមាថ និងគំនុំគុំកួន របស់បុគ្គលនេះ មកលើសម្ដេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ប្ដឹងចាប់ខ្លួនដាក់គុក ។ រីឯការចោទនាយករដ្ឋកម្ពុជា-ថៃ រួមដៃគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន គឺជាការចោទប្រកាន់ផ្ទុយពីការពិត នៃអនុវត្តកិច្ចព្រមរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងហើយថា អាជ្ញាធរថៃ ដែលចាត់វិធានការផ្លូវច្បាប់ ចំពោះសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា ហើយនិងថៃ ។ អ៊ីចឹងគេធ្វើត្រឹមត្រូវរបស់គេ ហើយបើអ្នកឯងមិនចង់ឲ្យគេចាប់ទេ មានតែកុំធ្វើសកម្មភាពបម្រើឲ្យឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម ។ ដូច្នេះការចាត់វិធានការផ្លូវច្បាប់ហ្នឹង មានអីជាឧក្រិដ្ឋកម្មឆ្លងដែន? ហើយបើយកល្អទេ ឲ្យគឹម សុខ ហ្នឹង ជិះកប៉ាល់ហោះពីហ្វាំងឡង់ មកធ្វើសកម្មភាពដូចគេ ដូចឯងមើល ថាតើទទួលផលប៉ះពាល់យ៉ាងម៉េច? ឬទទួលផលវិបាកយ៉ាងម៉េច? អាហ្នឹងសុំឲ្យគឹម សុខ ហ្នឹង មកអនុវត្តជាក់ស្ដែងទៅ កុំញុះញង់ពីខាងក្រៅ រាប់ម៉ឺនគីឡូនោះ អត់បានប្រយោជន៍អីទេ ហើយខ្លួនឯងអត់ស្រុកអត់ទេសហ្នឹង មកចោទរាជរដ្ឋាភិបាល ដែលកំពុងកាន់អំណាច នៃប្រទេសទាំងពីរ កម្ពុជា និងថៃ ហ្នឹងថាជាឧក្រិដ្ឋកម្មឆ្លងដែនម៉េច? ហើយយើងមិនមែនធ្វើតែកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ទេ យើងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងទាំងអស់ យើងធ្វើកិច្ចព្រមព្រៀងជាមួយចិន ជាមួយបណ្ដាប្រទេសនានា អ្នកដែលឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនៅអាមេរិក ក៏យើងបញ្ជូនទៅអាមេរិក ដែរ អ្នកដែលពាក់ព័ន្ធនឹងប្រទេសចិន យើងបញ្ជូនទៅប្រទេសចិន ។ អាហ្នឹងវាជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមទុច្ចរិតដែលឆ្លងដែនពីនាយមួយ ។ អ៊ីចឹងការចាប់ក្រុមជនទុច្ចរិតឆ្លងដែន មិនមែនជាអំពើឧក្រិដ្ឋកម្មឆ្លងដែនទេ អាហ្នឹងត្រូវយល់» ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ អ្វីដែលគាត់ថា បំណងនៃកិច្ចសហការរបស់អ្នកទាំងពីរ គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឈ្មុលក្រោមរមូរក្បិនស្ត្រីថៃ ផែថងថាន ដើម្បីកៀចរកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន និងថាអ្នកស្រីប្រមុខរដ្ឋាភិបាលថៃ ផែថងថាន ធ្វើក្នុងគោលដៅក្ដោបយកកោះគុត និងដែនសមុទ្រទំហំ ៣ម៉ឺន គ.ម.ការ៉េ របស់ប្រទេសកម្ពុជា នោះ វាមិនដែលចាប់ពួកសកម្មជនរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង បានលុយមកពង្រឹងអំណាចទេ វាមិនដែលមានទេ ។ អាហ្នឹងពួកហ្នឹងវានិយាយផ្ទុយពីការពិតទាំងស្រុងហើយ ដូច្នេះអត់បាច់ឆ្លើយតបអីទេអាហ្នឹង ពួកមហាជន ប្រជាជនកម្ពុជា ជាពិសេសប្រទេសនានា គេយល់ពេកហើយ ។ ដើម្បីពង្រឹងអំណាច ទៅចាប់គេចាប់ឯងដាក់គុក អាហ្នឹងពង្រឹងអំណាចម៉េចអាហ្នឹង? បើចាប់ក្រុមឧទ្ទាមក្រៅច្បាប់ អាហ្នឹងបានហៅថា ពង្រឹងអំណាច