ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ទាក់ទងនឹងបញ្ហាកោះគុត ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម មិនគិតអំពីផលប្រយោជន៍ជាតិទាំងមូលទេ គឺពួកគេចង់ដុតឲ្យខ្លោច រោចឲ្យឆៅ ចាក់ចុចឲ្យប្រទេសទាំង២ កម្ពុជា-ថៃ មានទំនាស់គ្នា។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ថា “ការចាត់វិធានការច្បាប់លើជនល្មើសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ។ ថាចង់រស់ដោយកិត្តិយស តែបើរស់ដើម្បីបម្រើនយោបាយចៅហ្វាយនាយ មកវាយប្រហារលើជាតិសាសន៍ឯង មិនមែនជាកិត្តិយសទេ ។ បើរកឃើញមានលុយកខ្វក់ រាយការណ៍ប្រាប់សមត្ថកិច្ចទៅ អ្ហែងនិយាយបង្កាច់បង្ខូចដល់គេឯងធ្វើអី? ពួកឧក្រិដ្ឋជននៅក្បែរប្រមុខដឹកនាំប្រទេស ដោយសារពួកវាប្រែធាតុ កាលតែងតាំង វាល្អ ដល់បានតួនាទី វាឆ្លៀតឱកាសបោក ។ មិនមែនប្រជាជនកម្ពុជាទេ ដែលចង់ឲ្យប្តឹងទៅតុលាការអន្តរជាតិ រឿងកោះគុត គឺក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ដែលចង់ដុតឲ្យខ្លោច រោចឲ្យឆៅ“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពាក្យថា «ដុតឲ្យខ្លោច រោចឲ្យឆៅ» នេះគឺធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ មិនឲ្យសហការគ្នាបាន ក្នុងចេតនាមួយច្រណែនឈ្នានីស ខឹងសម្បាជាមួយនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយត្រកូលថាក់ស៊ីន ។ រីឯពាក្យថា ល្អប្រែធាតុនោះ គឺចង់មានន័យថា មនុស្សប្រែប្រួលទៅតាមកាលៈទេសៈ ពេលវេលា ទីកន្លែង តែជាគោលការណ៍ច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងហើយថា ឧបាលកលរបស់ក្រុមទុច្ចរិត ជាពិសេសក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងមានមូលដ្ឋាននៅក្រៅប្រទេសហ្នឹង គឺថា មានទិសដៅជាយុទ្ធសាស្រ្ត មិនធ្វើឲ្យកម្ពុជា ហ្នឹងបានសេចក្ដីសុខទេ ។ កន្លងទៅ គេចោទពីរឿងធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដោយមិនយល់អំពីជាក់ស្ដែងនៃប្រវត្តិសាស្រ្តកម្ពុជា ។ ក្រោយមក គេចោទថា ធ្វើឲ្យបាត់បង់កោះត្រល់ អាហ្នឹងគេចោទអ៊ីចឹង ។ ឥឡូវនេះ គឺថាកោះត្រល់ វាច្បាស់លាស់ហើយ វាមិនមែនស្ថិតនៅក្រោមយុត្តាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ពីមុនៗមកឯណា ។ ឥឡូវគេលែងធ្វើអាហ្នឹងកើត ឥឡូវគេងាកមករករឿងពីរឿងកោះគុត ម្ដង អាហ្នឹងវាអ៊ីចឹង ។ តែចំណុចហ្នឹង ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខគណបក្សប្រជាជន លោកបានបកស្រាយជូនមហាជន ប្រជាជនកម្ពុជា ជ្រាបហើយ គឺថាការដោះស្រាយរបស់រាជរដ្ឋាភិបាល មានវិធីធ្វើត្រឹមត្រូវ មិនមែនចេះលោតហក់ៗ លោតទៅតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ។ អ៊ីចឹងទេ អាហ្នឹងហើយបានជាយើងយល់ថា ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាមិនគិតអំពីផលប្រយោជន៍ជាតិទាំងមូលទេ វាគិតតែដុតឲ្យខ្លោច រោចឲ្យឆៅ ។ ពាក្យថា ដុតឲ្យខ្លោច រោចឲ្យឆៅនេះ ធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងថៃ មិនឲ្យសហការគ្នាបាន ពីព្រោះវាក្នុងចេតនាមួយច្រណែនឈ្នានីស ឬមួយក៏វាខឹងសម្បាជាមួយនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយត្រកូលថាក់ស៊ីន នេះ គឺថាមិនឲ្យពួកវាមកជិតទឹកដីកម្ពុជា បាន អាហ្នឹងហើយវាជាបញ្ហា ។ អ៊ីចឹងរឿងនេះ រឿងខ្លួនវាទេ តែដើម្បីដោះស្រាយខ្លួនវា វាយកគំនុំនេះ មកចាក់ចុចពីរឿងកោះគុត ឲ្យយើងមានទំនាស់គ្នា អាហ្នឹងហើយមានន័យថា ដុតឲ្យខ្លោច រោចឲ្យឆៅហ្នឹងឯង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះសួរថា តើអាចបញ្ចប់ពាក្យដុតឲ្យខ្លោច រោចឲ្យឆៅ ឬអាចទប់ស្កាត់ការចាក់ចុចរបស់ក្រុមជ្រុលនិយមនេះបានឬទេ? រឿងនេះ វាពាក់ព័ន្ធប្រទេសជិតខាង ដូច្នេះយើងអត្តនោម័តតែយើងក៏អត់កើតដែរ ។ អ៊ីចឹងយើងត្រូវកសាងនូវស្មារតីភាពសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីឲ្យវាមានសេចក្ដីសុខបានយូរអង្វែង ។ ឥឡូវនេះគឺថាតាំងពីគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសទាំងស្រុងមក យើងឃើញហើយ កម្ពុជាយើង ទទួលបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ហើយក៏មានមិត្តភក្ដិជិតឆ្ងាយ បញ្ហាព្រំដែនេះ ក៏មិនមានបញ្ហាអីស្មុគស្មាញដូចកាលជំនាន់មុនៗទេ ។ អាហ្នឹងដោយសារអី? ដោយសារយើងយកប្រទេសជិតខាងហ្នឹង ធ្វើជាអ្នកភូមិផងរបងជាមួយហ្នឹង ធ្វើជាប្រទេសជាមិត្ត អាហ្នឹងបានយើងសុខបាន ហើយរាល់ការដោះស្រាយ យើងត្រូវដោះស្រាយទៅតាមគោលការណ៍ច្បាប់ ទៅតាមការយោគយល់គ្នា ទៅតាមប្រវត្តិសាស្រ្ត តាមឯកសារជាក់ស្ដែង អាហ្នឹងបានយើងដោះស្រាយបាន មិនមែនចេះតែស្រែកដូចក្រុមឧទ្ទាមក្រៅច្បាប់ រួមមាន មួង ណារ៉េត ឬមួយក៏អ៊ុំ សំអាន អី ចេះតែស្រែក ចេះតែពន្យុះឲ្យរដ្ឋាភិបាល ធ្វើអ៊ីចេះ ធ្វើអ៊ីចុះ ដែលខ្លួនឯងកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះ ។ ចំពោះការព្រួយបារម្ភពីក្រុមជ្រុលនិយមដុតឲ្យខ្លោច រោចឲ្យឆៅ ឬយ៉ាងណានោះ? កត្តាកំណត់មិនមែនស្ថិតនៅក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហ្នឹងទេ វាអាស្រ័យទៅលើរាជរដ្ឋាភិបាលយើង ថាតើលោកមានគោលការណ៍យ៉ាងម៉េច? អាហ្នឹងស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជន ដែលកើតចេញពីឆន្ទៈប្រជាជន ។ អ៊ីចឹងទេ គឺថាការដោះស្រាយយ៉ាងម៉េច គឺយើងទុកឲ្យរាជរដ្ឋាភិបាលយើង ហើយដែលប្រមុខរាជរដ្ឋាភិបាល លោកបានបញ្ជាក់ច្បាស់ហើយ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះខ្ញុំថា បើរកឃើញមានលុយកខ្វក់ រាយការណ៍ប្រាប់សមត្ថកិច្ចទៅ អ្ហែងនិយាយបង្កាច់បង្ខូចដល់គេឯងធ្វើអី? ពួកឧក្រិដ្ឋជននៅក្បែរប្រមុខដឹកនាំប្រទេស ដោយសារពួកវាប្រែធាតុ កាលតែងតាំង វាល្អ ដល់បានតួនាទី វាឆ្លៀតឱកាសបោកនោះ អាហ្នឹងយើងដឹងហើយ វាជាការពិតជាក់ស្ដែង ។ មន្រ្តី មុនការតែងតាំង គេមើលពីអតីតភាពការងារ មានសកម្មភាពការងារពីមុនមកល្អ គ្រប់លក្ខណសម្បត្តិហើយ រាជរដ្ឋាភិបាល តែងតាំងហើយ តែដល់តែងតាំង បន្ទាប់ពីបានមានតួនាទី