ភ្នំពេញ ៖ សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជំពាក់បំណុលបរទេស ទាំងលុយនិងនយោបាយ ដោយក្នុងនោះ បំណុលលុយ ពលរដ្ឋខ្មែរ ជាអ្នកសង ឯបំណុលនយោបាយ គឺដាក់អធិបតេយ្យនៅក្រោមគេ ។ សម្រាប់បំណុលហិរញ្ញវត្ថុ មិនជាគ្រោះថ្នាក់អីខ្លាំងក្លានោះទេ យើងអាចដោះស្រាយបាន តែចំពោះបំណុលនយោបាយ គឺអាចមានគ្រោះថ្នាក់ដល់បូរណភាពទឹកដី ។
លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មិនគ្រាន់តែពឹងបរទេស ដើម្បីពង្រឹងអំណាចទេ ថែមទាំងជំពាក់បំណុល និងជំពាក់គុណបរទេសទៀត! ជំពាក់បំណុលលុយ គឺពលរដ្ឋខ្មែរ ជាអ្នកសង ឯជំពាក់បំណុលនយោបាយ ដាក់អធិបតេយ្យនៅក្រោមគេ“ ។
ស្របនឹងការលើកឡើងរបស់លោកមុត ចន្ថា ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់នៅប្រទេសបារាំង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សម្រាប់កម្ពុជា បំណុលហិរញ្ញវត្ថុ មិនជាគ្រោះថ្នាក់អីខ្លាំងក្លានោះទេ គឺយើងអាចដោះស្រាយបាន បើសិនជារដ្ឋទៅថ្ងៃមុខ មានការលូតលាស់ ឬបើគ្មានការលូតលាស់ វាគ្រាន់តែជាការគ្រោះថ្នាក់ដល់ការអភិវឌ្ឍ ប៉ុន្តែបំណុលនយោបាយ គឺជាបំណុលមួយ ដែលអាចមានគ្រោះថ្នាក់ដល់បូរណភាពទឹកដី ។
លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការដែលលោកមុត ចន្ថា និយាយ គឺជាភាពជាក់ស្ដែង ដែលយើងទាំងអស់គ្នាសង្កេតឃើញ ។ ការជំពាក់បំណុលថវិកាជារឿងមួយ ដែលរដ្ឋខ្ចីលុយគេ ដើម្បីថាធ្វើអភិវឌ្ឍ ។ ហ្នឹងនៅក្នុងគោលបំណងនៃកម្ចីហ្នឹង ប៉ុន្តែយើងមើលភាពជាក់ស្ដែង តើកម្ចីហ្នឹង យកមកធ្វើអីខ្លះ? ម៉្លោះហើយកម្ចីហ្នឹង បើតាមគម្រោងអភិវឌ្ឍ គឺអត់ត្រឹមត្រូវទេ គ្មានតម្លាភាព គឺយកលុយហ្នឹងមកខ្ជះខ្ជាយ កម្ចីហ្នឹងយកមកខ្ជះខ្ជាយ ចាយអត់ទៅតាមគម្រោងអភិវឌ្ឍ ។ ហេតុដូច្នេះហើយ កម្ចីហ្នឹង គឺមានការឆកល្វែងក្នុងការធ្វើគម្រោងអភិវឌ្ឍអស់នេះ ។ មួយទៀត បំណុលបូរណភាពទឹកដី គឺយើងទៅពឹងគេ ដើម្បីនឹងរក្សាអំណាចរបស់យើង ។ ខ្ញុំសង្កេតឃើញថា យើងអរគុណមិត្តម៉ឺនឆ្នាំ ដែលអ្នកកាន់អំណាចតែងតែនិយាយ ។ មិត្តយើងម៉ឺនឆ្នាំ ដើម្បីនឹងកាន់អំណាចរបស់យើង ។ យើងមើលនៅបរទេស ជាពិសេសនៅប្រទេសអឺរ៉ុប ។ នៅសង្រ្គាមលោកលើកទី២ ដូចជាបារាំង ទៅពឹងអាមេរិក ក្ដី ទៅពឹងអង់គ្លេស ក្ដី ដើម្បីនឹងច្បាំងតទល់នឹងទ័ពណាស៊ីសអាល្លឺម៉ង់ ។ ទ័ពណាស៊ីសអាល្លឺម៉ង់ ចេញទៅ គេរក្សាបូរណភាពទឹកដីគេ គង់តែអាមេរិក ដែលមានគុណលើសលប់យ៉ាងណាក៏ដោយ ក៏បារាំង មិនព្រមនឹងអាមេរិក មួយរយភាគរយទេ គេរក្សាបូរណភាពទឹកដីរបស់គេ បើអាមេរិកាំង ស្នើអ្វីមួយដែលផ្ទុយនឹងប្រយោជន៍របស់បារាំង បារាំង គេទាត់ចោលជានិច្ច ។ ចំណែកប្រទេសកម្ពុជា យើងវិញ ខ្ញុំឃើញថា នៅពេលដែលអ្នកដែលមកជួយយើង រំដោះពីខ្មែរក្រហម ស្នើអ្វីគ្រប់យ៉ាង ខ្មែរយើងតែងទទួលគ្រប់យ៉ាង សុខចិត្តគ្រប់យ៉ាង ។ ហេតុដូច្នេះហើយ បូរណភាពទឹកដី នយោបាយរបស់ខ្មែរយើងមានការឆកល្វែង មិនបានការពារមួយរយភាគរយនោះទេ ។ ហេតុដូច្នេះការដែលលោកមុត ចន្ថា លើកបញ្ហានេះមកនិយាយ គឺជាការត្រឹមត្រូវ“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “សម្រាប់កម្ពុជា បំណុលហិរញ្ញវត្ថុ មិនជាគ្រោះថ្នាក់អីខ្លាំងក្លានោះទេ យើងអាចដោះស្រាយអ្វីមួយ បើសិនជារដ្ឋទៅថ្ងៃមុខមានការលូតលាស់ ។ បើសិនជារដ្ឋហ្នឹងគ្មានការលូតលាស់ វាមានជាការគ្រោះថ្នាក់មួយដល់ការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែបំណុលនយោបាយ គឺជាបំណុលមួយ ដែលអាចមានគ្រោះថ្នាក់ដល់បូរណភាពទឹកដីយើង ។ ដូចសព្វថ្ងៃនេះ មានកន្លែងខ្លះ ប្រជាពលរដ្ឋសង្កេតឃើញថា បូរណភាពទឹកដីយើង ត្រូវបានគេរំលោភគ្រប់បែបយ៉ាង ជាពិសេសផ្នែកនយោបាយ ។ ដើម្បីបំបាត់បំណុលទី២ហ្នឹង ខ្ញុំលើកពីបំណុលនយោបាយ ខ្ញុំបាននិយាយនៅសភា កាលពីខ្ញុំនៅធ្វើជាតំណាងរាស្រ្ត អាណត្តិទី៥ ដែលខ្ញុំលើកនិយាយទី១ សហគមន៍អន្តរជាតិ គេផ្ដល់ឯករាជ្យដល់ប្រទេសកម្ពុជាយើង ក្រោមសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ហេតុដូច្នេះព្រះរាជាណាចក្រកម្ពុជាយើង បានឯករាជ្យនៅពេលនោះ ហេតុដូច្នេះសុំឲ្យអ្នកនយោបាយទាំងអស់ តាំងខ្លួនជាមនុស្សឯករាជ្យឡើង ។ ប៉ុន្តែការស្នើរបស់ខ្ញុំ ដូចជាអត់មានអ្នកណាមួយយកចិត្តទុកដាក់នឹងការអំពាវនាវរបស់ខ្ញុំនោះទេ ។ ទី២ រឿងបំណុលហិរញ្ញវត្ថុ យើងអាចខំប្រឹងប្រែងឲ្យបានអភិវឌ្ឍប្រទេសយើងឲ្យបានលូតលាស់ ដោយមានដូចជាសហគមន៍អឺរ៉ុប ឬមួយសហរដ្ឋអាមេរិក ឬមួយប្រទេសលោកសេរីទាំងអស់ បានស្នើ បានជូនកម្មវិធី ដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍ ដើម្បីមានលុយសងបំណុលទៅគេវិញ ក៏ប៉ុន្តែរដ្ឋាភិបាលសព្វថ្ងៃនេះ អត់បានគិតគូរនោះទេ ។ ដូច្នេះយើងអាចបាត់អធិបតេយ្យរបស់យើង ក្រោមបំណុលហិរញ្ញវត្ថុ ។ យើងសង្កេតឃើញប្រទេសជាច្រើន ដូចប្រទេសក្រិក ជំពាក់លុយចិន ត្រួតត្រាកំពង់ផែ ហើយប្រទេសផ្សេងទៀត ដែលបាត់អធិបតេយ្យក្នុងរឿងសេដ្ឋកិច្ចនេះ ។ ហេតុដូច្នេះខ្ញុំមានការព្រួយបារម្ភជាច្រើន ទៅនឹងបំណុលរបស់ខ្មែរយើង គ្មានលុយសងគេទៅអនាគត“ ។
គួរបញ្ជាក់ថា យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា បំណុលសាធារណៈរបស់កម្ពុជា មានចំនួន ១១,២៧ពាន់លានដុល្លារ ត្រឹមដំណាច់ត្រីមាសទី២ នៃឆ្នាំ២០២៤ ។
ប្រភពដដែល បានបង្ហាញថា សមាភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៧ភាគរយ ជាដុល្លារអាមេរិក ១៩ភាគរយ ជាអេសដេអ៊ែ ១១ភាគរយ ជាយ័នចិន ១១ភាគរយ ជាយេនជប៉ុន ៧ភាគរយ ជាអឺរ៉ូ និង៥ភាគរយទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ ក្នុងនោះ ៩៩ភាគរយ ឬ ១១,១៦ពាន់លានដុល្លារ គឺជាបំណុលសាធារណៈខាងក្រៅ ចំណែកនៅសល់ ជាបំណុលសាធារណៈក្នុងស្រុក ។
ព្រឹត្តិបត្រដដែល បានបញ្ជាក់ទៀតថា ៦៣ភាគរយនៃបំណុលសាធារណៈ បានមកពីក្របខ័ណ្ឌទ្វេភាគី និង ៣៧ភាគរយ បានមកពីក្របខ័ណ្ឌពហុភាគី និង ១ភាគរយ ជាបំណុលសាធារណៈក្នុងប្រទេស។
របាយការណ៍បានកត់សម្គាល់ថា នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ ៣១៣លានដុល្លារ សមមូលនឹងប្រមាណ ២៣៧លានដុល្លារ អេសដេអ៊ែ ស្មើនឹងប្រមាណ ១៤ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។ ជារួម ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥៦ភាគរយ។
ប្រភពដដែល បានបន្តទៀតថា គោលបំណងនៃឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មរបស់ប្រទេស ។ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែបន្តមាន «ចីរភាពនិងហានិភ័យកម្រិតទាប»។ រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុលដល់ទៅប្រមាណជិត ៥០លានដុល្លារសម្រាប់បំណុលសាធារណៈ ទាំងក្រៅនិងក្នុងប្រទេស។
រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយកាលពីខែមុន នូវយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ រយៈពេល៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយបង្ហាញពីផែនការរបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់បំណុលសាធារណៈ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕ កុលបុត្រ
ា