ភ្នំពេញ ៖ ស្ពានអាកាសភ្លោះ សម្តេចហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ២៥ភាគរយហើយ គ្រោងនឹងបញ្ចប់ ស្ពានទី១ (មហាវិថីសម្តេចហ៊ុន សែន ទៅព្រលានយន្តហោះតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ ពោលគឺមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ ចំនួន ១៦ ២០០ ៥០០ដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ ១២ខែ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចហ៊ុន ម៉ាណែត សម្រេចបាន ប្រមាណ២៥ភាគរយ ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។ ស្ពាន អាកាសភ្លោះនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (ម ហាវិថីសម្តេចហ៊ុន សែន ទៅព្រលានយន្តហោះតេជោ) មុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនា ឆ្នាំ២០២៥។ ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦ ២០០ ៥០០ដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ១២ខែ។
លោកសាំ ពិសិដ្ឋ បន្តថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្តោយស្ពានសរុប ៦២២ម៉ែត្រ បណ្តោយតួស្ពាន ២៨១ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ។
-ស្ពានទី១ ៖ ផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
-ស្ពានទី២ ៖ ផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចហ៊ុន សែន។
-ទម្ងន់ផ្ទុកអនុញ្ញាត ៖ ២៥តោន កម្ពស់សុវត្ថិភាព ៥,៥០ម៉ែត្រ (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២)។
ចំពោះគន្លងចរាចរណ៍ មាន៣ គន្លង (៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២,០០ម៉ែត្រ) ទទឹងស្ពានសរុប ៩,៥០ម៉ែត្រ។ ប្រឡោះសសរ ស្ពាន៧ប្រឡោះ (ប្រវែងអតិបរមា ៤៥ម៉ែត្រ)។
-សសរគ្រឹះ ៖ គ្រឹះខួងមុខកាត់១,៥០ម៉ែត្រ មានជម្រៅអតិបរមា ៤៥ម៉ែត្រ និងអប្បបរមា៣៥ម៉ែត្រ ជើងតាងសសរស្ពាន មាន ៦ទីតាំង និងមានទំហំ ៦,២៥ម៉ែត្រ គុណ ២,៥០ម៉ែត្រ កម្ពស់២,៥០ម៉ែត្រ ទ្រដោយគ្រឹះ ២ដើម មុខកាត់ ១,៥០ម៉ែត្រ។ សសរស្ពាន ៦ទីតាំង និង មានទំហំ ១,៤០ម៉ែត្រ គុណ ២,២០ម៉ែត្រ។
-ក្បាលស្ពាន មាន២ទីតាំង ទំហំ ៩,៥០ម៉ែត្រ គុណ ៣។,៤៥ម៉ែត្រ និងមានជើងតាងទំហំ ៩,៥០ម៉ែត្រ គុណ ១,៩០ម៉ែត្រ កម្ពស់១,៥០ម៉ែត្រ ដែលទ្រដោយគ្រឹះ ៣ដើម មុខកាត់ ១,២០ម៉ែត្រ ជម្រាលបណ្តោយស្ពាន ៤,៥ ភាគរយ ជម្រាលទទឹងស្ពាន២,០ភាគរយ ល្បឿនអនុញ្ញាត៤០គីឡូម៉ែត្រក្នុងមួយម៉ោង ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥,៥០ម៉ែត្រ (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២) កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់ ០,១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១,២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ តាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹក នៅសងខាងផ្លូវ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត៩,០០ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍។
គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចហ៊ុន ម៉ាណែត បានធ្វើពិធីបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពពីសម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ក្រោយពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ កាលពីរសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤៕