ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ខ្លួនមានសមាជិក សមាជិកា ជាង៧លាន៣សែននាក់ គ្រប់គ្រាន់សម្រាប់ឈ្នះការបោះឆ្នោតហើយ មិនចាំបាច់ទៅទិញ គំរាមកំហែង បង្ខំឲ្យចុះចូលជាមួយទេ តែបើសុំចុះចូល គណបក្សស្វាគមន៍ជានិច្ច ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ថា “គណបក្សប្រជាជនកម្ពុជាគោរពសិទ្ធិនយោបាយពលរដ្ឋ បើមានពលរដ្ឋសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ តែបើឲ្យទៅទិញ សូកប៉ាន់ អត់មានទេ ។ មានសមាជិក សមាជិកា ជាង៧លាន៣សែននាក់ ជាការគ្រប់គ្រាន់សម្រាប់យកឈ្នេះការបោះឆ្នោតហើយ មិនបាច់ទៅគំរាមកំហែងឲ្យចូលជាមួយទេ តែបើសុំចូល គណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ ។ ក្រុមឧទ្ទាមក្រៅច្បាប់ និងប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា គឺជាអ្នកបង្ករឿងមិនឈប់ ។ ពួកជ្រុលនិយមនៅក្រៅប្រទេស តាំងខ្លួនឯងជាអ្នកស្នេហាជាតិ ជាងអ្នកនៅក្នុងស្រុក តាមការពិតពួកនេះជាពួកអាខ្មេះ មិនបានការ ។ ក្រុមឧទ្ទាមក្រៅច្បាប់ ជាអ្នកបង្កើតបញ្ហាបន្តបន្ទាប់ មានរឿងខ្លះត្រូវបកស្រាយ មានរឿងខ្លះមិនបាច់បកស្រាយអីទេ ។ ការបង្រួបបង្រួមនិងផ្សះផ្សា ធ្វើបានតែជាមួយអ្នកនយោបាយនិងគណបក្សនយោបាយទូទៅ តែមិនអាចធ្វើជាមួយក្រុមជ្រុលនិយមទេ” ។
បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មិនមែនត្រឹមតែ ៧លាន៣សែននាក់ទេ គឺបើរាប់ទាំងសកម្មជនបក្សប្រឆាំងដែលបានមកចូលរួមជីវភាពជាមួយជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ មក គឺមានច្រើនជាងនេះ ឬជាចំនួនលើសពី៨០% នៃប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះគណបក្ស មិនចាំបាច់ប្រើលុយកាក់ អូសទាញ បង្ខិតបង្ខំ គំរាមកំហែងដោយប្រការណាមួយ ដូចការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “និយាយរួម គឺយើងគោរពសិទ្ធិពលរដ្ឋ យើងបើកទូលាយសិទ្ធិនយោបាយរបស់ពលរដ្ឋ យើងបើកទូលាយសិទ្ធិនយោបាយគ្រប់គណបក្សទាំងអស់ លើមូលដ្ឋាននៃការគោរពឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ។ អ៊ីចឹងគណបក្សប្រជាជន យើងដឹងហើយថា មានសមាជិកជាង ៧លាន៣សែននាក់ហើយ ហើយយើងមិនទាន់រាប់ពីអ្នកដែលចុះចូលជាមួយយើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ នៅតែមានការចុះចូលជាបន្តបន្ទាប់ហូរហែមកទៀត ។ អ៊ីចឹងគឺសមាជិក សមាជិកាគណបក្សប្រជាជនមិនមែនត្រឹមតែ ៧លាន៣សែននាក់ទេ អ៊ីចឹងចំនួននេះ វាជាចំនួនលើសពី ៨០% ហើយជាក់ស្ដែង ដូចការបោះឆ្នោតឆ្នាំ២០២៣ យើងឃើញហើយថា ៨៣% នៃប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺបានគាំទ្រគណបក្សប្រជាជន ។ អ៊ីចឹងមិនចាំបាច់ទៅប្រើលុយកាក់ដើម្បីអូសទាញ មិនចាំបាច់ទៅប្រើមធ្យោបាយបង្ខិតបង្ខំ ឬមួយគំរាមកំហែងដោយប្រការណាមួយ ដូចការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ថាយើងប្រើទឹកលុយ យើងប្រើតួនាទី បុណ្យស័ក្ដិ យើងប្រើការគំរាមកំហែង អត់ទេ! ពីព្រោះការបោះឆ្នោត ប្រពឹ្រត្តទៅជាសម្ងាត់ ។ អ៊ីចឹងអ្វីដែលមិនមែនជាផលចំណេញ គឺយើងមិនប្រើទេ តែយើងនៅតែបើកសិទ្ធិទូលាយ ទោះបីថាយើងមានសមាជិក សមាជិកាច្រើនលាននាក់លើសលប់នៅក្នុងសង្គមកម្ពុជា ក៏ដោយ ក៏យើងនៅតែមានមនោសញ្ចេតនាចំពោះពលរដ្ឋណាដែលលោកភ្ញាក់រលឹក ចាកចេញពីគណបក្សប្រឆាំង ពីក្រុមឧទ្ទាមក្រៅច្បាប់ ហើយមកសុំរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អាហ្នឹងគោលការណ៍របស់គណបក្ស គឺអ្នកណាចង់ចូលសមាជិកគណបក្ស សុទ្ធតែដាក់ពាក្យ ផ្ដិតមេដៃ ឬចុះហត្ថលេខាដោយផ្ទាល់ខ្លួន ហើយសម្ដែងនូវគោលជំហរច្បាស់លាស់ ក្នុងការដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោរពលក្ខន្តិកៈរបស់គណបក្ស និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស បានយើងទទួល ហើយរឿងតួនាទី តំណែង អាហ្នឹងរឿងផ្សេងទេ ។ ក្រោយពេលដែលចូលជាសមាជិក សមាជិកាគណបក្សហើយ បងប្អូនទាំងអស់នោះ សុទ្ធតែមានសកម្មភាពចុះទៅតាមមូលដ្ឋាន ដើម្បីលត់ដំខ្លួន ហើយឆ្លងកាត់ការលត់ដំខ្លួននេះ វាត្រូវលេចចេញនូវគុណសម្បត្តិ ស្នាដៃផ្សេងៗ ។ល។ និង ។ល។ ហ្នឹង អាហ្នឹងគឺគណបក្សថ្នាក់លើ លោកពិនិត្យទៅតាមគុណសម្បត្តិ និងស្នាដៃរបស់បុគ្គលម្នាក់ៗ ហើយធ្វើការតែងតាំង ពីព្រោះគាត់ជាមហាគ្រួសារគណបក្សប្រជាជន តែមួយ ។ ដូច្នេះហើយ អត់មានអ្នកមកមុន អ្នកមកក្រោយ ឬមួយក៏អ្នកទើបនឹងចូលក្រោយអីអត់ទេ យើងអត់គិតអ៊ីចឹងទេ គិតតែថា ពេលដែលចូលជាសមាជិក សមាជិកាគណបក្ស ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាមួយនឹងមហាជន ប្រជាជននៅតាមមូលដ្ឋាន ហើយបង្ហាញនូវស្នាដៃពិតប្រាកដ ដើម្បីឲ្យថ្នាក់លើហ្នឹង លោកកត់សម្គាល់ ហើយមានការលើកទឹកចិត្តក្នុងការតែងតាំង និងផ្ដល់តួនាទីអីឲ្យស្របទៅតាមគោលជំហរ សមត្ថភាព គុណភាពរបស់ខ្លួនម្នាក់ៗ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះកន្លងមក ក្រុមប្រឆាំងតែងតែចោទអ្នកចុះចូលបក្សកាន់អំណាច ដើម្បីបានតួនាទី បុណ្យស័ក្ដិ អំណាចនោះ អានេះវាផ្ទុយអំពីលក្ខន្តិកៈគណបក្សហើយ ។ យើងមិនយកសមាជិក សមាជិកាណាមកចូលហើយ ដោយការបង្ខិតបង្ខំ ដោយការទិញទឹកចិត្ត ឬមួយដោយការចង់បានតួនាទីបុណ្យស័ក្ដិអីធំ បានមកចូលជាមួយយើង យើងអត់ធ្វើអ៊ីចឹងទេ ។ ក្នុងន័យនេះដែរ អ្វីដែលខ្ញុំថា ការបង្រូបបង្រួម ផ្សះផ្សា មិនអាចធ្វើបានជាមួយក្រុមជ្រុលនិយមសម រង្ស៊ី នោះ អានេះជាការឆ្លើយតបចំពោះនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិសម រង្ស៊ី ហ្នឹងឯង