មិនឲ្យវាងើបក្បាលបាន ដើម្បីធ្វើម៉េច គឺថាបះបោរ វិច្ឆេទកម្មនានា ក៏ដូចជាធ្វើបដិវត្តន៍ពណ៌អី អាហ្នឹង មិនអាចអនុញ្ញាតបានទេ តែចំពោះប្រជាជនទូទៅ គេកំពុងតែរស់នៅដោយសុខសប្បាយ ដោយសុខសន្តិភាព ក្រោមដំបូលសន្តិភាពពេញលេញ សួរថានៅកម្ពុជា ហ្នឹងវាមាននរណាដែលគេកើតទុក្ខមិនសុខចិត្តអី? គេកំពុងតែរកស៊ីមានបានគ្រប់ៗគ្នា លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់តើដែលវាចង់បានអំណាច ហើយមិនបាននោះ វាចេះតែញុះញង់ពីក្រៅមក ។ អាហ្នឹងហើយវាជាអំពើទុច្ចរិតរបស់ពួកវា ដែលត្រូវតែបង្រ្កាបហ្នឹងឯង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “យ៉ាងណា ចំពោះការសួរថា តើជាការប្រមាថមួយធ្ងន់ធ្ងរទេ ដែលអ្នកវិភាគរត់ចោលស្រុក គឹម សុខ នោះបានហៅសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជានាយករដ្ឋមន្រ្តីអត់អាជ្ញាប័ណ្ណ? ខ្ញុំសុំឆ្លើយថា យើងមិនអាចយកម្ជុលទៅដេរមាត់ពួកហ្នឹងបានទេ ក៏ប៉ុន្តែបញ្ហាសំខាន់នោះ អ្ហែងនិយាយទាល់ងាប់ទៀត ក៏គ្មានអ្នកណាគេជឿដែរ ។ ពាក្យវាប្រមាថហ្នឹងហើយ វាចងគំនុំហ្នឹងហើយ ព្រោះអាមនុស្សហ្នឹងវាធ្លាប់ជាប់គុក ហើយបានសម្ដេច (ហ៊ុន សែន) តើ! បើកផ្លូវឲ្យទៅនោះ កុំអីវាមិនបាននៅជេរហ្នឹងទៀតទេ ។ អ៊ីចឹងអាហ្នឹងគឺថា ឲ្យមហាជន ប្រជាជន គេមើលឃើញហើយ បើវាខ្លាំងហ្នឹង វាមកបង្កើតរដ្ឋាភិបាល បង្កើតគណបក្សនយោបាយ ប្រកួតប្រជែងជាមួយគណបក្សប្រជាជន ហើយ ។ អ៊ីចឹងទេ អាធ្វើនេះ វាគ្រាន់តែជាការចងគំនុំ ការអុជអាល ការញុះញង់ពីក្រៅមក ដើម្បីថាខ្លួនឯងរួច ក៏ប៉ុន្តែឲ្យអ្នកក្នុងស្រុកហ្នឹងជាប់គុក ដើម្បីវាយកអាចំណុចហ្នឹងធ្វើជាមូលហេតុដើម្បីវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ប្រជាជនបោះឆ្នោតលើកម្មវិធីនយោបាយរបស់គណបក្សនយោបាយ អត់មានទៅបោះឆ្នោតយកសញ្ញាបត្រធំ សញ្ញាបត្រតូច មកបោះឆ្នោតទេ ។ បើមិនអ៊ីចឹងទេ សម រង្ស៊ី ហ្នឹង សញ្ញាបត្រនៅស្រុកបារាំងហ្នឹង សួរថា ម៉េចរត់ចោលស្រុកទៅ? ហើយអាពត ហ្នឹង ដែលរៀនស្រុកបារាំង អាខៀវ សំផន អានួន ជា ហ៊ូ នឹម ហ៊ូ យន់ អី សុទ្ធតែសញ្ញាបត្រនៅស្រុកបារាំង មូលហេតុអីដឹកនាំប្រទេសតែ ៣ឆ្នាំ រលាយអស់នោះ? អាហ្នឹងហើយ គេមិនយកសញ្ញាបត្រនោះ ប្រជាជនគេយកសញ្ញាឃើញជាក់ស្ដែង ។ ឥឡូវឃើញជាក់ស្ដែងហើយកម្ពុជា ឥឡូវបងប្អូនដែលខានទៅប្រទេសជាតិ បីបួនឆ្នាំហើយ ឥឡូវទៅមើលទៅ ក្រែងវាច្រំឡទេដឹង? បងប្អូនរកមិនឃើញទេដឹង? ដោយសារអី? ដោយសារវាមានការរីកចម្រើនដូចផ្សិតហ្នឹងហើយ លើគ្រប់វិស័យ ។ ដូច្នេះមិនបាច់សង្ស័យទេ ទោះបីថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសហ្នឹង និយាយយ៉ាងម៉េចក៏ដោយ ក៏វាអត់មានអ្នកណាជឿដែរ ពីព្រោះប្រជាជន នៅក្នុងហ្នឹងជាក់ស្ដែង ហើយប្រជាជនហ្នឹង ជាកត្តាកំណត់នៃជ័យជម្នះ ជាកត្តាកំណត់នៃការពារសន្តិសុខ សុវត្ថិភាព ជីវភាពរស់នៅរបស់បងប្អូន ចង់វានិយាយម៉េច និយាយទៅ អត់ប្រយោជន៍ទេ ហើយកុំយកបង់ក្លាដែស និយាយជាមួយកម្ពុជា អត់បានទេ“ ៕ កុលបុត្រ

RELATED ARTICLES