ភ្នំពេញ ៖ គូស្នេហ៍មួយគូ បានរួមរស់ជាមួយគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ តែ ការរួមរស់ហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ ព្រោះតែភាគីប្រុសស្នេហ៍ដែលមានអាយុក្មេង ជាងខាងស្រី មានចិត្តប្រចណ្ឌខ្លាំង តែងរករឿង វាយដំ និងថែមទាំងប្រើខ្សែភ្លើងឆ្នាំងសាកទូរ- ស័ព្ទវាយស្រីស្នេហ៍បណ្តាលឱ្យជាំសុសខ្លួន រហូត ដល់ខាងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល តាមផ្លូវលេខ ១៨៧ ស្ថិតក្នុងភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន។
នារីរងគ្រោះដែលទទួលរងអំពើហិង្សា ពីប្រុសស្នេហ៍វ័យក្មេងនោះ មានឈ្មោះសុខ ចន្ធី អាយុ២៨ឆ្នាំ មុខរបរមេការខារ៉ាអូខេ មានស្រុក កំណើតនៅផ្ទះលេខ២៦ ផ្លូវ៥៨២ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែក ភាគីជាប្រុសស្នេហ៍មានឈ្មោះឈុន ពន្លក អាយុ ២២ឆ្នាំ មុខរបរមេការនៅក្នុងហាងខារ៉ាអូខេ ជាមួយគ្នា មានស្រុកកំណើតនៅភូមិក្តីតាហុក ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គូស្នេហ៍ខាងលើនេះ សព្វថ្ងៃរួមរស់ជុំគ្នាក្នុង បន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នាងគឺជាអតីតស្ត្រីមេម៉ាយ មានកូនប្រុស ស្រី២នាក់ តែបានលែងលះប្តីមុនដាច់ស្រេច ហើយ និងបានទទួលយកបុរសខាងលើជាគូ- ស្នេហ៍ និងបានជួលបន្ទប់រួមរស់ជាមួយគ្នាដូចប្តី ប្រពន្ធ តែមិនបានរៀបការ ឬសែនព្រេនអ្វីទាំង អស់។ មកដល់ពេលនេះ ពួកនាងរួមរស់នឹងគ្នា បាន១ឆ្នាំមកហើយ តែមិនទាន់មានកូនចៅ ជាមួយគ្នានៅឡើយ។ អំឡុងពេលរួមរស់ជា- មួយប្រុសស្នេហ៍វ័យក្មេងនេះ នាងមិនសូវមាន សេចក្តីសុខ សុភមង្គលនោះទេ ព្រោះតែប្រុស ស្នេហ៍ជាមនុស្សកំពូលប្រចណ្ឌ និងឧស្សាហ៍ប្រើ អំពើហិង្សាវាយដំនាងខ្លាំងណាស់។ តែកន្លងមក នាងចេះតែខាំមាត់សង្កត់ចិត្ត ព្រោះនឹកថា ធ្វើ ម៉េច នេះជាកម្មវាសនារបស់នាង និងរំពឹងថា ថ្ងៃណាមួយ ប្រុសស្នេហ៍នឹងផ្លាស់ប្តូរចរិតបន្ថយ ការប្រចណ្ឌ និងជឿជាក់លើចិត្តរបស់នាងកាន់ តែច្រើន ដែលអាចឱ្យពួកនាងរួមរស់នឹងគ្នាយ៉ាង មានសុភមង្គល។
នារីរងគ្រោះបន្តថា លុះមកដល់វេលា ម៉ោង៦ព្រលប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នាងបានទៅលេងផ្ទះមិត្តភក្តិ រួចក៏ដេកនៅជា- មួយមិត្តភក្តិ១យប់ ស្រាប់តែដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ ខណៈដែលនាងត្រឡប់ចូល មកដល់បន្ទប់ជួលវិញ ក៏ត្រូវប្រុសស្នេហ៍ចិត្ត កំណាចហូតខ្សែភ្លើងឆ្នាំងសាកទូរស័ព្ទវាត់វាយ មកលើខ្លួនប្រាណ និងដៃជើងនាងទាំងកំរោល បណ្តាលឱ្យនាងរងរបួសជាំពេញខ្លួន ដោយមិន បានសួរនាំរកខុសត្រូវអ្វី សូម្បីមួយម៉ាត់ ព្រម ទាំងចោទប្រកាន់នាងទាំងទទឹងទិសថា នាង បានទៅដេកជាមួយសហាយទៀតផង។
នារីរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុ ភ្លាមៗ នាងមិនបានទៅដាក់ពាក្យបណ្តឹងនោះ ទេ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅពេលនាងក្រោកពីដំណេកដើរចេញ មកក្រៅបន្ទប់ ក៏ចាក់សោពីក្រៅជាប់ ទុកឱ្យ ប្រុសស្នេហ៍ជាប់នៅក្នុងបន្ទប់ រួចក៏រត់មកប្តឹង សមត្ថកិច្ច ដើម្បីឱ្យចុះជួយអន្តរាគមន៍នាំប្រុស ស្នេហ៍ទៅអប់រំព្រមាន កុំឱ្យប្រើអំពើហិង្សាមក លើនាងតទៅទៀត។ យ៉ាងណាក្តី នាងមិនចង់ ឱ្យប្រុសស្នេហ៍នេះជាប់ទោសទណ្ឌ គុកច្រវាក់ អ្វីដែរ ព្រោះពួកនាងមានអនុស្សាវរីយ៍ជាមួយ គ្នាច្រើនណាស់ ហើយនាងក៏ស្រលាញ់ប្រុសស្នេហ៍ ខ្លាំងណាស់ដែរ។
ចំណែកភាគីខាងប្រុសបានសារភាពប្រាប់ ថា រូបគេពិតជាបានប្រើអំពើហិង្សា ដោយយក ខ្សែឆ្នាំងសាកទូរស័ព្ទវាយទៅលើស្រីស្នេហ៍ប្រាកដ មែន ដោយនៅមុនពេលកើតហេតុ កាលពីប៉ុន្មាន ថ្ងៃមុននេះ ស្រីស្នេហ៍របស់ខ្លួនរូបនេះ បានលួច ចាក់សោបន្ទប់ ទុករូបគេឱ្យនៅក្នុងបន្ទប់ ចំណែក នាងបែរជាទៅជួបជាមួយនឹងសង្សារចាស់ដែល ជាជនបរទេស តើប្រុសឯណាទ្រាំមិនខឹងបាន? ហេតុនេះហើយ នៅពេលដែលស្រីស្នេហ៍ចូល មកដល់បន្ទប់វិញ រូបគេក៏យកខ្សែភ្លើងឆ្នាំង- សាកទូរស័ព្ទវាយនាង ទុកជាការព្រមានតែម្តង។
ភាគីខាងប្រុសបន្តថា តាមពិត រឿងហិង្សា មួយនេះ ត្បិតថាបន្សល់ទុកស្លាកស្នាមជាំនៅ លើខ្លួនប្រាណស្រីស្នេហ៍ពិតមែន តែរឿងរ៉ាវ បានសម្របសម្រួលគ្នារួចរាល់ទៅហើយ ហើយ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគេត្រឡប់មកពីធ្វើការ បានផឹកស៊ីស្រវឹង រួច ក៏ចូលមកដេកជាមួយស្រីស្នេហ៍តាមធម្មតា។ លុះព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅពេលភ្ញាក់ដឹងខ្លួន បាត់ស្រីស្នេហ៍ នឹកស្មានថានាងចេញទៅរកទិញ បាយមកឱ្យខ្លួនហូប ដឹងអី!បន្តិចក្រោយមក ក៏មានសមត្ថកិច្ចចុះមកចាប់រូបគេតែម្តង។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពី នារីរងគ្រោះ ដែលបានមកប្តឹងផ្តល់ទាំងទឹកភ្នែក ទឹកសំបោរ សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនបុរសជា ប្រុសស្នេហ៍យកមកសាកសួរ ហើយខាងប្រុស ក៏ទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានវាយ ស្រីស្នេហ៍ បណ្តាលឱ្យជាំពេញខ្លួន ហើយមូល- ហេតុ ក៏ដោយសារតែភ្លើងប្រចណ្ឌ។
ក្រោយសមត្ថកិច្ចធ្វើការសាកសួរ ភាគី ទាំងសងខាង សុទ្ធតែមានហេតុផលរៀងខ្លួន ចំណែកខាងស្រី គ្មានបំណងប្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនប្រុសស្នេហ៍ដាក់ទោសទណ្ឌអ្វីទេ គ្រាន់ តែស្នើឱ្យអប់រំណែនាំ និងធ្វើកិច្ចសន្យាកុំឱ្យប្រព្រឹត្ត ហិង្សាដាក់នាងទៀតប៉ុណ្ណោះ។ លុះខាងប្រុស យល់ព្រមធ្វើកិច្ចសន្យា និងបានអះអាងសច្ចា ចំពោះមុខសមត្ថកិច្ចថា ឈប់វាយដំស្រីស្នេហ៍ និងព្យាយាមថ្នាក់ថ្នមនាងរួចមក គូស្នេហ៍ខាង លើនេះ ក៏បានដឹកដៃគ្នាយ៉ាងស្អិតល្មួតចាកចេញ ពីប៉ុស្តិ៍ប៉ូលិស ត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួន វិញបាត់ទៅ៕