ពីព្រោះគេៗបានលើកបញ្ហាហ្នឹងតាំងពីច្រើនឆ្នាំហើយ ដប់ម្ភៃឆ្នាំហើយ មានស៊ី អត់សែន ។ ឥឡូវបើគេចាត់ទុកយើងជាខ្មាំងសត្រូវហើយ យើងទៅលូនទៅរកគេ ក៏វាមិនកើតដែរ អាហ្នឹងអត់បានទេ ។ អាហ្នឹងគឺថា ការដែលមិនចរចា ការដែលសម្របសម្រួល ឬមកបង្រួបបង្រួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម គឺជាការឆ្លើយតបចំពោះនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងឯង ។ ចំពោះគណបក្សផ្សេងៗ យើងឃើញហើយ គណបក្សប្រជាជន បានធ្វើការចងសម្ព័ន្ធភាពជាមួយគណបក្ស ២៧ទៀត នៅក្នុងចំណោមគណបក្ស ៤០ប្លាយ នៅក្នុងសង្គមកម្ពុជា” ។
ជុំវិញការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ទោះបីថាមានសមាជិកជាង ៧លាននាក់ដែលគាំទ្រគណបក្សប្រជាជន ក៏ដោយ ប៉ុន្តែអ្នកដែលបោះឆ្នោតឲ្យពិតប្រាកដនោះ មិនមែនបានចំនួនប៉ុណ្ណឹងទេ ដូច្នេះបក្សកាន់អំណាច ប្រាកដជាគំរាមកំហែង ទិញឲ្យគេចុះចូល ឲ្យគេគាំទ្រខ្លួន ដើម្បីការពារថ្ងៃក្រោយទៅ កុំឲ្យបោះឆ្នោតចាញ់គេ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ទោះបីគាត់ថា សមាជិកជាង ៧លាននាក់ដែលគាំទ្រគណបក្សប្រជាជនក៏ដោយ ប៉ុន្តែអ្នកដែលបោះឆ្នោតឲ្យពិតប្រាកដនោះ មិនមែនបានចំនួនប៉ុណ្ណឹងទេ ដូចយើងឃើញបោះឆ្នោតកន្លងមកហើយតើ មន្រ្តីរាជការមួយចំនួន គាត់គ្មានជម្រើស ចេះតែថាគាំទ្រគណបក្សប្រជាជន ប៉ុន្តែបើមានគណបក្សប្រឆាំង ដូចគណបក្សសង្រ្គោះជាតិ គេបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិហើយ ។ អ៊ីចឹងហើយបានជាគណបក្សប្រជាជន មិនហ៊ានបោះឆ្នោតដោយសេរី និងយុត្តិធម៌ហ្នឹង ព្រោះដឹងថា ប្រជាពលរដ្ឋគាំទ្រតិច ហើយដែលថា គាត់យកលុយទៅទិញអ្នកចុះចូលហ្នឹង គឺជាការពិតហើយ ហើយដូចខ្ញុំថា បើសិនជាបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺចាញ់គណបក្សប្រឆាំងហើយ ។ អ៊ីចឹងហើយបានគាត់រំលាយគណបក្សសង្រ្គោះជាតិ ២០១៧ ខ្លាចចាញ់គណបក្សសង្រ្គោះជាតិ បោះឆ្នោតជាតិ ២០១៨ ។ ដូច្នេះគាត់ប្រាកដជាគំរាមកំហែង ទិញឲ្យគេចុះចូល ដើម្បីឲ្យគាំទ្រខ្លួន បោះឆ្នោតថ្ងៃក្រោយទៅ បោះឆ្នោតចាញ់គេ ។ អ៊ីចឹងហើយបានគាត់ប្រើមធ្យោបាយគំរាមកំហែង និងទិញក្រុមអ្នកប្រឆាំងហ្នឹង“ ។
លោកអ៊ុំ សំអាន បានបន្តថា “បង្រួបបង្រួមជាតិហ្នឹង គាត់បង្រួបបង្រួមជាមួយបក្សផ្សេងហ្នឹង អ្នកដែលគាំទ្រលោកសម រង្ស៊ី ច្រើន ហើយបង្រួបបង្រួមជាមួយអ្នកផ្សេង ម៉េចហៅថាផ្សះផ្សាជាតិបាន ។ អ៊ីចឹងបង្រួបបង្រួមជាមួយគណបក្សតូចតាចហ្នឹង វាបានមនុស្សតិចទេ ដល់តែបង្រួបបង្រួមជាមួយគណបក្សសង្រ្គោះជាតិ បានមនុស្សទូទាំងប្រទេស អ៊ីចឹងហើយបានអាចថាផ្សះផ្សាជាតិបាន ។ បើគាត់បង្រួបបង្រួមជាមួយគណបក្សតូចតាច ជាគណបក្សរណបគណបក្សប្រជាជន មិនហៅថាការបង្រួបបង្រួមជាតិនោះទេ“ ៕ កុលបុត្រ