មានបុណ្យស័ក្ដិធំហើយ វាប្រែធាតុ អាហ្នឹងវាជាលក្ខណៈធម្មតារបស់មនុស្សបុថុជ្ជនទេ ហើយវាមិនមែនមានច្រើនទូទៅទេ វាមានអ្នកមួយចំនួនតូចណាដែលវាភ្លើតភ្លើនក្នុងតួនាទី បុណ្យស័ក្ដិហ្នឹង ដែលធ្វើប្រព្រឹត្តខុសឆ្គង ដែលនាំឲ្យប៉ះពាល់ដល់កិត្តយស សេចក្ដីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលដែលជាអ្នកតែងតាំងគាត់ហ្នឹងឯង ។ ដូច្នេះក្បាលអ្នកណា សក់អ្នកហ្នឹង ទោះបីថា បន្ទោស ឬដាក់បន្ទុកមកលើរាជរដ្ឋាភិបាល យ៉ាងណាក៏មិនអាចមហាជន ប្រជាជន គេគាំទ្របានដែរ ពីព្រោះមនុស្ស វាមានការប្រែប្រួល ពីមុនល្អ ក្រោយមកអាក្រក់ អាហ្នឹងធ្វើម៉េច? យើងមាននៅក្នុងចិត្តគេឯណា តែគោលការណ៍ច្បាប់ អ្នកឯងមុនល្អ ដំឡើងឋានៈ តួនាទី តែក្រោយមក អ្នកឯងអនុវត្តផ្ទុយអំពីគោលការណ៍ច្បាប់ អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ អាហ្នឹងជារឿងធម្មតាតើ! អាចំណុចហ្នឹងហើយ ដែលល្អប្រែធាតុនោះ ហ្នឹងហើយ ព្រោះមនុស្សវាប្រែប្រួលទៅតាមកាលៈទេសៈ ពេលវេលា ទីកន្លែង“ ។
ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា អ្វីដែលពួកលោកធ្វើទាក់ទងនឹងបញ្ហាកោះគុត មិនមែនជាការដុតឲ្យខ្លោច រោចឲ្យឆៅនោះ គ្រាន់តែជាការព្រួយបារម្ភ គ្រាន់តែមានគំនិតស្នេហាជាតិ ចង់ឲ្យមេដឹកនាំយកអ្វីដែលជាកោះរបស់យើង មកវិញតែប៉ុណ្ណោះឯង ហើយកាលណានិយាយពីពួកឧក្រិដ្ឋជន គឺពួកឧក្រិដ្ឋជនហើយ គ្មានប្រែធាតុល្អអីនោះទេ គឺគ្រាន់តែគេយកមេដឹកនាំដើម្បីជួយការពារមុខជំនួញ និងមុខរបរខុសច្បាប់របស់ពួកគេតែប៉ុណ្ណោះ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការដែលលោកសុខ ឥសាន ថា បញ្ហាកោះគុត ហ្នឹង ក្រុមជ្រុលនិយមហ្នឹង ដុតឲ្យខ្លោច រោចឲ្យឆៅហ្នឹង មិនមែនទេ យើងគ្រាន់តែជំរុញឲ្យរដ្ឋាភិបាល ប្ដឹងទៅតុលាការអន្តរជាតិតើ! ប៉ុន្តែពួកគាត់ដូចអត់មានបំណងប្ដឹងទៅកាន់តុលាការអន្តរជាតិ ដូចត្រកូលហ៊ុន ហ្នឹងចង់កាត់កោះគុត ហ្នឹងទៅឲ្យថៃ ។ អ៊ីចឹងបានយើងព្រួយបារម្ភហ្នឹង បានយើងជំរុញឲ្យត្រកូលហ៊ុន ហ្នឹង រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង ប្ដឹងបញ្ហាកោះគុត ហ្នឹងទៅកាន់តុលាការអន្តរជាតិ ។ ដូច្នេះអ្វីដែលយើងធ្វើហ្នឹង គ្រាន់តែជាការព្រួយបារម្ភ គ្រាន់តែមានគំនិតស្នេហាជាតិ ចង់ឲ្យមេដឹកនាំហ្នឹងយកអ្វីដែលជាកោះរបស់យើងហ្នឹង យកមកវិញតែប៉ុណ្ណោះឯង“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ដែលថាពួកឧក្រិដ្ឋជន នៅក្បែរមេដឹកនាំហ្នឹង ដោយសារតែមន្រ្តីល្អប្រែធាតុហ្នឹង មិនមែននោះទេ ។ កាលណាពួកឧក្រិដ្ឋជន គឺពួកឧក្រិដ្ឋជនហើយ គ្មានប្រែធាតុស្អីល្អអី គ្រាន់តែគេយកមេដឹកនាំហ្នឹង ដើម្បីជួយការពារមុខជំនួញ និងមុខរបរខុសច្បាប់របស់ពួកគេ ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋតែប៉ុណ្ណោះឯង ។ ដូច្នេះមេដឹកនាំខ្មែរយើងហ្នឹង ចង់បានលុយពីពួកឧក្រិដ្ឋជនហ្នឹង យកទៅពង្រឹងអំណាច មិនខ្វល់អ្នកហ្នឹងឧក្រិដ្ឋជន ឬមិនឧក្រិដ្ឋជននោះទេ“ ៕ កុលបុត្រ