ខេត្តបាត់ដំបង ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការសាសង់រូបព្រះអង្គធំ នៅលើជញ្ជាំងភ្នំសំពៅ នៅមិនទាន់រួចរាល់ ក្រោយពីរូប២ផ្ទាំងអមសងខាងព្រះអង្គធំផ្សេងទៀត ត្រូវបានសាងសង់រួចរាល់ ជាយូរមកហើយ។ ការសាងសង់ព្រះអង្គធំ ប្រើរយៈពេលច្រើនឆ្នាំនេះ ធ្វើឱ្យប្រជាពលរដ្ឋ និងមហាជន តែងតែរិះគន់លើអាជ្ញាធរខេត្ត ជាហូរហែផងដែរ។
បើតាមប្រភពពីក្រុមជាង បានឱ្យដឹងថា ការសាងសង់យឺត គឺមកពីខ្វះថវិកា ទើបចេះតែធ្វើឱ្យដំណើរការសាង សង់យឺត ខណៈថ្លៃជាងក៏នៅជំពាក់ ដែលទាំងនេះធ្វើឱ្យជាងជំនាញ អស់ទឹកចិត្ត និងផ្អាកសកម្មភាពជាញឹក ញាប់ ។
ប្រភពដដែល បន្តថា កន្លងមក អាជ្ញាធរធ្លាប់យកជាងថ្មីមកសាងសង់ជំនួសដែរ តែជាងនោះថាខ្លួនធ្វើមិនកើត ទេ (ខ្វះជំនាញ)។ ដោយសាតែកត្តានេះ ទើបតំណាងសប្បុរស បាននិមន្តព្រះអង្គព្រះនាម អ៊ីវ យក់សឺន ជួយជ្រោមជ្រែងបន្តការសាងសង់ព្រះអង្គធំ ហើយព្រះអង្គបានរៃអង្គាសថវិកាពីសប្បុរសជន តាមសទ្ធាជ្រះថ្លា ដើម្បីសាងសង់បញ្ចប់ តែត្រូវបានរាំងស្ទះពីអភិបាលរងខេត្តម្នាក់ ដោយបញ្ឃប់ការរៃអង្កាសប្រាក់បន្តទៀត ហើយឱ្យលោកនិមន្តចេញពីការរដ្ឋានសាងសង់។
បើតាមថេដីការរបស់ព្រះសង្ឃ អ៊ីវ យក់សឺន មានឲ្យដឹងថា “អភិបាលរងខេត្តបាត់ដំបង បង្កបញ្ហារករឿងមិនចេះចប់មិនចេះហើយ នៅការដ្ឋានចម្លាក់ព្រះអង្គធំ ជើងភ្នំសំពៅ បញ្ឈប់ជាងបណ្តេញព្រះសង្ឃ ដែលលោកទទួល បន្ទុកមើលការខុសត្រូវនៅទីនោះ ម្តងហើយម្តងទៀត ចម្លាក់ព្រះអង្គធំ ភ្នំសំពៅ ជិតរួចជាស្ថាពរហើយ តែបែរជាអភិបាលរងខេត្តបាត់ដំបង មកបញ្ឈប់ជាង មិនឱ្យឆ្លាក់បន្ត និងប្រជុំបណ្តេញព្រះសង្ឃ មិនឱ្យគង់នៅទីនោះ ហើយចង់ដណ្តើមយកមកធ្វើខ្លួនឯងវិញ”។
ប៉ុន្តែ ព្រះអង្គបន្តថា ការចម្រូងចម្រាសនេះ ក្រោយការប្រជុំចប់ នៅសាលាស្រុកបាណន់ កាលពីវេលាម៉ោង២រ សៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដែលមានលោកឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោកស្រេង សុខា អភិបាលស្រុកបាណន់ រួមនិងលោកមេឃុំភ្នំសំពៅ ព្រមទាំងសប្បុរសជន និងព្រះសង្ឃផង បានសម្រប សម្រួលគ្នា ដោយខាងសប្បុរសជន ប្រគល់ឱ្យអាជ្ញាធរខេត្ត ជាអ្នកបន្តការសាងសង់ ហើយអាជ្ញាធរខេត្ត ក៏សម្រេចឱ្យព្រះអង្គជួយជ្រោមជ្រែងដដែល ហើយថ្លៃជំពាក់ជាង ព្រះអង្គក៏បានសងចំនួន២ម៉ឺនដុល្លារហើយដែរ។
ព្រះអង្គ បញ្ជាក់ក្នុងអង្គប្រជុំថា ទីតាំងឬដីដែលបានសាងសង់បូជនីយដ្ឋាន ទល់មុខព្រះអង្គធំជើងភ្នំសំពៅ គឺជាទីតាំងដីដែលសប្បុរសជនដោះស្រាយសំណងគោលនយោបាយរួចហើយនោះ ទុកសម្រាប់ជូនអាជ្ញាធរ ឃុំ ស្រុក ខេត្ត ដើម្បីបម្រើនិងអភិវឌ្ឍន៍ជូនជាតិ សាសនា មិនសម្រាប់បម្រើដល់បុគ្គលណាម្នាក់នោះទេ។ ភិក្ខុអ៊ីវ យក់សឺន បន្តថា ការបន្តការសាងសង់ព្រះអង្គធំនេះ នឹងរួចរាល់ក្នុងរយៈពេល ៣ខែទៀត គឺមុនចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ហើយនៅថ្ងៃទី០៧ ខែធ្នូ ក៏មានប្រារឰពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីផងដែរ ដើម្បីអង្គាសបច្ច័យ សាងសង់ព្រះអង្គធំ ឱ្យរួចរាល់។ ពិធីបុណ្យនេះ បានផ្តើមឡើងដោយសម្តេច ស ខេង រួមនិងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានឯកភាពជាគោលការណ៍លើសំ ណើសុំអនុញ្ញាតសាងសង់បន្តព្រះពុទ្ធរូប និងពុទ្ធប្រវត្តិ ដោយឆ្លាក់លើជញ្ជាំងថ្មភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោកតាំង ម៉េងហ៊ុន លោកស្រីឧកញ៉ា ឌី ប្រឹម និងលោកសំតាំង ហន ។ ក្នុងនោះរដ្ឋបាលខេត្ត បានបញ្ជាក់ថា ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសម្របសម្រួលដោះស្រាយផលប៉ះពាល់នានា ជាយថាហេតុ ដែលកើតចេញពីការអនុវត្តគម្រោងនេះ៕