Wednesday, December 4, 2024
Homeព័ត៌មានជាតិស៊ន តារា ថាស្រុកសន្តិភាព ឪជាប់គុក ទឹកភ្នែកម៉ែជន់ជាទន្លេ

ស៊ន តារា ថាស្រុកសន្តិភាព ឪជាប់គុក ទឹកភ្នែកម៉ែជន់ជាទន្លេ

ភ្នំពេញ ៖ លោកស៊ន តារា សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ដែលមុននេះបានបង្ហាញការឈឺចាប់ បន្ទាប់ពីឪពុករបស់ខ្លួន ជាមន្រ្តីយោធា ត្រូវបានឃាត់ខ្លួននិងឃុំខ្លួន ក្រោមការចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀននោះ នាពេលនេះ លោកបន្តបង្ហាញការឈឺចាប់ជំនួសម្ដាយ ដោយលើកឡើងថា ស្រុកសន្តិភាព ឪជាប់គុក ទឹកភ្នែកម៉ែជន់ជាទន្លេ ។ ជាមួយនេះ សកម្មជនប្រឆាំងរូបនេះ បញ្ជាក់ជំហររឹងមាំថា លោកមិនទាន់ពឹងអន្តរជាតិ ឲ្យជួយអន្តរាគមន៍ដោះលែងឪពុករបស់លោកទេ គឺលោករង់ចាំការសន្ដោសប្រណីពីសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យអស់ចិត្តសិន ។          

លោកស៊ន តារា បានបង្ហោះរូបភាពម្តាយរបស់លោកទួញយំក្នុងពេលសន្ទានាតាមប្រព័ន្ធវីដេអូអនឡាញជាមួយលោក ក្នុងរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយសំណេរថា “ទឹកភ្នែកម៉ែជន់ជាទន្លេ។ កាលប៉ាដេកព្រៃធ្វើសង្រ្គាមការពារជាតិ ម៉ែមិនដែលយំទេ ពេលនេះស្រុកយើងសន្តិភាពហើយ ទឹកភ្នែកម៉ែ “ទឹកភ្នែកសន្តិភាព!” តើឲ្យខ្ញុំពិពណ៌នាទុក្ខវេទនានេះយ៉ាងដូចម្តេច ក្នុងសម័យនេះ?“ ។

លោកស៊ន តារា បានសរសេរបន្ថែម តាមហ្វេសប៊ុក ដដែល នៅទី០២ ខែធ្នូ ឆ្នាំ២០២៤ថា “ខ្លះឆ្ងល់ ខ្លះជំរុញខ្ញុំថា “ចម្លែកណាស់! ហេតុអ្វីមិនឃើញលោកគ្រូ ដាក់ញតិ្តទៅទូតអន្តរជាតិនានា ពេលគេចាប់ឪពុក?” ខ្ញុំសុំឆ្លើយជារួមថា “គ្មាននរណាអាចជួយប៉ាខ្ញុំ ក្រៅពីម្ចាស់របស់គាត់ឡើយ គឺសម្តេចតេជោ ។ ខ្ញុំអាចត្រូវការជំនួយមនុស្សធម៌ សិទ្ធិមនុស្ស ពីសហគមន៍អន្តរជាតិ នៅពេលណាខ្ញុំអស់ជំនឿលើសម្តេច ក្នុងការដោះស្រាយបញ្ហា ។ ខ្ញុំមិនចង់ពឹងអន្តរជាតិ មុនពឹងខ្មែរទេ ទោះជាអន្តរជាតិល្អយ៉ាងណា យើងជាខ្មែរ ត្រូវទុកខ្មែរ ទីមួយសំខាន់ អន្តរជាតិ ជាជម្រើសចុងក្រោយ” ។

គួរបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៨៩៩ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀន ចំនួន ០២(ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥០ (ដប់ប្រាំក្បៀសហាសិបពីរ) ក្រាម និងសារធាតុមិនច្បាស់ ចំនួន ០១(មួយ) កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។ បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការឃាត់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូចសារធាតុញៀននេះផងដែរ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់បនូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ចំណាត់ការខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់ ។

