Friday, December 27, 2024
Homeព័ត៌មានជាតិក្រមាខ្មែរ យូណេស្កូ ចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ក្រមាខ្មែរ យូណេស្កូ ចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ ៖ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាល ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំនេះ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

កិច្ចប្រជុំបានបើកជាផ្លូវការ ក្រោមអធិបតីភាពលោកសានទីអាហ្គោ ប៉េណា ប៉ាឡាស៊ីអូស ( Santiago Peña Palacios) ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ, លោកស្រីអាឌ្រីយ៉ាណា អ័រទីស សេមីដេ (Adriana Ortiz Semidei) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងលោកស្រី អូដ្រេយ៍ អាហ៊្សូឡេយ៍ (Audrey Azoulay) អគ្គនាយិកានៃអង្គការយូណេស្កូ (UNESCO)។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ បានបញ្ជាក់ថា “ក្រមា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេ ស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច 19.COM 7.6.271 ។

“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ចាប់តាំងពីពេលកើក រហូតដល់ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗ ដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម ។ល។

កន្លងមក កម្ពុជា បានដាក់បញ្ចូលមរកកវប្បធម៌ជាតិផ្នែកអរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ជាបន្តបន្ទាប់ សរុបចំនួន ៦មរតករួចមកហើយ។ “ក្រមា” គឺជាមរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជា បានដាក់បញ្ចូលដោយជោគជ័យ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារមរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចបហា បវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោល នយោបាយអាទិភាពសម្រាប់វិស័យអភិរក្ស ការពារនិងអភិវឌ្ឍមរតកវប្បធម៌ជាតិ។ យើងខ្ញុំក៏សូមថ្លែងអំណរ គុណជាអនេកចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមការងារជំនាញ អង្គការ សហគមន៍តម្បាញទូទាំងប្រទេស ដែលបានជួយជ្រោមជ្រែង កសាងឯកសារ រហូតទទួលបានជោគជ័យក្នុងការដាក់បញ្ចូល “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលជាមោទនភាពថ្មីបន្ថែមសម្រាប់ជាតិខ្មែរ ទាំងមូល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងចូលរួមអបអរសាទរឱ្យបានគ្រប់ៗគ្នា។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របសសម្តេច នៅរាត្រីថ្ងៃទី០៤ ឃែធ្នូ ឆ្នាំ២០២៤ ថា «ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទ តាមរយៈសេចក្ដីសម្រេច 19.COM 7.b.27។

ការចុះបញ្ជីនេះ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល។ នេះគឺជាការផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារនិងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយ តរៀងទៅ។

ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាល ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។

ក្នុងឱកាសនេះ សូមសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចស ហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរ ជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារនិងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ»។

ដោយឡែក សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា អបអរសាទរក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នៅថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដែលបានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជា ទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 19.COM 7.b.27។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសារលិខិតនោះថា «នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ទាំងមូល។ ការចុះបញ្ជីនេះ បានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការថែរក្សា ការពារនិងលើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយ តរៀងទៅ។

ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។

ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជា មួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានបន្តថែរក្សា ផលិតនិងប្រើប្រាស់ក្រមា ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា តាំងពីដើមរៀងមក។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមអំពាវនាវចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលជាមោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយបំផុត»។

សូមបញ្ជាក់ដែរថា កម្ពុជា ធ្លាប់បានបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨។

បើតាមលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានពន្យល់ពីអត្ថន័យនៃសរសៃក្រមា ថា ការត្បាញចូលគ្នា ម្តងមួយសរសៃៗ គឺបញ្ជាក់ពីការរួមគ្នានៅក្នុងសង្គមតែមួយ។ ការប្រទាក់ក្រឡាគ្នាពីមួយសរសៃ ទៅមួយសរសៃទៀត រហូតដល់យើងអាចប្រើប្រាស់បាននេះ មានគុណតម្លៃធំធេងណាស់នៅក្នុងអារ្យធម៌ខ្មែរ ក្នុងការផ្សារភ្ជាប់គ្នា។ លោកអះអាងថា បើតាមសិលាចារឹក ការប្រើប្រាស់ក្រមា មានតាំងពីសម័យ ២០០ឆ្នាំ មុនគ្រិស្តរាជ។ ការប្រើប្រាស់ក្រមានេះ មានក្នុងបែបបទធម្មតាផង និងសាសនាផងដែរ ដោយស្តែងឡើងតាមរយៈការពាក់លម្អក្នុងពិធីនានា និងការពាក់ពានា របស់យាយៗ ពេលទៅបុណ្យ នៅវត្តអារាមនានា៕

RELATED ARTICLES