Wednesday, December 4, 2024
Homeព័ត៌មានជាតិសំណុំរឿងឆបោក ឡេង ចាន់ណា តុលាការកោះហៅស៊ាន បូរ៉ាត-ស ថាវី

សំណុំរឿងឆបោក ឡេង ចាន់ណា តុលាការកោះហៅស៊ាន បូរ៉ាត-ស ថាវី

ខេត្តសៀមរាប ៖ ពាក់ព័ន្ធសំណុំរឿងឆបោក របស់អតីតឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពីមានការឃាត់ខ្លួនមេខ្លោងនិងបក្ខពួកមួយចំនួនមក ពេលនេះ តុលាការខេត្តសៀមរាប បានចេញដីកាកោះហៅសាក្សី ២រួប  គឺលោក ស ថាវី  អតីតអភិបាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រក្សាសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជជាជនកម្ពុជា និងលោកស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ  យុវជននិងកីឡា ឲ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១១ និង១៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។

យោងតាមដីកាកោះដាច់ដោយឡែកពីគ្នា របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប លិ ស៊ីវទាន អមដោយលោក អឿន សំអាត ជាក្រឡាបញ្ជី នៃសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះ ស ថាវី ភេទប្រុស កើតថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៦៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ លំនៅបច្ចុប្បន្ន ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាសាក្សី ឲ្យចូលមកកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅបន្ទប់លេខ (ខ.១២) និងឈ្មោះស៊ាន បូរ៉ាត ភេទប្រុស កើតថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០១០២០០៣៤៧ (០១) លំនៅបច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ ១៤៣៩ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសាក្សី ឲ្យចូលមកកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅបន្ទប់លេខ (ខ.១២) ដើម្បីចូលមកឆ្លើយបំភ្លឺ ពីដំណើររឿងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងពីបទសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងទៅនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។

ជាការកត់សម្គាល់ ការកោះហៅលោក ស ថាវី និងលោក ស៊ាន បូរ៉ាត ខាងលើនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ។

សូមរម្លឹកថា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់លោកស្រីអតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប្រ៊ីនលាន ស៊ីធីវើល  និងបក្ខពួក ពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចដែលមិនអាចជួញដូរបាន និងបទសម្អាតប្រាក់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ​ ចំនួនជាង៥ពាន់គ្រួសារ ដែលបានចាញ់បោកទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់ ។

ស្ថិតក្រោមការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន ម៉ាណែត បានធ្វើការប្រទានសិទ្ធិជូនលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់តាំងមេធាវីរាជរដ្ឋាភិបាល មួយក្រុម ចុះជួបផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ សរុបចំនួន ៤ ៩២៩ ដើម្បីប្រមូលព័ត៌មាននិងភស្តុតាង ចំនួន១៤លើក រួចមកហើយ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា នេះ ហើយដែលជំនួបចុងក្រោយ ធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប ។ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ក៏បានធ្វើការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យពលករខ្មែរ ដែលកំពុងតែធ្វើការនៅក្រៅប្រទេស ហើយជាជនរងគ្រោះដែរនោះ អាចប្រគល់សិទ្ធិជូនមេធាវី ដើម្បីការពារជូនពួកគាត់ផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ កាលពីសប្តាហ៍មុន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហានេះមិនមានវិធីអ្វីផ្សេងក្រៅពីប្រើយន្តការច្បាប់ ដើម្បីដោះស្រាយនោះទេ។ តុលាការខេត្តសៀមរាប និងមេធាវីរាជរដ្ឋាភិបាល បាននិងកំពុងតែបន្តការងារនេះ ដើម្បីជួយដោះស្រាយជូនពលរដ្ឋទាំងនោះ ដែលសំណុំរឿងនេះ ត្រូវការពេលវេលាច្រើន។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «តាមសួរចម្លើយ គាត់ប្រាប់អ៊ីចឹងៗ យើងត្រូវច្បាមបន្ថែម…អ៊ីចឹងកិច្ចការងារនេះ យើងធ្វើ ហើយមេធាវីរាជរដ្ឋាភិបាលបានស្នើដីកាដើម្បីកោះហៅអ្នកបន្តបន្ទាប់ ដើម្បីយកមកស៊ើបសួរបន្ថែម ស្រាវជ្រាវរកមើល»។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា «ខ្ញុំមើលតាមការប្រកាសរបស់តុលាការ ឃាត់ខ្លួនប្រហែលជា ២០នាក់ ហើយរៀបចំស្រាវជ្រាវបន្ថែម ដើម្បីកំណត់ ហើយបានចេញគោលការណ៍បង្កកទ្រព្យសម្បត្តិអ្នកពាក់ព័ន្ធមួយចំនួន។ រឿងនេះ អត់ស្រួលទេ បើគាត់ដាក់ទ្រព្យទាំងអស់នេះនៅមួយឃ្លាំង ស្រួលណាស់។ បើកឃ្លាំង យកមកចែកគ្នាតែម្តង។ តែវាអត់នៅក្នុងឃ្លាំងតែមួយ…” ៕ កុលបុត្រ

RELATED ARTICLES