ក្រោយពេលឪពុកត្រូវចាប់ខ្លួននិងឃុំខ្លួន លោកស៊ន តារា បានចេញវីដេអូ តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នើដោះលែងឪពុករបស់លោក ព្រោះលោកយល់ថា ការចាប់ខ្លួនឪពុកលោក ដោយសារលោកជាកូន ជាសកម្មជនប្រឆាំង។ លោកស៊ន តារា បានបញ្ជាក់ពីជំហររបស់ខ្លួន ២ចំណុច គឺ១-សុំដោះលែងឪពុករបស់លោក ព្រោះការចាប់ខ្លួនឪពុករបស់លោក ពីបទលាក់ទុកគ្រឿងញៀននេះ សាហាវពេកហើយ ព្រោះឪពុករបស់លោក ជាមនុស្សស្លូតត្រង់ និងតស៊ូស្មោះត្រង់បម្រើគណបក្សប្រជាជនកម្ពុជា តាំងពីដើមមក ។ ២- ប្រកាសជាថ្មីថា លោកនៅតែដើរតាមផ្លូវរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច តាមបែបប្រជាធិបតេយ្យ និងសូមអភ័យទោសសម្តេចហ៊ុន សែន ផងដែរ បើលោកខុសឆ្គងពាក្យសម្តីណាមួយ ។

បន្ទាប់ពីនោះមកទៀត នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន លោកស៊ន តារា សរសេរតែសារឈឺចាប់ ទុក្ខសោក រំលឹកអតីតកាលតស៊ូរបស់ឪពុក ក្នុងន័យអំពាវនាវសម្ដេចហ៊ុន សែន អន្តរាគមន៍ដោះលែងឪពុករបស់លោក ឲ្យមានសេរីភាពឡើងវិញ ។

ជាក់ស្ដែង ក្រៅពីបានបង្ហាញរូបថតម្ដាយយំ និងលើកឡើងនៅពេលនេះថា ទឹកភ្នែកម្ដាយរបស់ខ្លួនជន់ជាទន្លេ ព្រោះតែពិបាកចិត្តរឿងប្ដីជាប់គុកនោះ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស៊ន តារា បានបង្ហោះរូបភាពឪពុកម្ដាយរបស់លោក ពេលទៅជួបសម្ដេចហ៊ុន សែន នៅភូមិគ្រឹះរបស់សម្ដេច កាលពីឆ្នាំ២០២៣ ភ្ជាប់ជាមួយសំណេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ឆ្នាំ២០២៣ ប៉ាមានកិត្តិយសដ៏អស្ចារ្យបំផុតក្នុងឆាកជីវិត ដែលត្រូវបានសម្តេច ហៅជួបសួរសុខទុក្ខនៅគេហដ្ឋានសម្តេចផ្ទាល់ ក្រោយពេលសម្តេចខឹង ព្រមានខ្ញុំឲ្យបិទមាត់ដ៏មានឥទ្ធិពល ឆ្នាំ២០២៤ ប៉ាត្រូវគេចាប់ដាក់គុក ក្រោមម្លប់សន្តិភាព។ ប៉ាកាន់អាវុធច្បាំងយកជីវិតជាទុន ការពារជាតិ ស្មោះត្រង់រហូតកម្ពុជា ចប់សង្រ្គាមប្រដាប់អាវុធ សមណាស់តែប៉ាទទួលផលសុខ តែបែជាដេកគុកយ៉ាងខ្លោចផ្សា គ្មានវាសនាដូចអ្នកជេរប្រមាថសម្តេច អសុរោះកប់ៗមាត់។ សូមប៉ាមានសុខភាពល្អជានិច្ច“  ៕ កុលបុត្រ

RELATED ARTICLES